មន្ត្រីជាន់ខ្ពស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា សមត្ថកិច្ចនឹងបញ្ជូនយោធាម្នាក់ទៅតុលាការ ក្រោយពីមន្ត្រីយោធារូបនោះបានល្មើសបម្រាមរដ្ឋាភិបាល អំឡុងពេលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ខៀវ ចាន់សុភក្ត្រា ដែលមានតួនាទីជាមន្ត្រីយោធានៅសាកលវិទ្យាល័យការពារជាតិ នៅគោលដៅរង្វង់មូលតាព្រហ្ម គល់ស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ការឃាត់ខ្លួននោះ បន្ទាប់ពីមន្ត្រីយោធារូបនេះបើកបរម៉ូតូបុកប៉ារ៉ាស់ដែលដាក់ហាមឃាត់មិនឱ្យមានការធ្វើដំណើរឆ្លងកាត់អំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ។ លើសពីនេះ លោកថា មន្ត្រីយោធារូបនោះក៏បានជេរប្រមាថមើលងាយ និងវាយទៅលើសមត្ថកិច្ចបណ្តាលឱ្យរបួសទៀតផង។
លោកបន្តថា សមត្ថកិច្ចកំពុងធ្វើការសាកសួរនិងរៀបចំសំណុំឯកសារបញ្ជូនលោក ខៀវ ចាន់សុភក្ត្រា ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមច្បាប់។
លោកបន្តថា៖ «នៅដំណាក់កាលដែលរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំទូទៅ និងសាម៉ីក្រសួងផ្សេងៗ គេខំប្រឹងប្រែងធ្វើការបង្ការទប់ស្កាត់ការឆ្លងវីរុស បែរជាគាត់ទៅជាល្មើសវិធានច្បាប់ទៅវិញ។ អ៊ីចឹង ជាទូទៅ នៅពេលដែលយើងរៀបចំសំណុំឯកសារ ធ្វើការសាកសួរត្រឹមត្រូវហើយ គឺយើងត្រូវតែបញ្ជូនទៅតុលាការទាក់ទងនឹងបញ្ហាហ្នឹង ពាក់ព័ន្ធនឹងមាត្រា១១ ទាក់ទងការរារាំងការអនុវត្តវិធានការដ្ឋបាល ក៏ដូចជាការចោទប្រកាន់មកលើការបង្ករបួសស្នាមសមត្ថកិច្ចដោយចេតនា»។
លោក សាន សុខសីហា បន្តថា ចាប់តាំងពីដាក់បម្រាមនៅថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី២០ ខែមេសានេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកល្មើសបម្រាមចំនួន១៩នាក់ ក្នុងនោះមាននគរបាលម្នាក់ និងទាហានម្នាក់។
លោកបញ្ជាក់ទៀតថា អ្នកល្មើសបម្រាមទាំង១៩នាក់នោះ មាន៦នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន ហើយមនុស្សចំនួន១២នាក់ទៀត សមត្ថកិច្ចកំពុងធ្វើការសាកសួរនិងរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ ខណៈម្នាក់ទៀតត្រូវបានដោះលែងឱ្យទៅផ្ទះវិញបន្ទាប់ពីអប់រំនិងធ្វើកិច្ចសន្យារួច។
កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀតដែលធ្វើឱ្យពិបាកគ្រប់គ្រង។ ប៉ុន្តែវិធានការនេះក៏លើកលែងចំពោះករណីចាំបាច់មួយចំនួនដែរ។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បង្ហាញក្ដីបារម្ភ ដោយថា នឹងអាចមានអ្នកល្មើសបម្រាមរដ្ឋាភិបាលច្រើនបន្ថែមទៀត បើសិនការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយ។
លោកចាត់ទុកការដាក់ទោសទណ្ឌទៅលើអ្នកល្មើសបម្រាម ដោយការជួបជុំគ្នាបរិភោគគ្រឿងស្រវឹង និងការផ្គើននឹងវិធានការរបស់រដ្ឋាភិបាល ជារឿងត្រឹមត្រូវ ប៉ុន្តែបើសិនជាការល្មើសបម្រាមនោះ ដោយសារកត្តាចំបាច់ក្នុងគ្រួសារ ឬបញ្ហាជីវភាពនោះ រដ្ឋាភិបាលគួរធ្វើការអប់រំជាជាងការដាក់ទោសទណ្ឌទៅលើពួកគាត់។
លោក នី សុខា៖ «អ្នកបង្កើតវង់ផឹកស៊ី ត្រូវបានគេចាប់ វាជារឿងកំហុសឆ្គងធ្ងន់ណាស់ យើងមិនបានចូលរួមក្នុងការអនុវត្ត ប៉ុន្តែល្មើសមួយទៀត គឺថាទាក់ទងបងប្អូនប្រជាពលរដ្ឋមានភាពចាំបាច់ ពាក់ព័ន្ធបញ្ហាសំខាន់គឺជីវភាព ដែលកត្តាហ្នឹងជំរុញឱ្យគាត់ទៅធ្វើរឿងទាំងអស់ហ្នឹង»។
ច្បាប់ថ្មីស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» បានចែងថា អ្នកបំពានវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងៗទៀត ត្រូវពិន័យជាទឹកប្រាក់ពី ១លានរៀល ទៅ ៥លានរៀល។ ក្នុងករណីអំពើល្មើសនោះបណ្តាលឱ្យមានការចម្លងជំងឺទៅអ្នកដទៃ ត្រូវដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យប្រាក់ពី ២លាន ទៅ ១០លានរៀល៕