មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ លោក កឹម សុខា រងការព្រមានពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ឱ្យប្រយ័ត្នសម្ដី ស្របពេលដែលតុលាការបានបន្តនីតិវិធីនៃការដេញដោលជាថ្មីទៀតលើអង្គហេតុប្រទូសរ៉ាយ នៅក្នុងសំណុំរឿង «សន្ទិដ្ឋិភាព ឬត្រូវរ៉ូវជាមួយរដ្ឋបរទេសដោយសម្ងាត់ ចង់ផ្ដួលរំលំរដ្ឋាភិបាល»។
ការព្រមានរបស់លោក ប្លង់ សុផល ដែលជាព្រះរាជអាជ្ញារងនៃអយ្យការអមតុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ ធ្វើឡើងក្នុងពេលដែលតុលាការបានបន្តនីតិវិធីនៃការសួរដេញដោលទៅលើជនជាប់ចោទ លោក កឹម សុខា ជាថ្មីទៀត។
លោក ប្លង់ សុផល បានព្រមានថា សូមឱ្យមេធាវី លោក ចាន់ ចេន ត្រូវប្រយ័ត្នសម្ដី ដែលចោទប្រកាន់ថា “អាងតែព្រះរាជអាជ្ញាមានសិទ្ធិអំណាច ចេះតែចោទប្រកាន់និងធ្វើបាបប្រជាពលរដ្ឋ”។
ថ្លែងនៅចំពោះមុខអង្គសវនាការ តំណាងអយ្យការរូបនេះបន្តថា តុលាការមិនមែនចេះតែចោទប្រកាន់ដោយគ្មានមូលដ្ឋានទេ ហើយកិច្ចការដែលតុលាការអនុវត្ត គឺផ្អែកតាមនីតិវិធី និងបទដ្ឋានគតិយុត្ត ដោយមិនលម្អៀងឡើយ។
ប្រតិកម្មរបស់តំណាងអយ្យការរូបនេះ នៅបន្ទាប់ពីសហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទលោក កឹម សុខា គឺលោក ចាន់ ចេន កត់សម្គាល់នៅនាទីចុងក្រោយនៃសវនាការថា “អាងតែព្រះរាជអាជ្ញាមានសិទ្ធិអំណាច និងពាក់អាវពណ៌ក្រហម ចេះតែចោទប្រកាន់កូនក្ដីរបស់ខ្លួនដែលជាពលរដ្ឋស្លូតត្រង់”។
ម្យ៉ាងវិញទៀត លោកមេធាវី ចាន់ ចេន បញ្ជាក់បន្ថែមថា ប្រហែលជាតំណាងអយ្យការ លោក ប្លង់ សុផល ស្តាប់អ្វីដែលលោកកត់សម្គាល់មិនច្បាស់ ទើបចេញមកប្រតិកម្មខុសន័យនិងខ្លឹមសារដើមដែលលោកលើកឡើងបែបនេះ។
ចំណែកព្រះរាជអាជ្ញារង លោក ប្លង់ សុផល ប្រតិកម្មដោយសម្ដីធ្ងន់ៗថា “ហេតុអីបានលោកមេធាវីត្រូវលើកឡើងពីរឿងពាក់អាវពណ៌ខ្មៅ ពណ៌ក្រហមបែបនេះ?”។ លោកបន្តថា អាវពណ៌ក្រហមនេះ គឺជាតំណាងឱ្យយុត្តិធម៌ មិនមែនចេះតែពាក់នោះទេ ហើយអាវនេះគឺត្រូវមានបញ្ញត្តិនៅក្នុងច្បាប់ និងមានព្រះរាជក្រឹត្យផង។
វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះពីលោកមេធាវី ចាន់ ចេន បានទេ នៅថ្ងៃពុធនេះ។
យ៉ាងនេះក្តី សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា ម្នាក់ទៀត គឺលោកមេធាវី ផែង ហេង មានប្រសាសន៍ថា បើគិតពីការបារម្ភ គឺមេធាវីមិនអាចការពារសិទ្ធិសម្រាប់កូនក្តីបានទេ ព្រោះនីតិបុគ្គលដែលបម្រើការនៅក្នុងស្ថាប័នតុលាការ មិនមែនមានសិទ្ធិអំណាចត្រឹមតែអាចកសាងសំណុំរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីធំជាងនេះបន្ថែមទៀតក៏មានដែរ។
