សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចឃុំខ្លួនតំណាងប្រជាពលរដ្ឋម្នាក់នៅសហគមន៍អូរខ្សាច់ ក្នុងស្រុកស្ទឹងហាវ ដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយអតីតមន្ត្រីរាជការមួយរូប។
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២១នេះ សមត្ថកិច្ចខេត្តព្រះសីហនុ បានចាប់ខ្លួនតំណាងពលរដ្ឋម្នាក់ឈ្មោះ អេង វ៉ាន់ រស់នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ បញ្ជូនទៅសាលាដំបូងខេត្ត ក្នុងសំណុំរឿងដីធ្លីជាមួយបុគ្គលឈ្មោះ ប៉ុន សារឿន ដែលពលរដ្ឋអះអាងថាជាអតីតរដ្ឋលេខាធិការក្រសួងបរិស្ថាន។
អ្នកស្រី ឡុច ទូច អាយុ៦០ឆ្នាំ អះអាងជាតំណាងប្រជាពលរដ្ឋនៅសហគមន៍អូរខ្សាច់ ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា ប្រជាពលរដ្ឋចំនួន៤០គ្រួសារ រួមទាំងគ្រួសារអ្នកស្រី អេង វ៉ាន់ ដែលត្រូវតុលាការសម្រេចឃុំខ្លួននោះ មានបញ្ហាជម្លោះដីធ្លីជាមួយលោក ប៉ុន សារឿន ចាប់តាំងពីឆ្នាំ២០០៨មក លើដីទំហំ៥ហិកតា។
អ្នកស្រីបានចោទលោក ប៉ុន សារឿន ថាបានឃុបឃិតគ្នាជាប្រព័ន្ធលួចធ្វើបណ្ណកម្មសិទ្ធិ និងបានប្តឹងពួកគាត់ទៅតុលាការថែមទៀត។ អ្នកស្រីថា ទាំងតុលាការថ្នាក់ទាបរហូតដល់តុលាការកំពូល បានសម្រេចឱ្យតំណាងពលរដ្ឋចាញ់ក្តីលោក ប៉ុន សារឿន ដោយអយុត្តិធម៌។
អ្នកស្រីបន្ថែមថា៖ «គេរំលោភយកដីយើង ហើយគេប្តឹងយើងដាក់គុកទៀត។ យើងក្រីក្រ ហើយតុលាការកោះហៅអត់ឈប់ ហើយតុលាការដាក់ឱ្យអនុវត្តម្តងហើយម្តងទៀត ពួកខ្ញុំឈឺចាប់ណាស់ រកឱ្យអ្នកណាជួយក៏មិនបានដែរ ឯកសារដាក់ទៅ គេមិនដោះស្រាយឱ្យទៀត»។
អ្នកស្រី ឡុច ទូច អះអាងថា អ្នកស្រី អេង វ៉ាន់ ក៏ដូចជាគ្រួសារអ្នកស្រីនិងពលរដ្ឋផ្សេងទៀត បានទៅរស់នៅលើដីកំពុងមានជម្លោះនោះតាំងពីឆ្នាំ១៩៩២ ដោយមានបណ្ណសម្គាល់សិទ្ធិប្រើប្រាស់ដី និងមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ប៉ុន្តែពួកគាត់ពុំមានលទ្ធភាពធ្វើប្លង់កម្មសិទ្ធិ។ អ្នកស្រីថា ទើបតែនៅឆ្នាំ២០០៨ លោក ប៉ុន សារឿន បានប្តឹងពួកគាត់ទៅតុលាការ ដោយចោទប្រកាន់ថា បានរស់នៅលើដីរបស់ខ្លួនដែលមានប្លង់កម្មសិទ្ធិនៅឆ្នាំ១៩៩៤ទៅវិញ។
វីអូឌី មិនអាចសុំការឆ្លើយតបពីលោក ប៉ុន សារឿន បានទេ នៅថ្ងៃចន្ទនេះ។
ចំណែកអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ សុំមិនឆ្លើយតប ដោយថា រឿងនេះបានឆ្លងដល់ដៃតុលាការទៅហើយ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ មានប្រសាសន៍ថា ករណីសមត្ថកិច្ចចាប់ខ្លួនអ្នកស្រី អេង វ៉ាន់ គឺធ្វើឡើងទៅតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការតែប៉ុណ្ណោះ។
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ លោក លឹម ប៊ុនហេង ប្រាប់វីអូឌីតាមតេឡេក្រាមថា ការចាប់ខ្លួនអ្នកស្រី អេង វ៉ាន់ គឺជាការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនតាមអំណាចសាលដីកាព្រហ្មទណ្ឌរបស់តុលាការកំពូល។ លោកថា បច្ចុប្បន្ន អ្នកស្រី អេង វ៉ាន់ ត្រូវបានបញ្ជូនទៅពន្ធនាគារ កាលពីរសៀលថ្ងៃទី៩ ខែមករា ដើម្បីអនុវត្តទោសហើយ ប៉ុន្តែលោកមិនប្រាប់បទចោទនោះទេ។
អ្នកសម្របសម្រួលសហគមន៍នៃសមាគមសម្ព័ន្ធកសិករកម្ពុជា លោក ញ៉ិល ភាព ដែលឃ្លាំមើលករណីនេះ មានប្រសាសន៍ថា ការចាប់និងឃុំខ្លួនអ្នកស្រី អេង វ៉ាន់ នោះ គឺជារឿងអយុត្តិធម៌មួយ និងធ្វើឡើងខុសនីតិវិធី។
លោកថា ក្រុមពលរដ្ឋបានទៅរស់នៅតំបន់មានជម្លោះយូរឆ្នាំហើយ ដែលពួកគេអាចមានសិទ្ធិទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់។ លោកបន្តថា ករណីតុលាការសម្រេចឱ្យពលរដ្ឋចាញ់ក្តីនោះ គឺធ្វើដោយកំបាំងមុខថែមទៀត។
លោកបន្ថែមថា៖ «អ៊ីចឹងនីតិវិធីរបស់តុលាការហ្នឹង វាបម្រើទៅឱ្យផលប្រយោជន៍ជនដែលមានអំណាចនិងមន្ត្រីខិលខូចក្នុងជួររដ្ឋាភិបាល ហើយធ្វើបាបមកលើកសិករ ប្រជាពលរដ្ឋទន់ខ្សោយ។ ហ្នឹងជាអំពើពុករលួយជាប្រព័ន្ធតាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិហ្នឹង ឃុបឃិតគ្នាយកដីប្រជាពលរដ្ឋដោយប្រើប្រាស់តាមប្រព័ន្ធតុលាការ ដែលប្រព័ន្ធតុលាការសព្វថ្ងៃ យើងមិនអាចទុកចិត្តបាន»។
កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តព្រះសីហនុ លោក ឡា ប៊ុនហួន បានចេញលិខិតលើកទី២ ឱ្យពលរដ្ឋ៤នាក់ រួមមាន អ្នកស្រី ឡុច ទូច អ្នកស្រី យឹម មុំ អ្នកស្រី អេង វ៉ាន់ និងលោក កៅហួរ រុះរើផ្ទះនិងសំណង់ផ្សេងៗចេញពីដីមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ ទៅតាមដីកាបង្គាប់របស់តុលាការកំពូល ប៉ុន្តែក្រុមប្រជាពលរដ្ឋទាំងនោះមិនព្រមរុះរើ ទើបឈានដល់មានការចាប់ខ្លួនតែម្តង៕