អ្នកជំនាញផ្នែកកសិកម្ម ជំរុញឱ្យអាជ្ញាធរមានវិធានការរក្សាទឹកទុក និងជួសជុលប្រព័ន្ធធារាសាស្រ្តឡើងវិញ ដោយថា នៅតំបន់មួយចំនួននារដូវប្រាំង ពេលអាកាសធាតុក្តៅខ្លាំង តែងតែប្រឈមការខ្វះខាតទឹកក្នុងការធ្វើកសិកម្ម។
លោក យ៉ង់ សាំងកុមារ អ្នកជំនាញផ្នែកកសិកម្ម មានប្រសាសន៍ថា នៅពេលរដូវប្រាំងចូលមកដល់ ផ្នែកខ្លះនៃតំបន់ទំនាបកណ្តាល តំបន់ភ្នំ និងខ្ពង់រាប ក្នុងប្រទេសកម្ពុជា ដែលរួមមានខេត្តកំពង់ឆ្នាំង បាត់ដំបង សៀមរាប រតនគិរី មណ្ឌលគិរីជាដើមនោះ តែងតែប្រឈមការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងការដាំដំណាំផ្សេងៗរបស់ប្រជាកសិករ។
លោកថា ការរក្សាទឹកសម្រាប់ប្រើប្រាស់នារដូវប្រាំងនេះ គឺជាវិធានការចាំបាច់ដែលត្រូវធ្វើ ដោយមានការជីកស្រះ មានអាងស្តុកទឹក ឬមានប្រព័ន្ធរក្សាទឹកទុកនៅក្នុងសហគមន៍ ជាដើម។
លោក យ៉ង់ សាំងកុមារ៖ «សម្រាប់រយៈពេលវែងឆ្ងាយ គឺត្រូវបង្កើនសមត្ថភាពស្តុបទឹកទុក ព្រោះតិចទៀតទៅអាចភ្លៀងមកវិញ។ ស្តុកទុកទឹកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងសម្រាប់ប្រើប្រាស់តាមរយៈការដាំដុះ អាចដូចជាពាង ជាអាងតាមផ្ទះ អាចមានជាស្រះជីកទាន់រាំងស្ងួត អញ្ចឹងយើងពង្រីកជាស្រះធំ ទន្ទឹមនឹងនេះក៏ត្រូវមានការវិនិយោគសាធារណៈបន្ថែមទៅលើប្រព័ន្ធស្តុកទឹកទាំងអស់ហ្នឹង មានប្រឡាយតាមសហគមន៍ជួយដោះស្រាយបញ្ហាហ្នឹង»។
អ្នកជំនាញផ្នែកកសិកម្មរូបនេះបានបន្ថែមថា អាជ្ញាធរនៅក្នុងតំបន់ដែលរងផលប៉ះពាល់ពីការខ្វះទឹកប្រើប្រាស់ ត្រូវមានផែនការច្បាស់លាស់ ដើម្បីពិនិត្យតាមដានពីស្ថានភាពទឹកនៅក្នុងសហគមន៍ ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកដល់ប្រជាកសិករឱ្យមានគ្រប់គ្រាន់។
លោក យ៉ង់ សាំងកុមារ៖ «ត្រូវមានផែនការមេមួយសម្រាប់តំបន់មួយៗ អាចជាឃុំ ជាស្រុក។ ក្នុងផែនការមេហ្នឹងត្រូវមានផ្នែកវា ថាឥលូវមានទឹកអត់ក្នុងគ្រួសារ ទឹកសម្រាប់សត្វ ទឹកសម្រាប់កសិកម្មដាំដុះ ក្នុងហ្នឹងមានការគ្រប់គ្រងទឹកក្នុងគ្រួសារដូចជាពាង ស្រះទឹកសម្រាប់ក្នុងភូមិឬជាក្រុម ហើយការគ្រប់គ្រងទឹកជាកម្រិតភូមិឃុំ ឧទាហរណ៍ ធ្វើអាងទឹកធំៗដែលវាធ្វើពាក់ព័ន្ធច្រើនភូមិឃុំ ត្រូវមានផែនការប្រាំឆ្នាំដប់ឆ្នាំ ហើយពីមួយឆ្នាំទៅមួយឆ្នាំ បញ្ហាទឹកត្រូវបានដោះស្រាយ កុំឱ្យវានៅដដែលៗ»។
ជាមួយគ្នានេះ ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បានថ្លែងថា អាជ្ញាធរត្រូវបង្កើនការផ្សព្វផ្សាយអំពីសារៈសំខាន់នៃការថែរក្សាទឹកទុកដល់កសិករ ដោយជំរុញឱ្យប្រជាកសិករជីកស្រះជាលក្ខណៈគ្រួសារដើម្បីស្តុកទឹក និងមានការចូលរួមត្រួតពិនិត្យដោយផ្ទាល់ពីអាជ្ញាធរមូលដ្ឋាន ដោយមានជាសកម្មភាពលើកទឹកចិត្តចំពោះកសិករគំរូណាដែលបានអនុវត្តខ្ជាប់ខ្ជួនក្នុងការថែរក្សានិងការប្រើប្រាស់ទឹកដោយសន្សំសំចៃ។
