ក្រសួងសុខាភិបាល រកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៦៣នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមាន៩៤នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ឱ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទាំង៦៣នាក់នោះ រួមមាន ជនជាតិខ្មែរ៦០នាក់ ជនជាតិវៀតណាម២នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់ ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តព្រៃវែង ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង។
ក្រៅពីអ្នកឆ្លង ក្រសួងសុខាភិបាលថា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក៏មានអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៩៤នាក់បានជាសះស្បើយផងដែរ។
ក្នុងរយៈពេលជាង១ខែ នៃការផ្ទុះជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ចំនួនអ្នកឆ្លងបានកើនដល់២ ២២២នាក់ ក្នុងនោះ មានអ្នកស្លាប់២១នាក់ ខណៈអ្នកឆ្លងនៅទូទាំងប្រទេសបានកើនដល់២ ៧៥២នាក់ ព្យាបាលជាសះស្បើយ១ ៧៤៧នាក់ និងកំពុងសម្រាកព្យាបាល៩៧៩នាក់៕