រដ្ឋបាលរាជធានីភ្នំពេញ ស្នើទៅអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់លើអ្នកប្រើប្រាស់បណ្តាញសង្គម ដែលផ្សព្វផ្សាយព័ត៌មានធ្វើឱ្យមានការភាន់ច្រឡំនៅក្នុងសង្គម ជាពិសេសរឿងផ្សាយថា ការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ពលករមកពីក្រៅប្រទេស តម្រូវឱ្យបង់ថ្លៃក្នុងម្នាក់១៥០ដុល្លារ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍ប្រាប់ វីអូឌី នៅថ្ងៃនេះថា គណនីហ្វេសប៊ុកឈ្មោះ «ប្រូលីម៉េង ហៀង» បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនកាលពីម្សិលមិញថា ពលករដែលមកពីក្រៅប្រទេស ត្រឡប់មកស្រុកកំណើតវិញ នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះ ពោធិ៍ចិនតុង) ត្រូវប៉ូលិសត្រួតពិនិត្យសុខភាព ធ្វើតេស្តរកវីរុសកូវីដ-១៩ និងបញ្ជូនទៅរកកន្លែងស្នាក់នៅ ហើយតម្រូវឱ្យបង់ប្រាក់១៥០ដុល្លារក្នុងមួយនាក់ដើម្បីបានចាក់វ៉ាក់សាំងការពារជំងឺនេះ។
លោក ម៉េត មាសភក្តី បានបដិសេធនឹងការលើកឡើងនេះ និងស្នើទៅអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ ទៅលើម្ចាស់គណនីហ្វេសប៊ុកនោះ។
លោកស្នើដូច្នេះថា៖ «ពេលដែលច្រានចោលព័ត៌មានកាលពីម្សិលមិញហើយ ក៏ឱ្យទៅសមត្ថកិច្ចស្រាវជ្រាវមើលករណីអ្នកដែលតែងតែផុសដដែល។ លេងហ្វេសប៊ុកជាសេរីភាពរបស់យើង ប៉ុន្តែការចែកចាយដែលមិនមានការពិចារណា ការយករឿងអ្វីមួយមកផុសខុសពីការពិត វាទៅជាបទល្មើសផ្សេងមួយទៀត ទៅជារឿងបំពុលសង្គមធំៗ ត្រូវចាត់វិធានការច្បាប់»។
ដោយឡែក កាលពីពេលថ្មីៗនេះ ក៏មានម្ចាស់គណនី Tik Tok ដែលមានឈ្មោះ «Rachana BK» ដោយបានបង្ហោះវីដេអូមានខ្លឹមសារជាសំឡេងថា «ភ្នំពេញ គេអាចបិទច្រកយប់ហ្នឹង គេប្រកាសអាសន្នបិទច្រកលែងឱ្យចូលភ្នំពេញ […]» ហើយបានភ្ជាប់ជាមួយនឹងសកម្មភាពវីដេអូនៃការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យសាធារណជនទូទៅមានការយល់ច្រឡំ។
ករណីនេះ លោក ម៉េត មាសភក្តី បញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានកោះហៅជនសង្ស័យឈ្មោះ វ៉ាន់ រចនា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាម្ចាស់គណនី Tik Tok ឈ្មោះ «Rachana BK» ទៅសួរនាំរួចហើយកាលពីថ្ងៃម្សិលមិញ។
លោកបន្តថា ក្រោយពីទទួលកំហុស សមត្ថកិច្ចបានធ្វើការណែនាំអប់រំ និងឱ្យធ្វើកិច្ចសន្យាសុំទោសជាសាធារណៈ រួចហើយបានអនុញ្ញាតឱ្យបុរសរូបនេះត្រឡប់ទៅផ្ទះវិញនៅថ្ងៃដដែល។
ទោះជាបែបនេះក្តី វីអូឌី មិនអាចសុំការបំភ្លឺជំុវិញករណីនេះពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ប្រូលីម៉េង ហៀង» និងម្ចាស់គណនី Tik Tok ដែលមានឈ្មោះ «Rachana BK» បានទេនៅថ្ងៃនេះ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ថា ក្រុមការងារជំនាញកំពុងធ្វើការស្រាវជ្រាវលើរឿងនេះ ប៉ុន្តែលោកថា រហូតមកដល់ពេលនេះ នៅមិនទាន់មានតម្រុយនៅឡើយ។ លោកបន្តថា ការស្រាវជ្រាវមានការលំបាក ដោយសារគណនីហ្វេសប៊ុក ឬគណនី Tik Tok ខ្លះ ត្រូវបានគេប្រើប្រាស់នៅក្រៅប្រទេស។
