សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ បញ្ជាក់ថា សវនាការក្នុងសំណុំរឿង «សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស » គឺនៅដំណើរការដូចសព្វមួយដង បើទោះជាសវនាការជុំទី៣៨ កន្លងទៅនេះ ភាគីក្នុងរឿងក្ដីមានភាពប្រទាំងប្រទើសគ្នាអំពីកាលបរិច្ឆេទ នៃសវនាការថ្ងៃបន្ទាប់ក្ដី។
លោកមេធាវី ផែង ហេង ដែលជាសហមេធាវីការពារសិទ្ធិម្នាក់ ក្នុងចំណោមមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ លោក កឹម សុខា ទាំង៤រូប ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា បើតាមលោកទទួលបានដំណឹង គឺសវនាការសម្រាប់រឿងក្ដីប្រឆាំងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយនេះ គឺដំណើរការទៅជាធម្មតា មិនមានការប្រែប្រួលទេ។
លោកបន្តថា៖ «បើតាមចៅក្រម ទទួលបានព័ត៌មានមកថា មិនមានការជូនដំណឹងពីមេធាវី ដើម្បីស្នើសុំលើកពេលទេ។ ដូច្នេះ សវនាការនេះនៅដដែលតើ!»
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ ដែលទទួលបន្ទុកក្នុងរឿងក្ដីនេះ បានកំណត់យករៀងរាល់ថ្ងៃពុធ នៃសប្ដាហ៍នីមួយៗ ជាថ្ងៃសវនាការសម្រាប់សំណុំរឿងព្រហ្មទណ្ឌមួយនេះ។
លោក កឹម សុខា ត្រូវរងការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស» ចង់ផ្ដួលរំលំរដ្ឋាភិបាល។ គិតត្រឹមថ្ងៃទី២៧ ខែមេសា កន្លងទៅនេះ សវនាការបានបន្តដល់ជុំទី២៨ហើយ។ តាមការគ្រោងទុក នៅថ្ងៃពុធ ទី៤ ខែឧសភា តុលាការនឹងកំណត់បើកសវនាការបន្តទៀតលើអង្គហេតុការបោះឆ្នោត ដំណើរការបោះឆ្នោត និងបណ្ដឹងតវ៉ាលទ្ធផលឆ្នោតកាលពីឆ្នាំ២០១៣៕