ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧២នាក់បន្ថែមទៀត ក្នុងនោះ អ្នកឆ្លងព្រឹត្តិការណ៍សហគមន៍មានចំនួន៧១នាក់ ខណៈម្នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ទាំង៧១នាក់ដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍នោះ រួមមាន ជនជាតិខ្មែរ៦៨នាក់ ជនជាតិចិន៣នាក់ និងជនជាតិមីយ៉ាន់ម៉ាម្នាក់ រស់នៅរាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ។ ចំណែកអ្នកឆ្លងម្នាក់ទៀតជាជនជាតិឥណ្ឌា បានធ្វើដំណើរមកដល់កម្ពុជា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។
ក្រសួងសុខាភិបាល បន្តទៀតថា ក្រៅពីមានអ្នកឆ្លង ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន៤៧នាក់ បានជាសះស្បើយពីជំងឺផងដែរ។
ក្នុងរយៈពេលជាង១ខែនៃការផ្ទុះជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ អ្នកឆ្លងជំងឺនេះបានកើនដល់២ ២៩៣នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន២២នាក់ ខណៈអ្នកឆ្លងនៅទូទាំងប្រទេសបានកើនដល់២ ៨២៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយ១ ៧៩៤នាក់ និងកំពុងសម្រាកព្យាបាល១ ០០៣នាក់៕