សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ស្នើតុលាការបង្ហាញអត្តសញ្ញាណបុគ្គលឬប្រទេស ដែលពាក់ព័ន្ធក្នុងបទចោទ «សន្ទិដ្ឋិភាពត្រូវរ៉ូវជាមួយរដ្ឋបរទេស» ឬ «រួមគំនិតក្បត់ចង់ផ្ដួលរំលំរដ្ឋាភិបាល» នៅក្នុងសំណុំរឿងកូនក្តីរបស់ខ្លួន។
សវនាការលើសំណុំរឿងលោក កឹម សុខា នៅជុំទី៤០ នាព្រឹកថ្ងៃពុធម្សិលមិញនេះ ដល់វេនសហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា តាំងសំណួរទៅជនជាប់ចោទដែលជាកូនក្ដីរបស់ខ្លួនវិញម្ដង ដើម្បីដោះបន្ទុក ក្រោយពីសវនាការនេះបានប្រើពេលជំនុំជម្រះអស់ប្រមាណ២ឆ្នាំកន្លងមក។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ លោក ផែង ហេង សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ បញ្ជាក់ថា ការជំនុំជម្រះពេញមួយព្រឹកថ្ងៃពុធម្សិលមិញនេះ គឺភាគីចុងចោទព្យាយាមស្នើឱ្យតំណាងអយ្យការ និងមេធាវីដើមចោទដែលតំណាងដោយរដ្ឋាភិបាល បង្ហាញពីអង្គហេតុឱ្យច្បាស់ថាតើត្រូវរ៉ូវជាមួយរដ្ឋបរទេសនោះមានប្រទេសណាខ្លះ។
លើសពីនេះទៅទៀត លោកមេធាវី ផែង ហេង បន្តថា បើការចោទប្រកាន់ទៅលើលោក កឹម សុខា ដោយផ្អែកតែទៅលើឃ្លីបវីដេអូត្រឹម៣នាទីជាង ហើយយកមកដាក់បន្ទុកប្រឆាំងកូនក្តីរបស់ខ្លួននេះ គឺជារឿងមិនសមហេតុផល និងអយុត្តិធម៌។
លោកបន្តថា៖ «ដោយសារតែសុន្ទរកថា ឬក៏ពិធីសំណេះសំណាលរបស់គាត់ធ្វើរយៈពេលជាង១ម៉ោងបកស្រាយសំណួររបស់អ្នកចូលរួមកាលណោះ ហើយត្រូវបានយកវីដេអូជាង១ម៉ោងនោះយកមកកាត់ច្បិចចំណុចណាឬខ្លឹមសារដែលគេចង់បាន ហើយធ្វើការចោទប្រកាន់ ដូចជាពាក្យថាផ្ដាច់ការអី គេលុបចោល រួចហើយរំលងបួនប្រាំទំព័រអ៊ីចឹង ហើយបានមកតមួយបន្ទាត់ពីរបន្ទាត់ទៀតទៅ»។
ត្រលប់ទៅកាន់បន្ទប់សវនាការឯណោះវិញ នៅថ្ងៃនេះ គឺជាភារៈរបស់សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទជាអ្នកតាំងសំណួរវិញម្តង។
លោកស្រី ម៉េង សុភារី សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា បានតាំងសំណួរទៅកាន់កូនក្ដីរបស់ខ្លួន ដោយផ្ដើមថា តើការចូលរួមបោះឆ្នោតកន្លងមករបស់លោកធ្វើគ្រាន់តែជាលេស ឬគ្រាន់តែជាឈ្នាន់ ដើម្បីធ្វើបដិវត្តន៍ពណ៌ចង់ផ្ដួលរំលំរដ្ឋាភិបាលដូចការចោទប្រកាន់របស់តំណាងអយ្យការ និងមេធាវីដើមចោទពីខាងរដ្ឋាភិបាលមែនដែរ ឬយ៉ាងណា?
