បុរស់៣នាក់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលចោទថាល្មើសនឹងវិធានសុខាភិបាលនោះ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញហើយកាលពីម្សិលមិញ ក្រោយពិនិត្យឃើញអង្គហេតុនៃការចោទប្រកាន់មិនត្រូវជាប់ពន្ធនាគារឡើយ។
អាជ្ញាធរខណ្ឌសែនសុខ កាលពីល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ បានឃាត់ខ្លួនបុរស៣នាក់ រួមមាន លោក អូន រតនា អាយុ៣៧ឆ្នាំ លោក ហូ រុនមុនី អាយុ៣០ឆ្នាំ និងលោក ហេង សូវីត អាយុ៧២ឆ្នាំ ចោទថា ល្មើសនឹងវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខណៈពួកគេបានជួបជុំគ្នាផឹកស៊ីនៅមុខបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ពីរថ្ងៃបន្ទាប់ បុរសទាំង៣នាក់នោះត្រូវបានមន្ត្រីនគរបាលខណ្ឌសែនសុខ បញ្ជូនទៅកាន់តុលាការ ដើម្បីបន្តនីតិវិធីច្បាប់។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានឱ្យដឹងថា បុរសទាំង៣នាក់នោះត្រូវបានដោះលែងវិញហើយកាលពីម្សិលមិញ ក្រោយពិនិត្យឃើញថា បទល្មើសដែលសមត្ថកិច្ចចោទនោះ មិនអាចឱ្យពួកគេជាប់ពន្ធនាគារទេ ប៉ុន្តែពួកគេត្រូវពិន័យអន្តរការណ៍។
លោក គុជ គឹមឡុង បញ្ជាក់ថា៖ «ចំពោះបុរស៣នាក់នេះ អង្គហេតុគាត់គឺគាត់ល្មើសនឹងមាត្រា៣ នៃច្បាប់ស្តីពីកូវីដ ហើយទណ្ឌកម្មរបស់ពួកគាត់ យោងតាមមាត្រា៥ហ្នឹង គាត់មិនត្រូវជាប់ពន្ធនាគារទេ គឺតម្រូវឱ្យមានពិន័យអន្តរការណ៍។ អញ្ចឹងក្រោយពីសាកសួរតាមនីតិវិធីរួច លោកព្រះរាជអាជ្ញារង មុត តារា បានសម្រេចឱ្យក្រសួងសុខាភិបាលមានសមត្ថកិច្ចក្នុងការពិន័យអន្តរការណ៍ ឱ្យពួកគាត់ទាំង៣នាក់ធ្វើកិច្ចសន្យានិងអប់រំ ដើម្បីចូលរួមគោរពវិធានសុខាភិបាលទាំងអស់គ្នា ហើយនិងបានអនុញ្ញាតឱ្យពួកគាត់ទាំង៣នាក់បានត្រឡប់ទៅវិញហើយ»។
អនុក្រឹត្យស្តីពី «វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ដែលរដ្ឋាភិបាលទើបនឹងដាក់ឱ្យប្រើប្រាស់ថ្មីៗនេះ ត្រង់ទោសប្បញ្ញត្តិ ចែងថា៖
«ត្រូវធ្វើការព្រមាន ឬណែនាំដោយមន្ត្រីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ចំពោះអ្នកទទួលខុសត្រូវក្នុងការរៀបចំការជួបជុំមនុស្ស ឬសង្គមដទៃទៀតដែលមិនគោរពវិធានការគម្លាតសុវត្ថិភាពសង្គម។ ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើសដដែល ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល»៕