លោកបន្តថា៖ «សព្វថ្ងៃនេះ បើយើងនិយាយពីខ្លាចនិងញញើត យើងអត់ទៅការពារក្តីបានទេ ព្រោះយើងដឹងថា ភាគីម្ខាងទៀតមិនមែនត្រឹមតែព្រះរាជអាជ្ញាទេ។ អ៊ីចឹងហើយ ក្នុងស្មារតីយើងចង់វែកញែករកយុត្តិធម៌ដឹងខុសត្រូវតែប៉ុណ្ណឹងទេ បានយើងខំប្រឹងតតាំង។ បើនិយាយពីភ័យពីខ្លាចនោះ បើគ្រាន់តែឮសម្ដីរបស់ព្រះរាជអាជ្ញានោះ ក៏យើងភ័យដែរ។ មានមេធាវីខ្លះអត់ទាំងហ៊ានមកផង»។
សម្រាប់សវនាការលើកទី៤៩ នៅថ្ងៃពុធនេះ តុលាការបានព្យាយាមលើកយកសកម្មភាពរបស់លោក កឹម សុខា តាមរយៈការចាក់ឃ្លីបវីដេអូកាលពីចុងខែធ្នូ ឆ្នាំ២០១៣ មកសួរនាំជនជាប់ចោទបន្តទៀត។ គេសង្កេតឃើញថា នៅក្នុងអង្គសវនាការលើកនេះ ក្នុងពេលចាប់ផ្តើមដំបូងទី មិនសូវមានភាពតានតឹងកើតឡើងទេ ក្នុងពេលដែលសហមេធាវីការពារសិទ្ធិឱ្យដើមបណ្តឹងរបស់រដ្ឋាភិបាល លោក លី ចន្ទតុលា តាំងសំណួរ។ ក្នុងនាមជាប្រធានគណៈមេធាវី និងជាមេធាវីរបស់រដ្ឋាភិបាលផង លោក លី ចន្ទតុលា បានសួរសំណួរជាច្រើនអំពីសកម្មភាពនៃការធ្វើមហាបាតុកម្មកាលពីចុងឆ្នាំ២០១៣។
ជាបន្តបន្ទាប់ លោក កឹម សុខា បានព្យាយាមឆ្លើយរាល់ការតាំងសំណួរ ហើយជនជាប់ចោទរូបនេះបានជម្រាបអង្គជំនុំជម្រះថា មហាបាតុកម្មកាលណោះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីទាមទារឱ្យបង្កើតគណៈកម្មការឯករាជ្យ ដើម្បីស៊ើបអង្កេតទៅលើលទ្ធផលឆ្នោត។
បើទោះជាសំណួរខ្លះស្តាប់ទៅហាក់ច្រំដែល និងសាចុះសាឡើង ប៉ុន្តែនៅក្នុងបន្ទប់ជំនុំជម្រះហាក់មិនមានភាពតានតឹងទេ ផ្ទុយទៅវិញ ហាក់ផ្តល់ឱកាសច្រើនសម្រាប់លោក កឹម សុខា បានដោះបន្ទុក។ មានសំណួរខ្លះត្រូវបានអ្នកសង្កេតការណ៍នៅក្នុងអង្គសវនាការយល់ឃើញថា ហាក់ដូចមិនទៅមុខ ដោយសហមេធាវីរូបនេះព្យាយាមសួរនាំថា ហេតុអីបានត្រូវហែបាតុកម្មទៅទីតាំងផ្សេង? ហេតុអីបានត្រឹមលើកឡើងពីប្រាក់ខែកម្មករ? បើការធ្វើបាតុកម្មនោះធ្វើឡើងដើម្បីទាមទារឱ្យបង្កើតគណៈកម្មការឯករាជ្យជាដើមនោះ។
ជាការឆ្លើយតបចំពោះបញ្ហានេះ លោក កឹម សុខា បញ្ជាក់ថា ជាធម្មតា មេដឹកនាំនយោបាយ មិនដែលនិយាយតែចំពោះបាតុកម្មមួយមុខនោះទេ មិនថាតែលោកទេ មានមេដឹកនាំផ្សេងទៀត បើសម្ពោធស្ពានឬសាលារៀនហើយ គេកម្រផ្តោតទៅលើប្រធានបទតែមួយណាស់ ព្រោះនេះគឺជាវោហារសាស្រ្តរបស់អ្នកនយោបាយ។ លោកបន្តថា អ្វីដែលលោកលើកឡើងអំពីប្រាក់ខែនេះ ព្រោះវាមាននៅក្នុងកម្មវិធីនយោបាយរបស់គណបក្សសង្រ្គោះជាតិ ហើយមួយវិញទៀត ក្នុងនាមតំណាងរាស្រ្ត លោកមានសិទ្ធិគ្រប់គ្រាន់ក្នុងការជួបពលរដ្ឋ ដូចមានបញ្ញត្តិនៅក្នុងច្បាប់។
