ថ្នាក់ដឹកនាំនិងសកម្មជនសហជីពទាំងអស់ត្រូវក្រុមហ៊ុន ស៊ីនទ្រី បញ្ចប់កិច្ចសន្យាការងារព្រមជាមួយកម្មករដទៃទៀតសរុបជាង១ ០០០នាក់ បន្ទាប់ពីក្រុមហ៊ុនប្រមូលសំរាមមួយនេះបានផ្ទេរសិទ្ធិប្រតិបត្តិការគ្រប់គ្រងសំរាមនៅខណ្ឌចំនួន១០ ទៅឱ្យក្រុមហ៊ុនថ្មីចំនួន២ទៀត កាលពីដើមខែកក្កដានេះ។
កាលពីចុងខែមិថុនា រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបើកឱ្យក្រុមហ៊ុន Mizuda និង 800 Super ចាប់ផ្តើមប្រតិបតិ្តការសម្អាត ប្រមូល និងគ្រប់គ្រងសំរាមនៅ២តំបន់ ដែលមានខណ្ឌ១០ ក្នុងចំណោមតំបន់បែងចែកចំនួន៣ នៃរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីពន្យារពេលអស់រយៈពេល៣ខែ។
ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃក្រុមហ៊ុន ស៊ីនទ្រី លោក កៅ សុខវ៉ាត លើកឡើងថា ថ្នាក់ដឹកនាំសហជីព រួមទាំងរូបលោក សកម្មជនសកម្ម និងសមាជិកសកម្មដទៃទៀត គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីជម្រុះពីការងារជាមួយកម្មករជាង១ពាន់នាក់។
លោកបន្ថែមថា លោកមិនបារម្ភចំពោះការបាត់បង់ការងារនៅក្រុមហ៊ុនដែលលោកបានបម្រើការអស់រយៈពេល១៣ឆ្នាំនោះទេ ប៉ុន្តែលោកបារម្ភចំពោះការរំលោភសិទ្ធិការងារ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការបាត់បង់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនៅពេលគ្មានវត្តមានរបស់សហជីព។
លោក កៅ សុខវ៉ាត និយាយថា៖ «សោកស្តាយដែរ ដោយសារធ្វើការខាងសំរាមនេះប្រឈមមុខគ្រោះថ្នាក់ខ្លាំង ជួនអីយប់ៗអ៊ីចឹងមានអ្នកស្រវឹងមកបុកពីក្រោយស្លាប់ បាក់ដៃបាក់ជើងអីក៏មានដែរ។ ហើយបើអត់មានសហជីពដើម្បីការពារពួកគាត់ដើម្បីរកផលប្រយោជន៍ឱ្យពួកគាត់ ដឹងតែពិបាកហើយ»។
លោកបន្ថែមថា៖ «គេនឹងធ្វើបាបពួកគាត់អីអ៊ីចឹង ដោយសារគាត់ខ្វះនូវចំណេះដឹងគ្រប់គ្រាន់ ដើម្បីតវ៉ាទាមទារអត្ថប្រយោជន៍អីផ្សេងៗ គឺគាត់មានការចេះដឹងនៅមានកម្រិត»។
លោកបន្ថែមថា លោកកំពុងព្យាយាមស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋបាលរាជធានីភ្នំបេញ ចំពោះបញ្ហាកម្មករដែលកំពុងបាត់បង់ការងារនៅក្រុមហ៊ុន ស៊ីនទ្រី ប៉ុន្តែលោកមិនសូវមានសង្ឃឹមនោះទេ ដោយសារច្បាប់នៅកម្ពុជាគឺឋិតនៅតែលើបបូរមាត់អ្នកមានអំណាច។
បើតាមប្រធានសហជីពរូបនេះនិងកម្មករមួយចំនួនលើកឡើងថា ពួកគេរាប់រយនាក់ដែលឋិតក្នុងបញ្ជីឈ្មោះនៅមិនទាន់រកការងារថ្មីបានធ្វើនៅឡើយ ដោយសារកម្មករមួយចំនួនមិនចង់ចាកចេញ មួយចំនួនដាក់ពាក្យទៅក្រុមហ៊ុនថ្មីមិនជាប់ដោយសារការរើសអើង និងមួយចំនួនរងគំនាបពីក្រុមហ៊ុន។
