សាលាដំបូងខេត្តកំពត កាលពីថ្ងៃម្សិលមិញ បានផ្តន្ទាទោសស្ត្រីអតីតសកម្មជនបក្សសង្គ្រោះជាតិម្នាក់ដាក់ពន្ធនាគារ៥ឆ្នាំ ពីបទ«រួមគំនិតក្បត់ជាតិ»។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែសីហា សាលាដំបូងខេត្ត បានបើកសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌដែលមានជនជាប់ចោទឈ្មោះ ប៉ែន មុំ អាយុ៣៩ឆ្នាំ ពីបទ «រួមគំនិតក្បត់ជាតិ» ពាក់ព័ន្ធនឹងអង្គហេតុការកៀរគរនិងបំផុសប្រជាជនឱ្យចូលរួមក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល ដែលដឹកនាំនិងចាត់តាំងអនុវត្តដោយលោក សម រង្ស៊ី។
អ្នកនាំពាក្យសាលាដំបូងខេត្ត បានបន្តថា នៅពេលប្រកាសសាលក្រមកាលពីថ្ងៃម្សិលមិញ តុលាការបានសម្រេចផ្តន្ទាទោសឈ្មោះ ប៉ែន មុំ ដាក់ពន្ធនាគារ៥ឆ្នាំ ពីបទ «រួមគំនិតក្បត់ជាតិ» ប្រព្រឹត្តនៅភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អ្នកនាំពាក្យបានបញ្ជាក់ថា ក្រោយពីការប្រកាសសាលក្រម ស្ត្រីរូបនោះត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពតភ្លាមៗផងដែរ ទៅតាមដីកាបង្គាប់របស់តុលាការ៕