ក្រសួងសុខាភិបាល នៅថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីបន្ថែមទៀតចំនួន៦៩នាក់ ក្នុងនោះមានអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ៦៨នាក់ និងម្នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស ដែលធ្វើឱ្យចំនួនអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍បានកើនដល់ជាង២ ០០០នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦៨នាក់ ដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ រួមមាន ពលរដ្ឋខ្មែរចំនួន៦៣នាក់ ជនជាតិវៀតណាម ចំនួន២នាក់ និងជនជាតិចិន ចំនួន៤នាក់ រស់នៅរាជធានីភ្នំពេញ ខេត្តសា្វយរៀង ខេត្តកណ្ដាល និងខេត្តព្រះសីហនុ។
ចំណែកអ្នកឆ្លងម្នាក់ទៀតជាជនជាតិឥណ្ឌូនេស៊ី បានធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។
ក្រៅពីអ្នកឆ្លង នៅថ្ងៃនេះ ក្រសួងថា អ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍១៦នាក់ផ្សេងទៀតបានជាសះស្បើយ។
បើតាមក្រសួងសុខាភិបាលឱ្យដឹងថា ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សរុប២ ០១៧នាក់ ក្នុងនោះ ស្លាប់ចំនួន១៦នាក់ ខណៈអ្នកឆ្លងនៅទូទាំងប្រទេសសរុបមានចំនួន២ ៥៤៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១ ២៥៦នាក់ និងកំពុងសម្រាកព្យាបាល១ ២៧០នាក់៕