គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រើនរម្លឹកដល់គណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវចៀសវាងធ្វើការឃោសនាបោះឆ្នោតមុនការកំណត់ដែលមានចែងក្នុងច្បាប់។
សេចក្តីរម្លឹកដល់គណបក្សនយោបាយរបស់គ.ជ.ប ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានលើកឡើងថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយការឃោសនានេះជាសកម្មភាពមួយចំនួនដែលត្រូវធ្វើឡើងជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជនឬគណបក្សនយោបាយណាមួយ។
គ.ជ.ប បន្តថា អំឡុងពេលនេះនៅមិនទាន់ដល់ថ្ងៃឃោសនាបោះឆ្នោតនៅឡើយ ដែលករណីនេះ ស្ថាប័នរៀបចំការបោះឆ្នោតមួយនេះស្នើដល់គណបក្សនយោបាយដែលកំពុងធ្វើសកម្មភាពផ្ទុយពីច្បាប់បោះឆ្នោត និងផ្ទុយពីបទបញ្ជានិងនីតិវិធីពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់។
សេចក្តីរម្លឹករបស់ គ.ជ.ប បញ្ជាក់ថា៖ «គ.ជ.ប ចាត់ទុករាល់ការធ្វើសកម្មភាពឃោសនាបោះឆ្នោតដែលផ្ទុយពីមាត្រា៧០ ត្រូវទទួលទោសតាមមាត្រា១៨៤ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់»។
ជាមួយគ្នានេះដែរ គ.ជ.ប ក៏បានលើកឡើងនូវខ្លឹមសារមាត្រា៦៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ថាការឃោសនាបោះឆ្នោតមានគោលបំណងឱ្យគណបក្សនយោបាយដែលបានអនុញ្ញាតឱ្យចុះបញ្ជីបេក្ខជននិងបេក្ខជនធ្វើការផ្សព្វផ្សាយពីគោលនយោបាយនិងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍឃុំសង្កាត់ ដល់អ្នកបោះឆ្នោត តាមរយៈការធ្វើសកម្មភាពជាសាធារណៈចំនួន១១ចំណុច។
សកម្មភាពជាសាធារណៈក្នុងការឃោសនាបោះឆ្នោតទាំង១១ចំណុចនោះ មានដូចជា ការជួបប្រជុំជាសាធារណៈរបស់គណបក្សនយោបាយឬបេក្ខជន, ការរៀបចំក្បួនព្យុហយាត្រាឬក្បួនដំណើរដោយក្រុមថ្មើរជើងឬដោយយានជំនិះគ្រប់ប្រភេទនៅឃុំសង្កាត់យ៉ាងច្រើន២ដងក្នុងអំឡុងពេលឃោសនាបោះឆ្នោត, ការជួបជុំឬការឃោសនាតាមផ្ទះ ការផ្សព្វផ្សាយតាមវិទ្យុ ឬទូរទស្សន៍ ឬសារព័ត៌មាន និងការផ្សព្វផ្សាយតាមរលកធាតុអាកាសឬការឃោសនាតាមឧបករណ៍បំពងសំឡេង ឬតាមកាសែតវីដេអូ ឬវីស៊ីឌី ឬឌីវីឌី ក្នុងរោងវីដេអូសាធារណៈឬទីធ្លាសាធារណៈ។ សកម្មភាពបិទផ្សាយនូវបដាពាក្យស្លោក ឬកម្មវិធីនយោបាយ ឬរូបភាពឃោសនានានា សកម្មភាពចែកចាយខិតបណ្ណគណបក្សនយោបាយ សកម្មភាពចែកចាយស្លាកសញ្ញាគណបក្សនយោបាយឬបេក្ខជនជូនអ្នកបោះឆ្នោត សកម្មភាពលើកបដានៅទីសាធារណៈណាមួយ ឬដំឡើងបន្ទះក្ដារបិទក្រដាសផ្សាយ ការប្រគំតន្ត្រីនៅនឹងកន្លែងណាមួយ ឬការច្រៀងចម្រៀងឃោសនា ឬការលេងភ្លេងឃោសនាបោះឆ្នោត និងការរៀចំកម្មវិធីប្រកួតកីឡា។
ស្ថាប័ន គ.ជ.ប ថា៖ «ការធ្វើសកម្មភាពណាមួយដូចបានបញ្ជាក់ខាងលើរបស់គណបក្សនយោបាយដែលបានអនុញ្ញាតជាផ្លូវការឱ្យចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយចុះឈ្មោះបោះឆ្នោត ត្រូវចាត់ទុកជាសកម្មភាពឃោសនាបោះឆ្នោត»។
បើតាម គ.ជ.ប សកម្មភាពឃោសនាបោះឆ្នោតមានរយៈពេល១៤ថ្ងៃ ហើយគ្រប់សកម្មភាពឃោសនាត្រូវបញ្ឈប់ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២៕