មិនបង្អង់យូរ លោក កឹម សុខា ដែលកំពុងឈរនៅក្នុងរង្វង់ក្រចកសេះ បានតបទៅវិញថា ចាប់តាំងពីចូលធ្វើនយោបាយតាំងពីឆ្នាំ១៩៩៣ បើទោះជាបក្សនយោបាយដែលលោកចូលបម្រើនោះមិនបានទទួលអាសនៈនៅក្នុងរដ្ឋសភា រហូតដល់លោកបានបង្កើតគណបក្សសិទ្ធិមនុស្ស និងក្រោយមកទៀត គណបក្សមួយនេះបានរួមគ្នាជាមួយលោក សម រង្ស៊ី បង្កើតបានជាគណបក្សសង្រ្គោះជាតិ គឺគ្មានហេតុផលណាមួយដែលចង់ផ្ដួលរំលំរដ្ឋាភិបាលម្តងណាទេ។
ផ្ទុយទៅវិញ លោកថា មានតែបង្រៀនឱ្យពលរដ្ឋយល់ដឹងពីសិទ្ធិ និងចេះប្រើប្រាស់សិទ្ធិដែលមានចែងនៅក្នុងច្បាប់ ផ្លាស់ប្ដូររដ្ឋាភិបាលតាមរយៈការបោះឆ្នោតប៉ុណ្ណោះ។
ស្របពេលលោក កឹម សុខា កំពុងបកស្រាយអំពីខ្លឹមសារដោះបន្ទុក ជនជាប់ចោទរូបនេះក៏បានស្នើឱ្យតុលាការចាក់ខ្សែអាត់សំឡេង និងឃ្លីបវីដេអូ ដែលលោកបាននិយាយកាលពីខែកក្កដា ឆ្នាំ២០១២។ តាមរយៈខ្សែអាត់និងឃ្លីបវីដេអូនេះ គឺលោកបញ្ជាក់ជំហរចង់ឱ្យមានការផ្លាស់ប្តូរតាមរយៈការបោះឆ្នោត។
នៅក្នុងអង្គសវនាការ គេសង្កេតឃើញថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ បានកាត់លោកស្រី ម៉េង សុភារី ភ្លាមៗ ក្នុងពេលដែលលោកស្រីព្យាយាមតាំងសំណួរមួយថ្មីទៀតទៅកាន់លោក កឹម សុខា។
ប្រធានក្រុមប្រឹក្សាសម្អាងហេតុថា សំណួរដែលមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទសួរនេះ គឺតុលាការបានសួររួចហើយ ហេតុដូច្នេះ សហមេធាវីការពារសិទ្ធិឱ្យចោទជាប់ចោទគួរបន្តទៅអង្គហេតុថ្មីមួយទៀត ដើម្បីកុំឱ្យខាតពេលវេលា។ ប៉ុន្តែបញ្ហានេះត្រូវបានលោកស្រី ម៉េង សុភារី ជំទាស់ ដោយចាត់ទុកថា ការដែលខ្លួនតាំងសំណួរនេះឡើង គឺដើម្បីចង់ស្វែងរកការពិត ដើម្បីផ្តល់យុត្តិធម៌សម្រាប់កូនក្តីរបស់ខ្លួន។
មកដល់ដំណាក់កាលនេះ លោកស្រី ម៉េង សុភារី បានតាំងសំណួរទី២ ដោយលើកឡើងថា តើវីដេអូឃ្លីបដែលតុលាការយកមកចោទប្រកាន់លោក កឹម សុខា នេះ បានឆ្លុះបញ្ចាំងពីការពិតដែរឬទេ?។
ភ្លាមៗនោះ លោក ប្លង់ សុផល តំណាងអយ្យការ បានឡើងការពារ ដោយស្នើឱ្យលោកស្រីតាំងសំណួរអំពីអង្គហេតុថ្មី គឺបទចោទប្រទូសរ៉ាយវិញ។
