អភិបាលខេត្តកំពង់ចាម ព្រមានថា ភូមិឋានពលរដ្ឋស្ថិតក្នុង៦ស្រុកនិងក្រុង កំពុងជួបបញ្ហាប្រឈមបាក់ច្រាំងស្រុតចូលក្នុងទន្លេ បើសិនជាមិនមានវិធានការទប់ស្កាត់ឱ្យបានទាន់ពេល។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ចាម» អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ប្រជាពលរដ្ឋប្រហែលជាង ១ពាន់គ្រួសារ នឹងជួបបញ្ហាប្រឈមបាក់ស្រុតច្រាំងទន្លេប្រហែលជា ១៩គីឡូម៉ែត្រ នៅក្នុងខេត្តកំពង់ចាម ដោយសារតែកម្ពុជាជួបគ្រោះធម្មជាតិ។
លោកបន្តថា បញ្ហាបាក់ច្រាំងទន្លេនេះឈានដល់បន្ទាត់ក្រហមហើយ ដែលធ្វើឱ្យពលរដ្ឋប្រឈមការបាត់បង់លំនៅឋាន ដីស្រែចម្ការ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ សាលារៀន សួរច្បារសាធារណៈ និងសោភ័ណភាពក្រុងកំពង់ចាមជាដើម។ លោកបានបន្ទោសបញ្ហានេះទៅកត្តាធម្មជាតិ។
ទោះជាបែបនេះក្តី អភិបាលខេត្តកំពង់ចាមរូបនេះ បញ្ជាក់ថា ក្រុមការងារជំនាញកំពុងធ្វើការងារដោយយកចិត្តទុកដាក់ ដើម្បីជួយទប់ស្កាត់ជូនប្រជាពលរដ្ឋដែលប្រឈមនឹងគ្រោះថ្នាក់។
លោក អ៊ុន ចាន់ដា ថ្លែងថា៖ «ការដែលបាក់ច្រាំងនេះ យើងប្រមាណទៅរង្វង់ ១៩គីឡូម៉ែត្រ ដែលប្រឈមនឹងបាក់ច្រាំង។ ជាលទ្ធភាពក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ មានតែធ្វើការទប់កុំឱ្យបាក់បន្តទៀតតាមរូបភាពប្រើបាវខ្សាច់ ដែលជាបច្ចេកទេសនាពេលបច្ចុប្បន្ននេះ ដែលក្រសួងធនធានទឹករកឃើញ ហើយរូបភាពមួយទៀត គឺការចាក់បេតុងទប់កន្លែងសំខាន់ៗ ដែលត្រូវចំណាយថវិកាច្រើនណាស់»។
ប្រធានមន្ទីររ៉ែ និងថាមពលប្រចាំខេត្តកំពង់ចាម លោក លី ចាន់ធី មានប្រសាសន៍ថា បច្ចុប្បន្ននេះ នៅក្នុងខេត្តកំពង់ចាម ក្រុមហ៊ុនដែលមានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្មស្របច្បាប់មានចំនួន ២១ក្រុមហ៊ុននិងការដ្ឋាន។ លោកបញ្ជាក់ថា ការបាក់ច្រាំងទន្លេជាបន្តបន្ទាប់ដោយសារតែគ្រោះធម្មជាតិ មិនមែនកើតឡើងដោយសារក្រុមហ៊ុនបូមខ្សាច់នោះទេ។
លោក លី ចាន់ធី ប្រាប់ថា៖ «បញ្ហាបាក់ច្រាំង វាមិនមែនមកពីបញ្ហាបូមខ្សាច់ទេ គឺដោយសារតែគ្រោះធម្មជាតិ ទោះបីទីតាំងហ្នឹងអត់មានអាជ្ញាប័ណ្ណបូមក៏ដោយ ក៏វាបាក់ដែរ បាក់តាំងពីណាពីណីមក»។
សកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា ដែលអះអាងថា ធ្លាប់តាមដានរឿងក្រុមហ៊ុនបូមខ្សាច់ បានប្រាប់ថា រាល់ការបូមខ្សាច់ចៀសមិនផុតពីមានផលប៉ះពាល់បាក់ច្រាំងទន្លេនោះទេ។
