មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក កឹម សុខា បានផ្ញើសារថា ការពង្រឹងផ្ទៃក្នុងជាតិ នឹងអាចបញ្ចៀសកម្ពុជាពីគ្រោះថ្នាក់នៃជម្លោះពិភពលោក ក្នុងតំបន់ ខណៈលោកកំពុងជាប់បម្រាមធ្វើនយោបាយក្នុងសំណុំរឿងដ៏ចម្រូងចម្រាសដែលបានអូសបន្លាយជាង៤ឆ្នាំមកនេះ។
ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឈានចូលមកដល់នៅថ្ងៃស្អែកនេះ លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ ដោយបួងសួងសុំឱ្យកម្ពុជា ជារបស់ខ្មែរគ្រប់គ្នា ដោយធានាបាននូវឯករាជ្យភាព អធិបតេយ្យភាព វឌ្ឍនភាព និងកិត្យានុភាពជាតិ ព្រមទាំងសុំឱ្យពលរដ្ឋខ្មែរ មានឱកាសរស់នៅដោយសុខដុមរមនា មានសិទ្ធិសេរីភាព និងទទួលបាននូវប្រយោជន៍សេដ្ឋកិច្ច សង្គម វប្បធម៌ និងនយោបាយ ប្រកបដោយសមធម៌ និងយុត្តិធម៌។
លោកបន្តថា៖ «សូមឱ្យឆ្នាំថ្មីនេះ ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ចាកផុតពីគ្រោះធម្មជាតិ ជំងឺរាតត្បាតទាំងឡាយ ជាពិសេសសូមឱ្យចៀសផុតពីគ្រោះថ្នាក់នៃជម្លោះ ក្នុងពិភពលោក ក្នុងតំបន់ ក៏ដូចជាក្នុងប្រទេសកម្ពុជាផងដែរ។ក៏ប៉ុន្តែសូមឱ្យឆ្នាំថ្មីនេះ នាំមកនូវស្មារតីពង្រីកមិត្ត បន្ថយសត្រូវ ជាពិសេស ស្មារតីពង្រឹង និងពង្រីកសាមគ្គីភាពជាតិខ្មែរ ដែលជាកត្តាជួយទប់ស្កាត់នូវគ្រោះថ្នាក់ទាំងនោះ»។
ការផ្ញើសារជូនពររបស់មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយនេះ បានធ្វើឡើងស្របពេលតុលាការកំពុងដំណើរការសវនាការជំនុំជម្រះសំណុំរឿង«ក្បត់ជាតិ » ឬ «ត្រូវរ៉ូវជាមួយរដ្ឋបរទេស ចង់ផ្ដួលរំលំរដ្ឋាភិបាល»។
លោក កឹម សុខា ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ហើយចោទប្រកាន់ថា បានឃុបឃិតជាមួយរដ្ឋបរទេសមានបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានលោក កឹម សុខា បដិសេធចោល៕