សមត្ថកិច្ចរាជធានីភ្នំពេញ បានបញ្ជូនយុវជនមាតាធម្មជាតិចំនួន ៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលនេះ ពាក់ព័ន្ធនឹងបទ«ញុះញង់»។
សមត្ថកិច្ចបានចាប់ខ្លួនសកម្មជនមាតាធម្មជាតិ លោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី កាលពីម្សិលមិញ ក្រោមហេតុផលថា រៀបចំដំឡើងស្ទូឌីយោផ្សាយវីដេអូនិងព័ត៌មានដោយគ្មានច្បាប់អនុញ្ញាត និងការបង្ហោះព័ត៌មានពីយុទ្ធនាការដើរទៅភូមិគ្រឹះនាយករដ្ឋមន្ត្រីដើម្បីសុំឱ្យដោះស្រាយករណីលុបបឹងតាមោក។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់វីអូឌីនៅរសៀលនេះថា យុវជនទាំង៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីបន្តនីតិវិធី។
លោកថា៖ «បាទ បានបញ្ជូនទៅតុលាការនៅម៉ោង៣រសៀលនេះ»។
វីអូឌី មិនទាន់អាចសុំការអត្ថាធិប្បាយពីព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បាននៅឡើយទេ រហូតមកដល់ម៉ោង ៦ល្ងាចនេះ។
លោក ភួន ពុទ្ធារិទ្ធ បងប្រុសរបស់ កញ្ញា ភួន កែវរស្មី បានចាត់ទុកការចាប់ខ្លួនប្អូនស្រីរបស់ខ្លួន ថាជារឿងអយុត្តិធម៌។ លោកថា ប្អូនស្រីរបស់លោកធ្វើការងារបរិស្ថាននេះ សម្រាប់ការពារផលប្រយោជន៍ជាតិ មិនមែនធ្វើសម្រាប់ផលប្រយោជន៍ខ្លួនឯងនោះទេ។ លោកថា៖ «យើងអត់អាចទទួលយកបានដែរ យើងនៅតែទាមទារឱ្យដោះលែងប្អូនយើងមកវិញ អ្វីដែលប្អូន[ខ្ញុំ]ធ្វើដូចខ្ញុំបានបញ្ជាក់អ៊ីចឹង អត់មានអីខុសទេ គឺមិនមែនដើម្បីប្រយោជន៍ផ្ទាល់ខ្លួនគាត់ទេ»៕