លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យក្រសួងពាក់ព័ន្ធពិចារណាដកកាតព្វកិច្ចពាក់ម៉ាសនៅទីសាធារណៈ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ដោយលោកសម្អាងថា ក្រោយសាកល្បងបើកឱ្យប្រារព្ធពិធីបុណ្យចូលឆ្នាំរួចមក ការរកឃើញអត្រាឆ្លងជំងឺកូវីដ-១៩ មិនមានការកើនឡើង។
ការថ្លែងរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងក្នុងពិធីទទួលជំនួយវ៉ាក់សាំងជាង «១លានដូស» ពីប្រទេសអ៊ីតាលី នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ។
មេដឹកនាំរូបនេះបានគូសបញ្ជាក់ថា លោកបានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការនៃគណ:កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ លោក អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង រួចហើយ ឱ្យពិភាក្សាគ្នាលើការដកកាតព្វកិច្ចពាក់ម៉ាសនៅទីសាធារណៈ លើកលែងតែនៅកន្លែងបិទជិត ដូចជា កន្លែងធ្វើការដែលមានម៉ាស៊ីនត្រជាក់ ជាដើម។
លោកថា៖ «យើងមិនត្រូវមើលឃើញតែបញ្ហាសុខភាពមួយមុខនោះទេ ត្រូវមើលឱ្យឃើញផងដែរនូវបញ្ហាសេដ្ឋកិច្ចសង្គម ការពាក់ម៉ាសជាការតម្រូវឱ្យប្រជាពលរដ្ឋរបស់យើងចំណាយយ៉ាងធំ ជួនកាលមិនហ៊ានទិញខោអាវឱ្យកូនចៅពាក់ទេ ប៉ុន្តែត្រូវទិញម៉ាសដើម្បីយកមករក្សាទុក ដើម្បីពាក់ម៉ាសជាកាតព្វកិច្ច»។
លោកបន្ថែមថា បើគិតពីការចំណាយទិញម៉ាសពាក់របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុង១ថ្ងៃអស់ប្រមាណជា១០ម៉ឺនដុល្លារ ឬប្រមាណ៣លានដុល្លារក្នុង១ខែ។
លោកសម្អាងថា ការរកឃើញអត្រាឆ្លងក្រោយពិធីបុណ្យចូលឆ្នាំ មិនបង្កហានិភ័យក្នុងសហគមន៍ទេ គឺអត្រាឆ្លងដែលបានរកឃើញមានក្រោម២០នាក់ក្នុង១ថ្ងៃ ហើយនៅថ្ងៃចន្ទនេះ មានអ្នកឆ្លងតែ១២ករណីប៉ុណ្ណោះ។
យ៉ាងណា លោកនៅតែបន្តអំពាវនាវឱ្យពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ ទៅទទួលវ៉ាក់សាំងដូសជំរុញបន្ថែមទៀត ដើម្បីបញ្ចៀសការឆ្លងរាលដាលក្នុងសហគមន៍ ក្រោយពីយុទ្ធការចាក់វ៉ាក់សាំងបានជាង៩០ភាគរយរួចមកនោះ។
អ្នករត់ម៉ូតូកង់៣ នៅរាជធានីភ្នំពេញ លោក ប៊ុន ប៉ិច បានបង្ហាញក្ដីបារម្ភ បើរដ្ឋាភិបាលដកកាតព្វកិច្ចពាក់ម៉ាសនៅទីសាធារណៈ ដោយលោកថា ក្រសួងនៅបន្តរកឃើញអ្នកឆ្លងនៅឡើយ។
លោកថា៖ «ប្រទេសយើងមិនទាន់មានសុវត្ថិភាពទប់ស្កាត់ជំងឺកូវីដ-១៩ហ្នឹងផង ដល់គាត់ប្រកាសអ៊ីចឹង ខ្ញុំអត់ទទួលយកបានទេ»។
អ្នករត់ម៉ូតូឌុបម្នាក់ទៀត លោក វ៉ា ចាន់ថុល បារម្ភដែរថា ការដកកាតព្វកិច្ចពាក់ម៉ាសអាចនឹងមានការឆ្លងរាលដាលទ្រង់ទ្រាយធំឡើងវិញ ខណៈលោកនៅប្រទះឃើញមានអ្នកឆ្លងជំងឺនេះនៅឡើយ។
លោកថា៖ «ធម្មតា មេរោគហ្នឹងវាឆ្លង យើងចេះតែបារម្ភហើយ តែយើងនៅតែការពារអ៊ីចឹង ព្រោះអីជំងឺវាមិនទាន់សាបរលាប ដល់អ៊ីចឹងយើងនៅតែបារម្ភអ៊ីចឹង»។
ដោយឡែក ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សាទរចំណាត់ការរបស់រដ្ឋាភិបាលដែលបានបង្ហាញឆន្ទៈដកកាតព្វកិច្ចពាក់ម៉ាស បើរដ្ឋាភិបាលពិតជាគ្រប់គ្រងរលកចម្លងបានមែននោះ ព្រោះថា ចំណាត់ការនេះក៏បានកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋមួយផ្នែកផងដែរ។
ក៏ប៉ុន្តែលោកបារម្ភថា កម្ពុជាអាចគ្រោះថ្នាក់ជាងប្រទេសជិតខាង បើការសម្រេចចិត្តរបស់រដ្ឋាភិបាលនេះធ្វើឡើងទាំងប្រថុយប្រថាន ខ្វះការសិក្សាច្បាស់លាស់ពីក្រសួងជំនាញ។
លោកថា៖ «ព្រោះសូម្បីតែប្រទេសដែលគេផលិតវ៉ាក់សាំងហ្នឹងក៏មានបញ្ហាដែរ ហើយបើសិនជាវារើឡើងវិញ បញ្ហាគឺទី១ អាចធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់សេដ្ឋកិច្ចដែលកំពុងតែរើបឡើងតិចៗនេះ និងបញ្ហាទី២ទៀត ធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ ហើយការចំណាយរបស់រដ្ឋកាន់តែច្រើនថែមទៀត»។
កន្លងទៅ រដ្ឋាភិបាលបានសាកល្បងដកកាតព្វកិច្ចពាក់ម៉ាសលើខេត្តចំនួន៤រួចហើយ រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ៕