បើទោះជាយ៉ាងណា គេកត់សម្គាល់ឃើញថា លើកនេះ ភាពតានតឹងនៅក្នុងបន្ទប់ជំនុំជម្រះ បានផ្ទុះឡើងជិតនឹងបញ្ចប់សវនាការទៅហើយ។ ដល់វេនព្រះរាជអាជ្ញារង លោក ប្លង់ សុផល តាំងសំណួរដើម្បីបញ្ជាក់ឱ្យលោក កឹម សុខា ឆ្លើយ ប៉ុន្តែអ្នកនយោបាយចាស់វស្សារូបនេះបានត្រឹមឆ្លើយតបទៅវិញថា លោកបានឆ្លើយរួចហើយ និងពេលខ្លះលោកមិនបានដឹងជាដើម។
ការព្យាយាមសួរបញ្ជាក់នេះ ត្រូវបានសហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា ឡើងប្រតិកម្មជាបន្តបន្ទាប់ ដោយពួកគេចាត់ទុកថា ការតាំងសំណួរនេះ គឺជាការដាក់បន្ទុក ហើយប្រាសចាកពីអង្គហេតុឆ្ងាយពេក។
សម្រាប់នាយកចាត់ការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បង្ហាញការភ្ញាក់ផ្អើលនៅពេលដឹងថា សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ លោក កឹម សុខា ត្រូវរងការព្រមានក្នុងដំណាក់កាលនៃការសួរដេញដោលលើអង្គសេចក្តី។ លោកបន្តថា ការអនុវត្តដូច្នេះមើលទៅហាក់ដូចជាមានភាពឆ្គាំឆ្គង ដែលនាំឱ្យមានការរិះគន់ពីការបំពេញនីតិវិធីមិនមានតម្លាភាព។
លោកបន្តថា៖ «ខ្ញុំមើលទៅ រឿងហ្នឹង វាគឺជារឿងមួយប្រហែលសាធារណជនដែលគេស្តាប់នៅក្នុងហ្នឹង វាជារឿងមួយដែលមិនសូវជាល្អ ពីព្រោះសវនាការជាកន្លែងមួយដែលមេធាវី បើមិនចូលរួមជជែកដេញដោល និងលើកអំណះអំណាងនៅក្នុងសវនាការហ្នឹងទេ តើគាត់មានពេលឯណានឹងទៅលើកទៀត »។
ជុំវិញបញ្ហានេះ កាលពីដើមខែកក្កដាកន្លងទៅ សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ គឺលោកមេធាវី ផែង ហេង បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដោយរៀបរាប់ពីទុក្ខលំបាក និងការប្រឈមនានា អំពីការចូលខ្លួនការពារក្តី សម្រាប់សំណុំរឿងព្រហ្មទណ្ឌមួយនេះ។
បើតាមមេធាវីរូបនេះ ពួកគេបានប្រើបច្ចេកទេសការពារក្តីក្នុងសវនាការ ដែលអ្នកខ្លះមិនហ៊ានការពារផង។ លោកបន្ថែមថា ប្រសិនបើអ្នកដែលចូលរួមស្តាប់នៅក្នុងបន្ទប់សវនាការ ប្រហែលជាអាចព្រឺក្បាលជំនួសសហមេធាវី ដែលតតាំងក្តីជាមួយភាគីអយ្យការ និងមេធាវីដើមបណ្តឹងរដ្ឋប្បវេណី ដែលសុទ្ធតែជាអ្នកមានឋានៈនិងវិជ្ជាជីវៈ។ សម្រាប់នីតិវិធីនៃការដេញដោលអំពីបទចោទនេះ តុលាការនឹងបន្តសវនាការនៅថ្ងៃពុធ ទី២៧ ខែកក្កដា ជាថ្មីទៀត៕