បើទោះជាបែបណា លោក កឹម សុខា នៅបន្តឆ្លើយសំណួររបស់លោកស្រី ម៉េង សុភារី ដោយបញ្ជាក់ថា វីដេអូឃ្លីបដែលត្រូវបានតុលាការយកមកចោទប្រកាន់រូបលោកនេះ គឺជាវីដេអូឃ្លីបដែលគេកាត់ត ធ្វើឱ្យបាត់ទាំងខ្លឹមសារនិងទំហំវីដេអូទៀតផង។ ការចោទប្រកាន់នេះ លោក កឹម សុខា ហៅថាជាការយល់ខុស ព្រោះលោកមិនបានលើកឡើងថាចង់ប្ដូររបបតាមរយៈបដិវត្តន៍ពណ៌ទេ តែចង់ឱ្យមានការផ្លាស់ប្តូរមេដឹកនាំផ្ដាច់ការតាមរយៈការបោះឆ្នោត។
នៅក្នុងអង្គសវនាការ ទាំងលោក កឹម សុខា និងសហមេធាវីរបស់លោក ក៏បានលើកយកសារនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថាមិនបានចោទអាមេរិកផងដែរ។ ថ្លែងដោយមានកាយវិការលើកក្រដាសបង្ហាញផងនោះ លោក កឹម សុខា អះអាងថា ប្រទេសមួយចំនួនដែលស្ថិតក្នុងបទចោទ សុទ្ធតែបានលើកឡើងថា គ្មានខ្លឹមសារណាមួយនៃសារនយោបាយរបស់លោក ដែលថាមានពួកគេនៅពីក្រោយ ចង់ផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាទេ។
មិនបង្អង់យូរ ទាំងលោកស្រី ម៉េង សុភារី និងលោក អាង ឧត្តម សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា បានស្នើឱ្យតំណាងអយ្យការ និងមេធាវីដើមចោទ បង្ហាញអត្តសញ្ញាណបុគ្គលនិងប្រទេសដែលរួមគំនិតក្បត់ឱ្យជាក់លាក់។ ពួកគេលើកឡើងថា តាំងពីដំណាក់កាលស៊ើបសួរ រហូតដល់នីតិវិធីសួរដេញដោល មិនឃើញមានបរទេសមួយណាដែលរួមគំនិតក្បត់ចង់ផ្ដួលរំលំរដ្ឋាភិបាលដាក់ចូលក្នុងសំណុំរឿងនេះទេ។
ឆ្លើយតបករណីនេះ តំណាងអយ្យការ លោក ប្លង់ សុផល បានថ្លែងការពារថា ការចោទប្រកាន់នេះ គឺតុលាការមានភស្តុតាងគ្រប់គ្រាន់ ដូចមាននៅក្នុងសំណុំរឿង។ លោកបន្ថែមថា សម្ដីរបស់លោក កឹម សុខា បានឆ្លុះបញ្ចាំងច្បាស់ហើយ តាមរយៈសកម្មភាពរបស់ខ្លួន ទៅតាមដំណាក់កាលៗ ដូចជា បរទេសស្នើឱ្យផ្អាកសកម្មភាពពីអ្នកនយោបាយមកបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រហូតដល់នាទីចុងក្រោយ បរទេសស្នើឱ្យបង្កើតគណៈកម្មការស៊ើបអង្កេតនិងតវ៉ាលទ្ធផលបោះឆ្នោតនាពេលកន្លងទៅ។
ក្នុងន័យនេះ លោក ប្លង់ សុផល អះអាងថា ទាំងនេះហើយគឺជាភស្តុតាងបង្ហាញដូចមាននៅក្នុងដីកាបញ្ជូនរឿងមកជំនុំជម្រះ។
