ក្រុមយុវជនជាង១០នាក់ នៅថ្ងៃចន្ទនេះ បានប្រមូលផ្ដុំគ្នាដាក់ញត្តិនៅក្រសួងអប់រំ យុវជន និងកីឡា ដោយស្នើរដ្ឋមន្ត្រីក្រសួងមួយនេះលុបចោលការបង្កើតអាគារសិក្សាភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយពួកគេលើកហេតុផលថា កុំឱ្យប៉ះពាល់ដល់ឧត្ដមប្រយោជន៍កម្ពុជា។
តំណាងយុវជន លោក អន រតនា ដែលអះអាងថាធ្វើដំណើរមកពីខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយដាក់ញត្តិថា ដើមចមដែលនាំឱ្យពួកគេដាក់ញត្តិនៅក្រសួងអប់រំនេះ ដោយសារតែពួកគេកើតទុក្ខមិនសុខចិត្តលើគម្រោងបង្កើតអាគារសិក្សាភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញរបស់ក្រសួងអប់រំ។ យុវជនរូបនោះបានស្នើដល់រដ្ឋមន្ត្រីក្រសួងអប់រំបញ្ឈប់គម្រោងនេះ ដោយលើកហេតុផលថា ការបង្កើតអាគារសិក្សាភាសាវៀតណាមនៅកម្ពុជានឹងធ្វើឱ្យប៉ះពាល់ដល់ឧត្ដមប្រយោជន៍របស់ជាតិ ដោយសារតាមប្រវត្តិសាស្ត្រ វៀតណាមតែងតែមានមហិច្ឆតាឈ្លានពានកម្ពុជា។
លោកថា៖ «ព្រោះរឿងកន្លងមក ទឹកដីភ្នំពេញដែលយើងបែកធ្លាយព័ត៌មានជាច្រើននៅតាមបណ្ដាញសង្គមផ្សព្វផ្សាយ ក៏យើងឃើញថា ទាំងអភិបាលក្រុង ទាំងមន្ត្រីក្របខណ្ឌទាំងអស់ គាត់បានជួយសម្របសម្រួលទៅតាមការស្នើសុំរបស់ភាគីវៀតណាម ឱ្យជនជាតិវៀតណាម គឺជនអន្តោប្រវេសន៍ខុសច្បាប់ ឱ្យគាត់រស់នៅដោយស្របច្បាប់ នេះជាការស្នើសុំរបស់ភាគីវៀតណាម។ ដោយឡែកចំណុចនេះផងដែរ ខ្ញុំចង់និយាយថាចំណុចនេះហើយដែលខ្ញុំមិនអាចទទួលយកភាសាវៀតណាមនៅកម្ពុជាបាន»។
យុវជនម្នាក់ទៀតមកពីខេត្តសៀមរាប លោក ថេល ធីលែន បានលើកឡើងដែរថា ក្រុមយុវជនដែលនឹងមកជួបជុំគ្នាយកញត្តិដាក់នៅក្រសួងអប់រំ យុវជន និងកីឡា មកពីបណ្ដា២៥រាជធានី/ខេត្ត ប៉ុន្តែលោកមិនអាចកំណត់ចំនួនជាក់លាក់ថាមានអ្នកចូលរួមទាំងអស់ប៉ុន្មាននាក់នោះទេ ព្រោះអ្នកដែលគាំទ្រចេះតែនាំគ្នាគាំទ្រនិងមកចូលរួមដាក់ញត្តិជាហូរហែ។ លោកបន្តថា នៅព្រឹកមិញនេះ មន្ត្រីក្រសួងអប់រំបានទទួលយកញត្តិពីពួកគាត់ ហើយសន្យាថានឹងបញ្ជូនញត្តិនេះទៅថ្នាក់ដឹកនាំ ដើម្បីពិនិត្យនិងសម្រេច។
តែយ៉ាងណា យុវជនរូបនោះព្រមានថា បើរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន មិនធ្វើតាមសំណើរបស់ពួកគាត់ទេ នោះពួកគាត់នឹងបន្តការតវ៉ាទ្រង់ទ្រាយធំ ដើម្បីទាមទារឱ្យមានដំណោះស្រាយ។
