ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនស្រ្តីម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយស្ត្រីរូបនោះបង្ហោះសារមិនពិតពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ លោក វ៉ាន់ សែនវិសុទ្ធ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានសម្រេចឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ នាំខ្លួនជនត្រូវចោទឈ្មោះ ថត គឹមសាន ភេទស្រី អាយុ៥១ឆ្នាំ ទៅដាក់ឃុំនៅមជ្ឈមណ្ឌលអប់រំកែប្រែទី២ (ម២) ជាបណ្តោះអាសន្ន រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
ដីកាដដែលបានឱ្យដឹងទៀតថា ការសម្រេចឃុំខ្លួនស្រ្តីរូវនោះធ្វើឡើងក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅកម្ពុជា កាលពីអំឡុងខែមីនា ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានទេនៅថ្ងៃនេះ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់ វីអូឌី នៅថ្ងៃនេះថា សមត្ថកិច្ចបានចាប់ឃាត់ខ្លួនស្ត្រីឈ្មោះ ថត គឹមសាន មានមុខរបរជាចុងភៅនៅភោជនីយដ្ឋានមួយនៅខណ្ឌទួលគោក កាលពីថ្ងៃអាទិត្យ និងបានបញ្ជូនទៅតុលាការកាលពីថ្ងៃម្សិលមិញ ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិតអំពីការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ចិន។
កាលពីដើមខែមីនានេះ អាជ្ញាធររាជធានីភ្នំពេញ ក៏បានចាប់បញ្ជូនខ្លួនមនុស្ស២នាក់ដែលជាអ្នកគាំទ្រ និងសកម្មជនអតីតគណបក្សប្រឆាំង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញផងដែរ។ ចៅក្រមស៊ើបសួរសាលាដំបូង បានសម្រេចចោទប្រកាន់ពួកគេទាំងពីរនាក់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងជេរប្រមាថ» ពាក់ព័ន្ធនឹងការសរសេរបង្ហោះព័ត៌មានអំពីវ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសចិន នៅលើបណ្តាញសង្គម៕