សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសឈ្មោះ នី ណាក់ អតីតមន្ត្រីក្រសួងកសិកម្ម ដាក់ពន្ធនាគារ១ឆ្នាំ៦ខែ ពិន័យជាប្រាក់ចំនួន២លានរៀល ក្រោមចោទប្រកាន់ពីបទ «ជេរប្រមាថ និងញុះញង់ឱ្យមានការរើសអើង» តាមបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ IMan KH។
ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក សុង ប៊ុនរិទ្ធិ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ នី ណាក់ អតីតមន្ត្រីក្រសួងកសិកម្ម ដាក់ពន្ធនាគារ១ឆ្នាំ៦ខែ ពិន័យជាប្រាក់ចំនួន២លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ «ជេរប្រមាថ និងញុះញង់ឱ្យមានការរើសអើង» ដោយបានឌឺដងទៅនាយករដ្ឋមន្ត្រីរឿងទិញម៉ាស់ពាក់ឱ្យមាន់កាលពីខែធ្នូ ឆ្នាំ២០២០។
បើតាមហ្វេសប៊ុកផេកឈ្មោះ Iman-KH ដែលមានឈ្មោះ នី ណាក់ ជាម្ចាស់គណនី បានសរសេរកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ថា៖ «ខ្ញុំបានត្រៀមឬព្រាងលិខិតនិងឯកសាររួចរាល់អស់ហើយក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុមានមេរោគផ្តាសាយរលាកផ្លូវដង្ហើមកំពុងតែរាតត្បាតក្នុងកសិដ្ឋាន។»
ខ្លឹមសារលើហ្វេសប៊ុកដដែលបន្តថា៖ «ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើឱ្យខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នា ហើយដេកនៅក្នុងទ្រុង កុំចេញក្រៅឱ្យសោះបើគ្មានការចាំបាច់។»
ខ្លឹមសារនៃការបង្ហោះលើហ្វេសប៊ុក Iman-KH នោះ ស្រដៀងគ្នានឹងការថ្លែងសារសំឡេងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៦ ខែធ្នូ។ សារជាសំឡេងកាលនោះ លោក ហ៊ុន សែន បញ្ជាក់ថា លោកនឹងមិនស្នើសុំព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្នឡើយ ទោះបីជាប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ក្តី ដោយសារតែវានឹងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ។
លោក នី ណាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ និងបញ្ជូនសំណុំរឿងទៅតុលាការនៅថ្ងៃបន្ទាប់។
ពីរថ្ងៃក្រោយការចាប់ខ្លួនលោក នី ណាក់ បាន២ថ្ងៃ លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងលើបណ្តាញសង្គមហ្វេសប៊ុក ដោយសុំឱ្យប្រគល់សេរីភាពទៅលោក នី ណាក់ វិញ។
លោកថា ការបកស្រាយនិងយកបទ «ជេរប្រមាទជាសាធារណៈ និងបទញុះញង់ឱ្យមានការរើសអើង» ទៅចោទប្រកាន់លោក នី ណាក់ គឺមិនត្រឹមត្រូវតាមការបកស្រាយតឹងរ៉ឹងក្នុងរឿងព្រហ្មទណ្ឌ ដូចមានចែងក្នុងមាត្រា៥ នៃក្រមព្រហ្មទណ្ឌទេ។
លោកថា ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់ត្រូវបកស្រាយយ៉ាងតឹងរ៉ឹង ហើយចៅក្រមមិនអាចពង្រីកវិសាលភាពអនុវត្តឬប្រព្រឹត្តតាមសទិសភាព [ភាពស្របគ្នា ភាពស្រដៀងគ្នា] បានឡើយ។
អ្នកវិភាគចាស់វស្សារូបនេះថា អំពើយកម៉ាស់ពាក់ឱ្យកូនមាន់របស់លោក នី ណាក់ គ្រាន់តែជាការកំប្លែងឌឺដងដែលនៅក្នុងប្រទេសប្រជាធិបតេយ្យសេរី ពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ គេមិនចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌទេ។ បន្ថែមពីនេះ លោកថា ក្រមព្រហ្មទណ្ឌខ្មែរក៏មិនបានចាត់ទុកថា ការកំប្លែងឌឺដងនេះជាបទល្មើសព្រហ្មទណ្ឌដែរ៕