ដោយឡែក លោក លី ច័ន្ទតុលា មេធាវីដើមចោទ តំណាងដោយរដ្ឋាភិបាល បានប្រៀបធៀបសម្ដីលោក កឹម សុខា ថាចិត្តជាទេវទត្ត តែមាត់ជាទេវតា។ លោកបន្តថា អ្វីដែលជនជាប់ចោទថ្លែងការពារថា គ្រប់សកម្មភាពមិនចង់ផ្តួលរំលំរដ្ឋាភិបាល តែតាមរយៈសកម្មភាពកន្លងទៅ គឺឆ្លុះបញ្ចាំងឱ្យឃើញពីហិង្សាផ្នែកនយោបាយរួចទៅហើយ។
តែយ៉ាងណា លោក កឹម សុខា ឆ្លើយតបដោយចាត់ទុកការចោទប្រកាន់នេះ ថាជាប្រមាថមួយដ៏ធ្ងន់ទៅលើរូបលោក ខណៈរូបលោកក៏ជាអ្នកប្រតិបត្តិធម៌ម្នាក់ផងដែរ។
បើទោះជាក្រុមមេធាវីការពារក្ដីឱ្យលោក កឹម សុខា ទទូចហើយទទូចទៀត ឱ្យតំណាងអយ្យការបញ្ជាក់ឱ្យបានច្បាស់ពីបរទេសដែលជាប់ពាក់ព័ន្ធក្នុងបទចោទនេះ ខណៈដែលលោកស្រី ម៉េង សុភារី បានអានសាររបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ និងប្រទេសមួយចំនួនទៀតពាក់ព័ន្ធរឿងក្ដីនេះក៏ដោយ ក៏តំណាងអយ្យការ និងមេធាវីដើមចោទ មិនបានលម្អិតឈ្មោះប្រទេស បុគ្គល និងអង្គការដែលមានជាប់ពាក់ព័ន្ធនឹងបទចោទនេះទេ។
លោក លី ច័ន្ទតុលា សហមេធាវីដើមចោទ បានអះអាងថា មានប្រទេសខ្លះ ដូចជា ប្រទេសឥណ្ឌា និងប្រទេសឥណ្ឌូនេស៊ី ជាដើម មិនមានការចោទប្រកាន់ក្នុងសំណុំរឿងនេះទេ គ្រាន់តែមានពាក់ព័ន្ធខ្លះក្នុងសារនយោបាយរបស់លោក កឹម សុខា នាពេលកន្លងមកប៉ុណ្ណោះ។
នាយកចាត់ការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា រឿងក្តីនេះហាក់មានភាពស្មុគស្មាញ ហើយរកទីបញ្ចប់មិនឃើញ ដោយសារតែនីតិវិធីនៃការសួរដេញដោលចេះតែបន្តអូសបន្លាយពេលវេលា។ លោកបន្តថា មានតែវប្បធម៌នៃការសន្ទនានិងសម្របសម្រួលផ្នែកនយោបាយមួយទេ ប្រហែលជាច្រកចេញមួយដ៏ល្អក្នុងការផ្សះផ្សានូវវិបត្តិនយោបាយដែលកំពុងតែជាប់គាំងនេះ។
លោកបន្តថា៖ «ទាក់ទងបញ្ហានេះ បើសិនជាយើងបន្តនូវវប្បធម៌នៃការចរចាអំពីដំណោះស្រាយនយោបាយ នោះអាចករណីឯកឧត្តម កឹម សុខា នេះអាចបញ្ចប់បានទៅលឿន»។
ដោយឡែក នៅខាងមុខបរិវេណតុលាការឯណោះវិញ គេសង្កេឃើញថា អ្នកគាំទ្រលោក កឹម សុខា មានចំនួនច្រើន ខណៈកម្លាំងសមត្ថកិច្ចត្រូវបានគេដាក់ពង្រាយនិងការពារសន្តិសុខដូចសព្វមួយដង។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ បានប្រកាសថា សវនាការបន្តនៅក្នុងរឿងក្តីនេះនឹងចាប់ផ្តើមជាថ្មីទៀតនៅថ្ងៃទី២៥ ខែឧសភា សប្តាហ៍ក្រោយនេះ៕