អតីតសកម្មជនសហជីពមួយរូបដែលទើបបានផ្លាស់ទៅបម្រើការនៅក្រុមហ៊ុន Mizuda ប្រាប់ វីអូឌី ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះដោយសារបារម្ភខ្លាចមានការរើសអើង នៅថ្ងៃទី៥ ខែកក្កដានេះថា លោកបានដាក់ពាក្យនៅក្រុមហ៊ុនថ្មីមុន២ខែ និងត្រូវឈប់មុន១ខែផងដែរ ដោយសារលោកមិនជឿការធានារបស់រដ្ឋបាលរាជធានីភ្នំពេញ។
ប្រភពដដែលបន្ថែមថា ការងារក្រុមហ៊ុនថ្មីមានការតឹងរ៉ឹងបន្តិច ប៉ុន្តែតាមផ្នែកនីមួយៗទទួលបានប្រាក់ខែខ្ពស់ជាងក្រុមហ៊ុនចាស់ ហើយអ្នកគ្រប់គ្រងបានធានាថានឹងផ្តល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ រួមទាំងប្រាក់ខែទី១៣ តាមច្បាប់ការងារដោយមិនចាំបាច់មានការតវ៉ាទាមទារពីកម្មករ។
លោកនិយាយថា៖ «ខ្ញុំមានការសោកស្តាយចំពោះពួកគាត់ដែលបាត់បង់ការងារដែលខំតស៊ូនៅជាមួយ ស៊ីនទ្រី យូរហើយ! ហើយទីបញ្ចប់ គាត់អត់មានការទទួលខុសត្រូវ ដោយក្រុមហ៊ុនមិនបានចូលរួមជំរុញឱ្យក្រុមហ៊ុនថ្មីទទួលពួកគាត់ចូលធ្វើការតាមការសន្យាដូចជាជាមួយថ្នាក់ដឹកនាំសហជីពនិង[រដ្ឋបាល]ក្រុង»។
កម្មករបើកបររថយន្តប្រមូលសំរាមមួយរូប បានប្រាប់ វីអូឌី ឱ្យដឹងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ខណៈលោកកំពុងជួបជុំគ្នាជាមួយកម្មករប្រមាណជិត១០នាក់ នៅពីមុខហ្គារ៉ាស់រថយន្តក្រុមហ៊ុន ស៊ីនទ្រី កាលពីថ្ងៃសុក្រ ទី២ ខែកក្កដា ថាកម្មកររាប់រយនាក់ត្រូវបានក្រុមហ៊ុនបញ្ចប់កិច្ចសន្យាការងារដោយរាប់ទាំងរូបលោក តាមរយៈការបិទផ្សាយបញ្ជីឈ្មោះនៅរបងក្រុមហ៊ុនក្នុងខណ្ឌដង្កោ។
ប្រភពដដែលនិយាយថា៖ «មេខណ្ឌខ្ញុំទៅក្រុមហ៊ុនថ្មីអស់ហើយ! ដល់ពេលខ្ញុំ គេហៅទៅដែរ! ប៉ុន្តែខ្ញុំថា ស្មោះត្រង់ក្រុមហ៊ុន កុំឱ្យគេថាយើងងាកទៅណេះងាកទៅណោះ។ ដល់ពេលឥលូវ គេព្រលែងដៃចោលបាត់ ហើយគេចងជើងយើងទៀត។ ដល់ពេលឃាត់មិនឈ្នះអីអ៊ីចឹង គេដាក់ឱ្យផ្តិតមេដៃសន្យា បើយើងទៅដាក់ពាក្យនៅក្រុមហ៊ុនថ្មី សងលុយគេ»។
លោកបន្ថែមថា លោកមិនទាន់បានទៅដាក់ពាក្យរកការងារថ្មីនៅកន្លែងណានៅឡើយ ហើយលោកក៏មិនដឹងទៅរកអ្នកណាឱ្យជួយគិតគូរនោះដែរ។
កម្មកររូបនេះនិយាយថា៖ «មិនដឹងគិតម៉េចទេ បើមួយៗវាអត់មានដំណោះស្រាយ។ និយាយរួម អត់មានមេ វាពិបាក មិនដឹងគិតថាម៉េច! បើមានមេជួយដោះស្រាយឱ្យ យើងចេះតែតាមមេ។ នេះអត់មានមេណាឈរដោះស្រាយឱ្យផង»។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា លោក ទូច កុសល លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បានសន្យាមិនឱ្យកម្មករក្រុមហ៊ុន ស៊ីនទ្រី ណាម្នាក់បាត់បង់ការងារ កាលពីអំឡុងពួកគេធ្វើកូដកម្មតវ៉ាកាលពីខែតុលា ឆ្នាំ២០២០ ដោយធានាផ្ទេរពួកគេទៅក្រុមហ៊ុនថ្មី ប្រសិនបើក្រុមហ៊ុន ស៊ីនទ្រី ដេញថ្លៃមិនបាន។
