បណ្តាប្រទេសមួយចំនួនអរគុណដល់កម្ពុជាដែលបានអនុញ្ញាតឱ្យមន្ត្រីទូតរបស់ខ្លួន រួមទាំងគ្រួសាររបស់ពួកគេ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បើទោះការផ្គត់ផ្គង់វ៉ាក់សាំងនៅកម្ពុជានៅមានកម្រិតក៏ដោយ។
យោងតាមលិខិតក្រសួងការបរទេសកម្ពុជា ផ្ញើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ប្រទេសដែលថ្លែងអំណរគុណកម្ពុជា ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់មន្ត្រីទូតរបស់ពួកគេនោះ រួមមាន ព្រុយណេ បារាំង វៀតណាម និងឥណ្ឌូនេស៊ី ។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន និយាយក្នុងលិខិតនោះថា ប្រទេសទាំងនោះបានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅដល់រដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យសហគមន៍ការទូតប្រចាំកម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca។
លោក ប្រាក់ សុខុន បានគូសបញ្ជាក់ក្នុងលិខិតនោះទៀតថា៖ «តាមរយៈកំណត់ទូតរបស់ស្ថានទូតព្រុយណេប្រចាំកម្ពុជា បានលើកឡើងថា ស្ថានទូតព្រុយណេជឿជាក់ថា កម្ពុជាជាប្រទេសដំបូងបង្អស់ដែលផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ដល់សហគមន៍ការទូត ខណៈពេលដែលវ៉ាក់សាំងនេះមានតម្រូវការខ្ពស់ ហើយការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានថ្លែងថា វ៉ាក់សាំងប្រភេទ AstraZeneca នឹងត្រូវចាក់ជូនមន្ត្រីការទូត ដៃគូអភិវឌ្ឍន៍អន្តរជាតិ និងមន្ត្រីអង្គការសហប្រជាជាតិ ដែលជាប់បំពេញការងារនៅកម្ពុជា ដោយឥតគិតថ្លៃ ដូចឥស្សរជននយោបាយកម្ពុជា និងពលរដ្ឋវ័យ៦០ឆ្នាំឡើងទៅមួយចំនួនផងដែរ ខណៈវ៉ាក់សាំងដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនេះ ជាង៣០ម៉ឺនដូស បានមកដល់កម្ពុជា៕