លោកក៏បានជំរុញឱ្យកសិករចូលរួមរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាននៅក្នុងសហគមន៍របស់ពួកគេពីការខ្វះទឹកនេះផងដែរ។
លោក ថេង សាវឿន៖ «កសិករត្រូវប្រើប្រាស់ទឹកដោយសន្សំសំចៃ រឿងទី១! ហើយរឿងទី២ គួរតែត្រូវបានស្នើសំណើផ្សេងៗទៅកាន់អាជ្ញាធរឃុំសង្កាត់ឱ្យជួយគាំទ្រ និងរៀបចំឱ្យមានការស្តុកទឹក ប្រឡាយ អូរ បឹងបួ ឬស្រះ ឬអាងទឹក ដើម្បីធ្វើយ៉ាងម៉េចធានាបានថា ទឹកអាចរក្សាធ្វើការស្រោចស្រពដំណាំកសិកម្មរបស់ពួកគាត់បាន ឬមានវិធីសាស្រ្តក្នុងការបញ្ចូលទឹកបានផងដែរ»។
រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បានថ្លែងថា ការគ្រប់គ្រងទឹកក្នុងការធ្វើកសិកម្ម គឺជាកិច្ចការរបស់ក្រសួងធនធានទឹក និងឧតុនិយម។
លោក វេង សាខុន៖ «ពាក់ព័ន្ធបញ្ហានេះ គួរលើកសំណួរនេះទៅក្រសួងធានធានទឹក និងឧតុនិយមវិញ បានដឹងច្បាស់ថាគេមានរៀបចំផែនការនៃការគ្រប់គ្រងទឹក និងការជួយចាត់ចែងអន្តរាគមន៍បែបណា»។
អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា មិនអាចសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី១ ខែមេសានេះ ដោយទូរសព្ទចូល ប៉ុន្តែលោកថារវល់ប្រជុំ។
បើតាមលោក យ៉ង់ សាំងកុមារ បានឱ្យដឹងថា ប្រព័ន្ធធារាសាស្រ្តនៅទូទាំងប្រទេសកម្ពុជា បានសងសង់រួចរាល់ប្រមាណ៥០ភាគរយ ដែលស្មើនឹងជាង២ ៥០០ខ្សែ ប៉ុន្តែលោកថា មានប្រមាណតែ១០ភាគរយប៉ុណ្ណោះដែលកសិករអាចនៅប្រើប្រាស់បាន ដើម្បីស្រោចស្រពដំណាំកសិកម្មរបស់ពួកគេ។
ទោះយ៉ាងណា លោកថា ប្រព័ន្ធធារាសាស្រ្តទាំងនោះគួរត្រូវបានជួសជុស ដោយមានការថែទាំគ្រប់គ្រងឱ្យបានល្អប្រសើរឡើងវិញ។
លោក យ៉ង់ សាំងកុមារ៖ «និយាយទៅ វាត្រូវស្តារ [ប្រព័ន្ធធារាសាស្រ្ត] ឡើងវិញទាំងអស់ គ្រប់កន្លែង ប៉ុន្តែសំខាន់ត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងថែរក្សាប្រឡាយ និងរបៀបជាសហគមន៍ របៀបជារដ្ឋ ជាការចូលរួមពីអាជ្ញាធរមូលដ្ឋាន អ្វីដែលសំខាន់ ការធ្វើការសាងសង់ ប៉ុន្តែបើយើងអត់មានការគ្រប់គ្រង ការថែរក្សា ថែទាំ ក៏វាឆាប់ខូចទៅវិញ ហ្នឹងហើយជាបញ្ហាដែលយើងជួបកន្លងមក។ កន្លងមក យើងធ្វើបានច្រើន ធ្វើធារាសាស្រ្ត អាងទឹកអី ដើម្បីអាចមានប្រព័ន្ធស្រោចស្រពអីរហូតដល់៥០ភាគរយ ប៉ុន្តែអ្វីដែលនៅប្រើបានប្រហែលជា១០ភាគរយអីហ្នឹង»៕
អត្ថបទដោយ ទួក ពិសិដ្ឋ