តុលាការកំពូល សម្រេចច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់សកម្មជនបរិស្ថាន ៣រូប ដោយ ចាត់ទុកសេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោមថាជារឿងត្រឹមត្រូវ ខណៈក្រុមគ្រួសារនិងអ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្សបង្ហាញការខកចិត្តចំពោះការបន្តឃុំខ្លួនសកម្មជនបរិស្ថានទាំងនោះ។
សកម្មជនបរិស្ថានទាំង៣រូបដែលរួមមាន កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និងលោក ថុន រដ្ឋា បានប្ដឹងជំទាស់សេចក្ដីសម្រេចរបស់តុលាការសាលាឧទ្ធរណ៍ទៅតុលាការកំពូល ក្រោយពីតុលាការមិនអនុញ្ញាតឱ្យពួកគេនៅក្រៅឃុំបណ្ដោះអាសន្ន។
អ្នកស្រី ប៉ាត់ រស្មី ជាភរិយារបស់លោក ថុន រដ្ឋា បានឱ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈនេះថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក ឃឹម ប៉ុន បានប្រកាសសាលដីកាដោយតម្កល់សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល ដែលមានន័យថា តុលាការមិនអនុញ្ញាតឱ្យសកម្មជនបរិស្ថានទាំង៣រូបនោះនៅក្រៅឃុំនោះទេ។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ បានសម្រេចបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់សកម្មជនបរិស្ថានទាំង៣រូប ដើម្បីរក្សាជនជាប់ចោទទុកជូនតុលាការសវនាការ និងទប់ស្កាត់កុំឱ្យមានបទល្មើសឡើងជាថ្មី។
អ្នកស្រី ប៉ាត់ រស្មី បានចាត់ទុកការសម្រេចរបស់តុលាការកំពូលថាជារឿងអយុត្តិធម៌ ដោយអ្នកស្រីអះអាងថា ប្តីរបស់គាត់និងសកម្មជនដទៃទៀតមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់ឡើយ។
អ្នកស្រីថា៖ «ខ្ញុំពិតជាសោកស្ដាយមែនទែន ខ្ញុំយល់ឃើញថា តុលាការពិតជាមិនឯករាជ្យ ហើយមិនមានតម្លាភាព សម្រាប់សកម្មជនមាតាធម្មជាតិ៣រូបទេ។ ខ្ញុំគិតថា បើតុលាការឯករាជ្យនិងមានតម្លាភាព ពិតជាអនុញ្ញាតឱ្យគាត់នៅក្រៅឃុំ ព្រោះគាត់មិនបានប្រព្រឹត្តអ្វីជាកំហុសទេ គាត់ធ្វើការដើម្បីស្រឡាញ់បរិស្ថាន ដើម្បីជួយសង្គម និងដើម្បីបម្រើប្រជាពលរដ្ឋទូទាំងប្រទេស»។
អ្នកស្រី គង់ ម៉ានិត ដែលត្រូវជាម្ដាយរបស់កញ្ញា ភួន កែវរស្មី លើកឡើងថា អ្នកស្រីមានការសោយស្ដាយដែលតុលាការមិនអនុញ្ញាតឱ្យកូនស្រីនិងអ្នកផ្សេងទៀតនៅក្រៅឃុំ។
អ្នកស្រីថា៖ «ខ្ញុំយល់ថា តុលាការមិនឯករាជ្យ ព្រោះកូនខ្ញុំមិនខុសអីផង សុំនៅក្រៅឃុំក៏មិនឱ្យ ដូចថាគា្នត្រូវការទៅរៀនសូត្របន្តអ៊ីចឹង ខ្ញុំចង់ឱ្យកូនទៅរៀនសូត្រវិញ។ ខ្ញុំសំណូមពរឱ្យរដ្ឋាភិបាលនិងតុលាការឱ្យជួយដោះលែង ដូចថាកូនខ្ញុំអត់មានការធ្វើអីខុសទេ គ្រាន់តែធ្វើកិច្ចការសង្គមអ៊ីចឹង»។
នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលឃ្លាំមើលករណីនេះ សម្ដែងការសោកស្ដាយចំពោះការសម្រេចរបស់តុលាការកំពូល បើទោះបីជាសកម្មជនទាំង៣រូបបង្ហាញពីឆន្ទៈថា នឹងចូលរួមគ្រប់ដំណាក់កាលនីតិវិធីរបស់តុលាការក៏ដោយ។
លោកបន្តថា រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធគួរធ្វើការលើកទឹកចិត្តដល់ពួកគាត់ដែលខិតខំចូលរួមការពារបរិស្ថាននិងធនធានធម្មជាតិសម្រាប់សង្គមជាតិ ជាជាងចាប់ខ្លួនពួកគាត់បែបនេះ។
លោកថា៖ «ការឃុំខ្លួនអ្នកទាំងអស់នេះ វាជាការគំរាមកំហែង បំភិតបំភ័យទៅលើក្រុមសកម្មជនការពារបរិស្ថាន ក៏ដូចជាធនធានធម្មជាតិព្រៃឈើ និងអ្នកធ្វើការងារសង្គមផ្សេងទៀត ដែលជារឿងមួយគួរឱ្យសោកស្ដាយបំផុត។ ប៉ុន្តែទោះជាយ៉ាងណា ការកត់សម្គាល់របស់ខ្ញុំទាក់ទងនឹងសកម្មជនផ្នែកសង្គម នៅពេលដែលសាលាដំបូងសម្រេចឃុំខ្លួនហើយ ទោះបីប្ដឹងជាឧទ្ធរណ៍និងកំពូល តែងតែរក្សានូវការសម្រេចសាលាដំបូងដដែល»។
សមត្ថកិច្ចចាប់ខ្លួនសកម្មជនមាតាធម្មជាតិ កញ្ញា ឡុង គន្ធា, កញ្ញា ភួន កែវរស្មី និងលោក ថុន រដ្ឋា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។
អ្នកទាំង៣រូបត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីពួកគេបានប្រកាសធ្វើយុទ្ធនាការដើរថ្មើរជើងពីវត្តភ្នំ ទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដាក់ញត្តិសុំឱ្យបញ្ឈប់ការលុបបឹងតាមោក។
សាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងចាប់ផ្តើមបើកសវនាការអង្គសេចក្តីលើសំណុំរឿងរបស់សកម្មជនបរិស្ថានទាំង៣នាក់ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ៕