សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយចំនួន ២១នាក់ឱ្យជាប់ពន្ធនាគារ ចន្លោះពី៥ឆ្នាំ ទៅដល់១០ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យយោធិនមិនស្ដាប់បញ្ជា និងរួមគំនិតក្បត់»។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រកាសសាលក្រម ផ្តន្ទាទោសថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន៧នាក់ រួមមាន លោក សម រង្សី , លោកស្រី ជូឡុង សូមូរ៉ា, លោកស្រី មូរ សុខហួរ , លោក តុប វណ្ណចាន់, លោក នុត រំដួល, លោក ហូរ វ៉ាន់ , លោក អេង ឆៃអ៊ាង ក្នុងម្នាក់ៗ១០ឆ្នាំ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យយោធិនមិនស្ដាប់បញ្ជា និងរួមគំនិតក្បត់»។ ពួកគេទាំងនេះ ក៏ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យឃុំខ្លួនផងដែរ ខណៈពួកគេកំពុងមានវត្តមាននៅក្រៅប្រទេសនៅឡើយ។
ចំណែក សកម្មជនចំនួន ១៤នាក់ផ្សេងទៀត រួមមាន លោក ថៃ សុគន្ធា ហៅតឹង , ឡុង សុភារី, ឃឹម ភាណា, សុខ ចន្ថា, កែវ ថៃ , ជុំ ចាន់ ,ស៊ុន ធន់, ហ៊ិន ឆាន, យឹម សារ៉េត , ពាប ម៉ាប់ ,ឃុត ច្រឹក និងឈុន ប៊ុនឆាត ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងរួមគំនិតក្បត់»។ ពួកគេត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ។
ក្នុងចំណោមសកម្មជនទាំង១៤នាក់នោះ មាន១៣នាក់ ត្រូវអនុវត្តទោសចំនួន៣ឆ្នាំ ៨ខែ ហើយទោសនៅសល់ត្រូវបានព្យួរ។ ចំណែកឈ្មោះ ហ៊ិន ឆាន ដែលផ្ទន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំផងដែរនោះ ត្រូវបានតុលាការសម្រេចព្យួរទោសទាំងអស់ ដោយសារគាត់មានជំងឹប្រចាំកាយ។
យ៉ាងណា បន្ទាប់ពីស្ដាប់ចៅក្រមប្រកាសសាលក្រមរួចនោះ សកម្មជនបក្សប្រឆាំងទាំង ១៣នាក់បានស្រែក ដោយលើកដៃឡើងនៅក្នុងបន្ទប់សវនាការថា ជារឿងអយុត្តិធម៌ ដោយថា ពួកគាត់មិនដែលមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតឡើយ បែរជាត្រូវជាប់ពន្ធានាគារដល់ទៅ៣ឆ្នាំ ៨ខែ។ ដោយឡែកសកម្មជនខ្លះថា ពួកគេគ្រាន់តែនិយាយទូរសព្ទជាមួយគ្រួសារ ពាក់ព័ន្ធនឹងរឿងកូវីដ-១៩ បែរជាមកភ្ជាប់ជាមួយនឹងរឿងនយោបាយទៅវិញ។
ពួកគាត់ក៏លើកឡើងប្រហាក់ហែលគ្នាដែរថា ការកាត់ទោសឱ្យពួកគាត់ជាប់ពន្ធនាគារម្នាក់ៗ ៣ឆ្នាំ ៨ខែ ទាំងមិនបានធ្វើអ្វីខុសសោះនោះ ដោយសារពួកគាត់មិនព្រមចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ហើយករណីនេះពួកគេថា ការសងសឹងតែម្ដង។
ក្រោយពីប្រធានក្រុមប្រឹក្សាជុំនុំជម្រះ លោក រស់ ពិសិដ្ឋ ប្រកាសសាលក្រមភ្លាម កូនក្តីរបស់លោកមេធាវី សំ សុគង់ បានផ្តិតមេដៃពឹងពាក់លោក ឱ្យជួយប្តឹងជំទាស់លើសាលក្រមនេះ ទៅសាលាទ្ធរណ៍នៅសប្តាហ៍ក្រោយនេះ។
លោក សំ សុគង់ ដែលជាមេធាវីការពារក្តីមួយរូប បានចាត់ការទុកការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញជារឿងអយុត្តិធម៌ ដោយថាកូនក្តីរបស់គាត់សម្តែងមតិតាមបណ្តាញសង្គម ក្នុងនាមជាប្រជាពលរដ្ឋតែប៉ុណ្ណោះ៕
សេចក្ដីកែតម្រូវ៖ វីអូឌី សូមធ្វើការដកកថាខណ្ឌ «ក្នុងសំណុំរឿង “ញុះញង់ និងរួមគំនិតក្បត់” ពាក់ព័ន្ធដំណើរវិលត្រលប់របស់លោក សម រង្ស៊ី ក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកានេះ មានជនជាប់ចោទសរុបជាង៤០នាក់ ហើយក្នុងចំណោមជនជាប់ចោទទាំងនោះ គឺមាន៣នាក់កំពុងជាប់ពន្ធនាគារ៕»