នាយករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលមិនត្រឡប់ក្រោយរឿងបើកសេដ្ឋកិច្ចសង្គមឡើងវិញនោះទេ ដោយសារក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងទៅនេះ កម្ពុជាមានអត្រាឆ្លងជំងឺកូវីដ-១៩ តិចតួចបំផុត ដែលបណ្តាលមកពីភាពស៊ាំក្នុងសហគមន៍។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារជាសំឡេងនៅលើបណ្តាញសង្គមនៅថ្ងៃអាទិត្យនេះថា ក្រោយពីពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅនេះ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានការថមថយច្រើន ដោយមានអ្នកស្លាប់តិចតួចបំផុត និងអ្នកឆ្លងក៏មានកម្រិតទាបផងដែរ។ លោកថា បច្ចុប្បន្ននេះ ពលរដ្ឋជាង ៦លាននាក់ទៀត មិនទាន់បានទៅចាក់វ៉ាក់សាំងដូសទី៣នៅឡើយ ។
ករណីនេះ លោកបានណែនាំឱ្យគណៈកម្មការជំនាញ បង្កើនសកម្មភាពចាក់វ៉ាក់សាំងដូសទី៣ ឱ្យពលរដ្ឋឱ្យបានគ្រប់ៗគ្នា ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ និងងាយស្រួលបើកទាំងស្រុងនូវសេដ្ឋកិច្ចសង្គម ពោលគឺការបើកប្រទេសទាំងស្រុងឡើងវិញ។
លោកថ្លែងថា៖ «ខ្ញុំបានណែនាំឱ្យលោកជំទាវ ឱ វណ្ណឌីន អំពីអនុវត្តវិធានការចាក់វ៉ាក់សាំងជូនបងប្អូន ទោះបីថាពេលវេលាមិនទាន់គ្រប់ ក៏យើងអាចចាក់បាន ដើម្បីយើងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវអ្វីដែលយើងមាននៅក្នុងដៃ ដើម្បីពង្រឹងភាពស៊ាំសហគមន៍ និងដើម្បីងាយស្រួលបើកទាំងស្រុង ហើយដែលគ្មានការត្រឡប់ក្រោយនូវសភាពការណ៍ នូវសេដ្ឋកិច្ចសង្គមក្នុងពេលវេលាដែលយើងរៀនរស់នៅជាមួយកូវីដ-១៩។ យើងមិនមានអ្នកស្លាប់ និងមានអ្នកឆ្លងច្រើនទេ ដូចយើងអាចរុញ[សេដ្ឋកិច្ច]ដំណើរការយើងទៅមុខទៀតបាន»។
បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៀតថា ក្រោយពីពិធីបុណ្យចូលឆ្នាំខ្មែរមានអត្រាឆ្លងជំងឺកូវីដ-១៩ តិចតួចបំផុត រដ្ឋាភិបាលកំពុងពិចារណា ដាក់ខេត្ត ឬតំបន់មួយចំនួនទៀត ឱ្យរួចផុតពីកាតព្វកិច្ចពាក់ម៉ាស់ ខណៈខេត្តចំនួន៤ ត្រូវបានរដ្ឋាភិបាលមិនតម្រូវឱ្យពាក់ម៉ាស់ នាដើមខែមេសានេះផងដែរ។
នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មានប្រសាសន៍ថា ដើម្បីឱ្យ សេដ្ឋកិច្ចដំណើរការល្អឡើងវិញ លុះត្រាតែប្រជាពលរដ្ឋ និងរដ្ឋាភិបាលចូលរួមគ្នាអនុវត្តវិធានសុខាភិបាល ទើបទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានប្រសិទ្ធភាពខ្ពស់ ។
លោកបន្តថា បើសិនជារដ្ឋាភិបាលនិងប្រជាពលរដ្ឋធ្វេសប្រហែស មិនអនុវត្តវិធានការសុខាភិបាលឱ្យបានតឹងរ៉ឹងទេ នោះបញ្ហាឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តកើតមាន ឈានដល់បិទខ្ទប់រាជធានី ខេត្ត ដូចពេលកន្លងមក ដែលនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិជាដើម។
លោកមានប្រសាសន៍ថា៖ «បើសិនជាប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ កាន់តែច្រើន នោះសង្គមរបស់យើងវិលទៅរកភាពមិនប្រក្រតីឡើងវិញ ហើយអាចធ្វើការបិទប្រទេសឡើងវិញ។ ដូច្នេះ បើសិនជាភាគីណាមួយធ្វេសប្រហែសសុទ្ធតែនាំបញ្ហាដល់សង្គម ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅក្នុងសង្គមតែម្តង»។
កាលពីថ្ងៃទី១០ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកំណត់យកខេត្ត៤ រួមមានខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ ដែលជាខេត្តមិនតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់ទៀតនោះឡើយ។
លោកហ៊ុន សែន បន្តថា យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល ផ្តល់ជម្រើសដល់ប្រជាពលរដ្ឋដើម្បីសម្រេចចិត្តខ្លួនឯងក្នុងការពាក់ ឬមិនពាក់ម៉ាស់នោះ។ លោកបញ្ជាក់ពេលនោះថា សម្រាប់ពលរដ្ឋដែលធ្វើដំណើរចូលទៅទឹកដីខេត្តទាំង៤នេះ មិនចាំបាច់ម៉ាស់នោះទេ ប៉ុន្តែនៅពេលពួកគេធ្វើដំណើរចេញពីទឹកដីខេត្តទាំង៤ នេះវិញ ដាច់ខាតគឺត្រូវតែពាក់ម៉ាស់។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះថា ក្រសួងរកឃើញអ្នកឆ្លងកូវីដ-១៩ ប្រភេទអូមីក្រុង មានចំនួន១៦នាក់ ខណៈអ្នកជំងឺជាសះស្បើយមានចំនួន២៥នាក់ និងគ្មានអ្នកស្លាប់ទេ។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៦ ២១៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១៣២ ៩២១នាក់ និងអ្នកស្លាប់មានចំនួនសរុបចំនួន ៣ ០៥៦នាក់ ។ ចំណែកករណីឆ្លងអូមីក្រុងក្នុងសហគមន៍វិញ ក្រសួងថាគិតមកដល់ពេលនេះបានកើនដល់១៤ ៤១៣នាក់៕