លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានណែនាំក្រសួងពាក់ព័ន្ធឱ្យរៀបចំចាក់វ៉ាក់សាំងជូនពលរដ្ឋដែលងាយរងគ្រោះ ក្នុងរាជធានីភ្នំពេញ ចំនួន២០ម៉ឺននាក់បន្ថែមទៀត សម្រាប់អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
តាមរយៈសារជាសំឡេងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រាជធានីភ្នំពេញ ពេលនេះ បានក្លាយជាចំណុចសំខាន់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងជាទីកន្លែងដែលត្រូវទប់ស្កាត់បន្ទាន់ ។
លោកគូសបញ្ជាក់ថា ការងារបន្ទាន់នេះ ប្រធានគណៈកម្មការចំពោះកិច្ច លោកស្រី ឱ វណ្ណឌីន និងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ត្រូវទទួលរ៉ាប់រង។
បើតាមលោកនាយករដ្ឋមន្ត្រី អ្នកដែលត្រូវទទួលបានការចាក់វ៉ាក់សាំងបន្ទាន់នេះ មានអ្នករត់កង់បី អ្នកដឹកអីវ៉ាន់ដែលបញ្ជាទិញតាមអនឡាញ អ្នកលក់បន្លែ-ផ្លែឈើ និងអ្នកលក់ដូរមួយចំនួននៅតាមទីផ្សារ ជាដើម ដែលលោកព្រួយបារម្ភថា ពួកគេអាចនឹងជាអ្នកចម្លងជំងឺដ៏កាចសាហាវនេះ។
លោកបានថ្លែងថា៖ «បើយើងធ្វើមិនស្រួលទេ ពួកគេអាចជាភ្នាក់ងារចម្លងពីកន្លែងមួយទៀតទៅកន្លែងមួយ ដូច្នេះខ្ញុំស្នើឱ្យរៀបចំបន្ទាន់ ហោចណាស់យើងចាក់បន្ថែមបាន២០ម៉ឺននាក់នៅទីក្រុងភ្នំពេញ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ»។
VOD មិនទាន់សុំការបញ្ជាក់ពីលោកស្រី ឱ វណ្ណឌីន បាននៅឡើយទេនៅរសៀលនេះ។
អ្នករត់ម៉ូតូកង់បីនៅរាជធានីភ្នំពេញមួយរូប លោក ហេង សុភក្ត្រា អាយុ៤១ឆ្នាំ និយាយថា លោកមិនទាន់ហ៊ានទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅឡើយទេ។
លោកថា៖ «ខ្ញុំទៅចាក់ បើអាជ្ញាធរប្រាប់ឱ្យទៅចាក់ ព្រោះអីការពារសុខភាពព្រោះខ្លាចដែរ»។
ប៉ុន្តែអ្នករត់ម៉ូតូកង់បីម្នាក់ទៀត លោក សិរី វិសាល អះអាងថា គាត់នឹងមិនទៅចាក់វ៉ាក់សាំងនេះទេ ដោយថា មិនសូវមានទំនុកចិត្ត។
លោកថា៖ «អត់ទុកចិត្តទេ! ព្រោះអីមន្ត្រីខ្លះចាក់ពីរដងហើយនៅតែគ្រោះថ្នាក់ដែរ ខ្ញុំមិនហ៊ានទេ ព្រោះឥលូវជាលក្ខណៈមួយរកទុកចិត្តអត់បានទេ»។
ចំណែកស្ត្រីលក់បន្លែនៅផ្សារដើមគរ រាជធានីភ្នំពេញ អ្នកស្រី ស៊ឹម អាត អាយុ៣៧ឆ្នាំ ហាក់បង្ហាញភាពស្ទាក់ស្ទើរក្នុងការទៅចាក់វ៉ាក់សាំងនេះ ដោយសារតែអ្នកស្រីមានជំងឺប្រចាំកាយ។
អ្នកស្រីថា៖ «អត់ទាន់ដឹងទេ ចាំពិគ្រោះជាមួយប្តីខ្ញុំសិន ព្រោះខ្ញុំមិនមែនជាអ្នកជាប៉ុន្មានទេ ខ្ញុំជាអ្នកឈឺដែរហ្នឹង ចាស៎! ខ្សោយ»។
ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ សាទរដែលរដ្ឋាភិបាលអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចទៅចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩នេះ។ ប៉ុន្តែលោកថា រដ្ឋាភិបាលគួររកវ៉ាក់សាំងណាដែលមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីកុំឱ្យពលរដ្ឋមានការព្រួយបារម្ភ។
លោកថា៖ «វាជាការសារទរដែលរដ្ឋាភិបាលគិតអំពីសុវត្ថិភាពនៃការឆ្លងកូវីដ ហើយដើម្បីឱ្យប្រសើរជាងហ្នឹង រដ្ឋាភិបាលគួរតែគិតអំពីហានិភ័យសេដ្ឋកិច្ចចំពោះពួកគាត់ដែរ ព្រោះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ពួកគាត់ធ្លាក់មកដល់ស្ទើរសូន្យ ហើយមានបិទបម្រាមគោរចរទៀត ចប់»។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលដែលបានផ្សព្វផ្សាយនៅព្រឹកថ្ងៃសុក្រនេះ ឱ្យដឹងថា គិតត្រឹមថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនជនស៊ីវិលទូទាំងប្រទេស សរុបទាំងអស់ចំនួន ២៨៨ ៦៨៤នាក់។
ក្រសួងសុខាភិបាលក៏បានឱ្យដឹងដែរថា ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនដល់២ ០១៧នាក់ ក្នុងនោះ ស្លាប់ចំនួន១៦នាក់ ខណៈអ្នកឆ្លងនៅទូទាំងប្រទេសសរុបមានចំនួន២ ៥៤៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១ ២៥៦នាក់ និងកំពុងសម្រាកព្យាបាល១ ២៧០នាក់៕