លោកបន្ថែមថា ប៉ុន្តែពេលនេះ ខាងរដ្ឋបាលរាជធានីភ្នំពេញបានត្រឹមស្នើឱ្យកម្មករទៅដាក់ពាក្យនៅក្រុមហ៊ុនថ្មីទាំង២ ដោយខាងរដ្ឋបាលរាជធានីនឹងជួយសម្របសម្រួលជាមួយក្រុមហ៊ុន។
ដោយឡែក សម្រាប់ការបញ្ឈប់ថ្នាក់ដឹកនាំនិងសកម្មជនសហជីពប្រចាំក្រុមហ៊ុន ស៊ីនទ្រី វិញ លោក កុសល មើលឃើញថា ត្រូវបានធ្វើឡើងខុសពីនីតិវិធីច្បាប់ស្តីពីសហជីព។ លោកថា ដើម្បីបញ្ឈប់ពួកគេបាន លុះត្រាតែឆ្លងកាត់មការបោះឆ្នោតគាំទ្រដោយសំឡេង ៥០+១ ពីសមាជិក រំលាយដោយសាលក្រមតុលាការ និងក្រុមហ៊ុនមិនមានបញ្ហាបិទទ្វារឬបញ្ឈប់ដំណើរការទាំងស្រុង។
លោក ទូច កុសល ថ្លែងថា៖ «កន្លែងធ្វើការនីមួយៗ បើសិនជាមិនមានសហជីពតំណាងពួកគាត់ទេ លក្ខខណ្ឌការងារមិនបានល្អប្រសើរទេ វាអាចមានការរំលោភលក្ខខណ្ឌការងារពីសំណាក់និយោជក។ បើសិនជាមានសហជីពទៅ មានការការពារ ធានា គិតគូរផលប្រយោជន៍របស់កម្មករ។ តែបើសិនជាកាលណាក្រុមហ៊ុនចង់រំលាយសហជីពហើយ គឺថាខ្ញុំព្រួយបារម្ភពីរំលោភបំពាន កេងប្រវ័ញ្ច ការធ្វើទុក្ខបុកម្នេញទៅដល់កម្មករតែម្តង»។
វីអូឌី មិនអាចទាក់ទងសុំការអធិប្បាយពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី និងប្រធានក្រុមហ៊ុនស៊ីនទ្រី លោក សេង សាវី និងប្រធានគ្រប់គ្រងធនធានមនុស្សនៅក្រុមហ៊ុន Gaea Waste Management លោក ជី វុន បានទេ នៅថ្ងៃទី៥ ខែកក្កដា។
ដោយឡែក ជំនួយការតំណាងការិយាល័យក្រុមហ៊ុន Mizuda ប្រចាំនៅកម្ពុជា លោក សៀង សមុទ្ទមាស ប្រាប់ វីអូឌី ឱ្យដឹងនៅសប្តាហ៍មុនថា ក្រុមហ៊ុនរបស់លោកបានរើសកម្លាំងកម្មករបានគ្រប់គ្រាន់ហើយ ហើយនិងមិនទាន់មានគម្រោងរើសបន្ថែមនៅឡើយ។
រដ្ឋបាលរាជធានីភ្នំពេញ បានដកហូតសិទ្ធិកាន់កាប់ប្រតិបត្តិការប្រមូលសំរាមពីក្រុមហ៊ុន ស៊ីនទ្រី មកគ្រប់គ្រងក្នុងឆ្នាំ២០១៩ បន្ទាប់ពីលក្ខខណ្ឌការងារនិងសេវាកម្មរបស់ក្រុមហ៊ុនត្រូវបានចោទថាមានភាពខ្វះចន្លោះ ហើយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សន្យាថា នឹងបង្កើនប្រសិទ្ធភាពសេវាកម្មសម្អាតនិងប្រមូលសំរាមក្នុងទីក្រុងឱ្យបានល្អប្រសើរ ដែលធ្វើឡើងតាមរយៈការបែងចែកសិទ្ធិប្រមូលសំរាមទៅឱ្យក្រុមហ៊ុនផ្សេងគ្នា។
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានសន្យាជាលាយលក្ខណ៍អក្សរជាមួយកម្មករនិយោជិតក្រុមហ៊ុន ស៊ីនទ្រី ដែលមានប្រមាណ២ ១៥០នាក់ ដោយធានាការផ្តល់សំណងបញ្ចប់កិច្ចសន្យាការងារស្របទៅតាមច្បាប់ និងមិនឱ្យពួកគេបាត់បង់ការងារពេលក្រុមហ៊ុនថ្មីដែលឈ្នះការដេញថ្លៃចូលមកគ្រប់គ្រងនិងប្រមូលសំរាមជំនួសក្រុមហ៊ុនរបស់ពួកគេ។ ការសន្យានេះធ្វើឡើងបន្ទាប់ពីកម្មករក្រុមហ៊ុនប្រមូលសំរាមមួយនេះ បានផ្ទុះកូដកម្មតវ៉ាមិនទៅធ្វើការអស់រយៈពេលជិត១សប្តាហ៍៕