លោកថា៖ «បើសិនជាខាងក្រសួងបដិសេធ យើងនឹងដាក់សម្ពាធស្របតាមផ្លូវច្បាប់ អាចឈានទៅដល់ការប្រមូលផ្ដុំតវ៉ា ឬបង្កើតជាបាតុកម្មអហិង្សា ព្រោះចលនារបស់យើងអត់បានប្រឆាំងជាមួយរាជរដ្ឋាភិបាល ឬប្រកាន់និន្នាការនយោបាយណាទេ គឺធ្វើដើម្បីប្រយោជន៍របស់ជាតិ។ យើងកំពុងតែដោះស្រាយបញ្ហារបស់ជាតិ ដើម្បីកុំឱ្យមានការហូរចូលពីវប្បធម៌បរទេស ជាពិសេសជាតិសាសន៍ដែលមានគោលបំណង និងមហិច្ឆតាមកលើកម្ពុជា តាំងពីបុរាណកាលរហូតមកដល់ពេលបច្ចុប្បន្ននេះ»។
ក្នុងខ្លឹមសារញត្តិដែលដាក់ទៅក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ថា វៀតណាមជាប្រជាជាតិមួយដែលកម្ពុជាគួរតែមានការប្រុងប្រយ័ត្នចំពោះចំណងមិត្តភាព និងទំនាក់ទំនងផ្សេងៗ ដោយសារតាមប្រវត្តិសាស្ត្រតាំងពីបុរាណកាលមកដល់បច្ចុប្បន្ននេះ វៀតណាមមិនដែលបោះបង់មហិច្ឆតាឈ្លានពានកម្ពុជានោះឡើយ ជាក់ស្តែងការបាត់បង់ធនធាន និងទឹកដីទ្រព្យសម្បតិ្តជាតិជាច្រើន ដូចជា ទឹកដីកម្ពុជាក្រោម និងកោះត្រល់ ជាដើម។
ខ្លឹមសារក្នុងញត្តិដដែលនោះ ឱ្យដឹងទៀតថា ភាសាវៀតណាមមិនមែនជាតម្រូវការចាំបាច់ និងផ្ដល់អត្ថប្រយោជន៍ខ្លាំងនោះទេ បើធៀបនឹងអាគារសិក្សាភាសានានា។ ផ្ទុយទៅវិញ វាអាចផ្តល់ជាហានិភ័យខ្ពស់ចំពោះការជ្រៀតចូលរបស់ភាសាវៀតណាមនៅគ្រឹះស្ថានស្ថាប័ន ហើយការបង្កើតនេះគ្រាន់តែដើម្បីបំពេញតម្រូវការរបស់ភាគីវៀតណាមប៉ុណ្ណោះ។ ញត្តិដដែលបន្ថែមថា ការបង្កើតថ្នាក់ភាសាវៀតណាមនៅកម្ពុជានេះ ក៏គ្មានតុល្យភាព និងសមរម្យចំពោះកិច្ចការងារការទូត ព្រោះភាគីវៀតណាមមិនបានផ្តល់សិទ្ធិពេញលេញដល់ការសិក្សាភាសាខ្មែរនៅប្រទេសវៀតណាមឡើយ ជាពិសេសប្រជាពលរដ្ឋខ្មែរដែលរស់នៅលើទឹកដីកម្ពុជាក្រោម គ្មានសិទ្ធិទទួលបានការសិក្សាអក្សរ និងភាសាខ្មែរស្របច្បាប់។
ញត្តិនោះបន្តទៀតថា ការបង្កើតអាគារសិក្សាភាសាវៀតណាមនេះអាចជាហានិភ័យនៃការឈានទៅរកការគ្រប់គ្រងដោយមនោគមវិជ្ជា និងចិត្តសាស្ត្រដោយប្រយោលមកលើកម្ពុជា បន្ទាប់ពីក្រុមយុវជនទាំងនោះសង្កេតឃើញទំនាក់ទំនងមិនប្រក្រតីមួយចំនួន ដូចជា ការផ្តល់ដី៤០ហិកតាដល់ជនជាតិវៀតណាមសង់លំនៅដ្ឋាន ស្របពេលដែលពលរដ្ឋកម្ពុជាជាម្ចាស់ស្រុកកំពុងរងវិបត្តិជម្លោះដីធ្លីច្រើនជាង៤០ ០០០ករណី និងការផ្តល់ដីតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្រោមរូបភាពសម្បទាន និងបង្កើតជាតំបន់ត្រីកោណអភិវឌ្ឍន៍ (ឡាវ-កម្ពុជា-វៀតណាម) ដោយភាគីវៀតណាមជាអ្នកគ្រប់គ្រង និងទទួលបានផលប្រយោជន៍។
នៅម៉ោង២រសៀលថ្ងៃដដែលនេះ ក្រុមយុវជននឹងបន្តយកញត្តិទៅដាក់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបន្ថែមទៀត ដើម្បីស្នើដល់សាកលវិទ្យាធិការ បញ្ឈប់ការបង្កើតអាគារសិក្សាភាសាវៀតណាមនោះផងដែរ។
