ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៦៣នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងកើនដល់១ ៩១៤នាក់ គិតមកដល់ព្រឹកនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឱ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ ទាំង៦៣នាក់នោះមានជនជាតិចិន ៤នាក់ និងខ្មែរ ៥៩នាក់ មានអាសយដ្ឋាននៅរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ កណ្ដាល ស្វាយរៀង និងព្រះសីហនុ។
ក្រៅពីអ្នកឆ្លង ក្រសួងថា នៅថ្ងៃនេះក៏មានអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន១៥នាក់បានព្យាបាលជាសះស្បើយផងដែរ។
ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍សរុប១ ៩១៤នាក់ ក្នុងនោះស្លាប់១១នាក់ ខណៈអ្នកឆ្លងនៅទូទាំងប្រទេសសរុប២ ៤៤០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១ ១៩១នាក់ និងកំពុងសម្រាកព្យាបាល១ ២៣៤នាក់៕