ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសថា ពលរដ្ឋក្រីក្រចំនួន ១៣៨២គ្រួសារ នៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ទទួលបានការដោះស្រាយដីសម្បទានសង្គមកិច្ចពីរដ្ឋរួចរាល់ហើយ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋបាលខេត្ត និងគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីខេត្តក្រចេះ បានដោះស្រាយដោយបែងចែកដីសម្បទានសង្គមកិច្ចជូនពលរដ្ឋក្រីក្រចំនួន៣ក្រុម រួមមាន ក្រុម ៩៩៨គ្រួសារ ក្រុម ៣៥៣គ្រួសារ និង៣១គ្រួសារ រួចជាស្ថាពរហើយ កាលពីដើមខែមិថុនា។
សេចក្តីប្រកាសព័ត៌មានដដែល បន្តថា ក្រសួងរៀបចំដែនដី បានពិនិត្យឃើញថា ការរៀបចំបែងចែកដីសម្បទានសង្គមកិច្ចទៅឱ្យពលរដ្ឋទាំងនោះ គឺស្របទៅតាមនីតិវិធី និងច្បាប់ត្រឹមត្រូវ។
ក្រសួងបញ្ជាក់ថា ប្រសិនបើមានពលរដ្ឋណាចេញមកតវ៉ាទាមទារដីធ្លីថ្មី ដោយអះអាងថា ខ្លួនជាក្រុមណាមួយនៃក្រុមទាំង៣នេះ ក្រសួងនឹងចាត់ទុកជាការបង្កើតវិវាទថ្មី ដែលនឹងមិនយកមកដោះស្រាយឡើយ និងត្រូវចាត់វិធានការតាមផ្លូវច្បាប់៕