ប្រធានការិយាល័យរដ្ឋបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក សំ សំអុល បានចេញមកប្រាប់ក្រុមយុវជនទាំងនោះថា៖ «ឥលូវក្រសួងគាត់ទទួលញត្តិហើយព្រឹកមិញ។ អ៊ីចឹងខ្ញុំចាំលិខិតចារពីក្រសួងមកវិញ ព្រោះនៅតាមសាលាអត់ធ្វើនយោបាយប៉ះពាល់អ្វីទាំងអស់ ហើយសាលាអត់មានត្រូវការទទួកយកញត្តិអ្វីទេ […] ហើយសាលាជាទូទៅ អត់ដែលទទួលយកញត្តិអ្វីទាំងអស់។ បើដាក់ក្រសួងហើយ ក្រសួងជាអាណាព្យាបាល។ អ៊ីចឹងបើដាក់ក្រសួងហើយ ក្រសួងចារទម្លាក់មកឱ្យខាងខ្ញុំ ហើយខាងខ្ញុំដោះស្រាយតាមហ្នឹង»។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា សុំមិនធ្វើការបកស្រាយជុំវិញបញ្ហានេះទេ។
តែយ៉ាងណា កាលពីថ្ងៃទី១៧ ខែសីហានេះ លោក រស់ សុវាចា ធ្លាប់មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ថាការបញ្ចូលកម្មវិធីសិក្សាភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ គឺគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអប់រំរវាងប្រទេសជាមិត្ត តាមរយៈការលើកកម្ពស់ការរៀននិងបង្រៀននៅកម្រិតឧត្ដមសិក្សា និងទិដ្ឋភាពពាក់ព័ន្ធនានា។ លោកបញ្ជាក់ទៀតថា កម្ពុជានិងវៀតណាមបានធ្វើកិច្ចសហប្រតិបត្តិការពង្រឹងលើវិស័យអប់រំកម្រិតឧត្តមសិក្សា ក៏ដូចជាកិច្ចសហប្រតិបត្តិការដែលក្រសួងអប់រំបានធ្វើជាមួយបណ្ដាប្រទេសជាមិត្តផ្សេងទៀតផងដែរ។
លោកថា៖ «គោលបំណងនៃកិច្ចសហប្រតិបត្តិការនេះ គឺដូចខ្ញុំជម្រាបជូនអ៊ីចឹង គឺថាដើម្បីបន្តពង្រឹងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវិស័យអប់រំឧត្ដមសិក្សានៅប្រទេសកម្ពុជា និងវៀតណាម ដែលទាក់ទងទៅនឹងកិច្ចព្រមព្រៀងមានតាំងពីឆ្នាំ២០០១ ដល់ឆ្នាំ២០២៥ គឺជាកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា-វៀតណាម វិស័យអប់រំឧត្តមសិក្សាដែលមានជាធរមាន»។
មេដឹកនាំសហជីព និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ជំរុញទៅក្រសួងអប់រំ យុវជន និងកីឡា ត្រូវយកសំណើរបស់ក្រុមយុវជនទាំងនោះទៅពិនិត្យនិងដោះស្រាយ រួចផ្តល់ព័ត៌មានទៅកាន់យុវជនវិញ ដើម្បីកុំឱ្យពួកគាត់ព្រួយបារម្ភពីបញ្ហាប្រឈមទៅថ្ងៃអនាគតជុំវិញគម្រោងបង្កើតអាគារសម្រាប់សិក្សាភាសាវៀតណាមនេះ។
លោកថា៖ «ក្រសួងអប់រំ និងសាកលវិទ្យាល័យ ត្រូវតែបំភ្លឺឱ្យបានច្បាស់លាស់ថាតើការបើក[អាគារសិក្សាភាសាវៀតណាម] វាបែបម៉េច! ការមិនបើកវាបែបម៉េច! ត្រូវបំភ្លឺឱ្យគាត់យល់ ពីព្រោះយើងដឹងហើយ យួនមិនមានអ្វីស្មោះត្រង់ជាមួយកម្ពុជាយើងទេ អ៊ីចឹងហើយបានធ្វើឱ្យយុវជនយើងសម្តែងការព្រួយបារម្ភ ហើយការសម្តែងការព្រួយបារម្ភជាការត្រឹមត្រូវ»៕