លោកមានប្រសាសន៍ថា៖ «ដំណើរការនៃការស្រាវជ្រាវ យើងកំពុងធ្វើដូចគ្នា ប៉ុន្តែគ្រាន់តែថា បើសិនជាអាក់ខោនមួយចំនួននៅក្នុងប្រទេស គឺយើងស្រាវជ្រាវ គឺយើងងាយស្រួលរកទេ ប៉ុន្តែយើងខ្លាចអាក់ខោនមួយចំនួនគឺនៅក្រៅប្រទេស ដែលគាត់តែងតែបង្កការញុះញង់ ឬក៏ផុស ឬក៏ផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឱ្យប្រជាពលរដ្ឋយើងមានការយល់ច្រឡំ»។
លោក សាន សុខសីហា បន្ថែមថា បើការស្រាវជ្រាវរកឃើញអ្នកដែលប្រើប្រាស់បណ្តាញសង្គមរិះគន់រដ្ឋាភិបាលពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ដល់សង្គម នោះអាជ្ញាធរអនុវត្តវិធានការចំនួន២ ដូចជា ទី១ បើពិនិត្យទៅស្រាល អាចនឹងធ្វើកិច្ចសន្យាកែខ្លួនឱ្យត្រឡប់ទៅផ្ទះវិញ និងទី២ បើផ្សព្វផ្សាយធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ ត្រូវបញ្ជូនទៅតុលាការចាត់វិធានការច្បាប់។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យ លោក ប៉ា ចន្ទរឿន បានអំពាវនាវឱ្យប្រជាពលរដ្ឋមុននឹងធ្វើការផ្សព្វផ្សាយ ឬចែករំលែកព័ត៌មាននៅលើបណ្តាញសង្គម ត្រូវពិនិត្យនិងមានប្រភពច្បាស់លាស់ ដើម្បីកុំឱ្យមានការចោទប្រកាន់ពីសមត្ថកិច្ច។ ចំណែករដ្ឋាភិបាលវិញ លោកជំរុញឱ្យមានការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ ថាព័ត៌មានបែបណាគួរផ្សាយឬចែករំលែក ព័ត៌មានបែបណាមិនគួរផ្សាយឬចែករំលែក ដើម្បីឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបានយល់ដឹង និងកុំឱ្យប្រព្រឹត្តខុសច្បាប់ ជាដើម។
លោក ប៉ា ចន្ទរឿន ក៏បានស្នើទៅអាជ្ញាធរ មុននឹងចាត់វិធានការច្បាប់លើអ្នកដែលប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នោះ ត្រូវធ្វើឱ្យមានតម្លាភាព និងសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកុំឱ្យប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋ ផ្ទុយពីរដ្ឋធម្មនុញ្ញ។
លោកស្នើដូច្នេះថា៖ «សមត្ថកិច្ចត្រូវតែប្រកាន់នូវគោលការណ៍យុត្តិធម៌ និងអព្យាក្រិត្យ នៅក្នុងគោលការណ៍វិនិច្ឆ័យបុគ្គលណាមួយថាមានទោសឬគ្មានទោស វាទាល់តែមានការឆ្លងកាត់ការពិនិត្យនិងវិនិច្ឆ័យដោយតុលាការ ឬក៏ឆ្លងកាត់ដំណើរការនៃការវិនិច្ឆ័យបែបយុត្តិធម៌ បានយើងអាចវិនិច្ឆ័យបាន ព្រោះវាជាសិទ្ធិដែលការពារដោយរដ្ឋធម្មនុញ្ញរបស់យើង ទាក់ទងនឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ»។
កាលពីដើមខែមិថុនា ឆ្នាំ២០២០ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី មីសែ្សល បាស្សេឡេត (Michelle Bachelet) ធ្លាប់បង្ហាញការព្រួយបារម្ភចំពោះវិធានការដែលរដ្ឋាភិបាលធ្វើការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលជំរុញឱ្យមានការចាប់ខ្លួនអ្នករិះគន់ ចោទពីបទឧក្រិដ្ឋរៀបចំផែនការប្រឆាំងរដ្ឋាភិបាល ដោយគ្រាន់តែពួកគេបង្ហាញកង្វល់ទាក់ទិននឹងជំងឺកូវីដ-១៩៕