លោកផ្តល់ជាអនុសាសន៍ថា ដើម្បីទប់ស្កាត់បញ្ហានេះឱ្យមានប្រសិទ្ធភាពបាន លុះត្រាតែក្រសួងពាក់ព័ន្ធត្រូវបង្ហាញពីតម្លាភាពក្នុងការដេញថ្លៃក្នុងការផ្តល់អាជ្ញាប័ណ្ណបូមខ្សាច់។
លោក ថុន រដ្ឋា ប្រាប់ថា៖ «មុននឹងចេញអាជ្ញាប័ណ្ណទៅឱ្យក្រុមហ៊ុន គួរតែបើកចំហរឱ្យមានការពិគ្រោះយោបល់ មានអង្គការសង្គមស៊ីវិល មានសកម្មជនបរិស្ថានដែលឈឺឆ្អាលទៅលើរឿងហ្នឹង ជាពិសេសប្រជាពលរដ្ឋមូលដ្ឋានដែលរងផលប៉ះពាល់ទៅលើអាជីវកម្មបូមខ្សាច់ ដើម្បីធានាថា នៅពេលដែលមានបញ្ហាបាក់ស្រុតកើតឡើងណាមួយ គឺប្រជាពលរដ្ឋមិនទឹកភ្នែក មិនបាត់បង់ផ្ទះសម្បែងដូចជាករណីនៅខេត្តកំពង់ចាម ខេត្តកណ្តាល»។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមប្រចាំនៅខេត្តកំពង់ចាម លោក អ៊ុំ វិបុល មានប្រសាសន៍ថា ព្រំប្រទល់តាមដងទន្លេមេគង្គចាប់ពីភ្នំពេញទៅដល់ទីរួមខេត្តកំពង់ចាម មានបណ្តោយប្រវែង ១៣២គីឡូម៉ែត្រ។
ករណីនេះ វិធានការទប់ស្កាត់កុំឱ្យបាក់ច្រាំងទន្លេ អាជ្ញាធរពាក់ព័ន្ធអាចទប់ស្កាត់ឱ្យមានប្រសិទ្ធភាពបាន ប៉ុន្តែ ត្រូវចំណាយថវិកាច្រើន ខណៈបច្ចុប្បន្ននេះ រដ្ឋមិនទាន់មានកញ្ចប់ថវិកាដោះស្រាយបញ្ហានេះគ្រប់គ្រាន់នៅឡើយ។
លោក អ៊ុំ វិបុល ប្រាប់ថា៖ «ការការពារច្រាំងជាជម្រើសទីមួយហើយ។ ទន្ទឹមហ្នឹង យើងត្រូវធ្វើការស្តារទន្លេ។ បើយើងមិនធ្វើទេ របបជលសាស្ត្រពីមួយឆ្នាំទៅមួយឆ្នាំ វាមានការប្រែប្រួលធ្វើឱ្យដងទន្លេមេគង្គវាដុះខាងលិច វាបាក់ខាងកើត … ការសិក្សារបស់ក្រសួងធនធានទឹក គេបានធ្វើតាមបណ្តោយទន្លេមេគង្គហើយ គេមានអស់ហើយ ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រី លឹម គានហ៊ោ លោកបានរៀបចំអស់ហើយ ក៏ប៉ុន្តែ វាទាក់ទងនឹងថវិកា[ខ្វះថវិកា]ដែលត្រូវធ្វើ»។
ចំណែក អភិបាលក្រុងកំពង់ចាម លោក ចាន់ ផល្លី មានប្រសាសន៍ថា ក្រុមការងារជំនាញកំពុងយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ប្រឈមនឹងគ្រោះថ្នាក់បណ្តាលមកពីការបាក់ច្រាំងទន្លេ ដោយយកសំណាញ់ និងថ្ម រួមទាំងយកបាវច្រកខ្សាច់ ដាក់នៅច្រាំងនោះ ដើម្បីទប់ស្កាត់កុំឱ្យបាក់បន្តទៀត។
លោក ចាន់ ផល្លី ប្រាប់ថា៖ «ឥលូវឯកឧត្តមអភិបាលខេត្ត យុទ្ធសាស្ត្រលោកបានឱ្យក្រុមហ៊ុនទៅចាប់ផ្តើមបុកច្រាំងដែលបាក់ ធ្វើផែនការ ហើយក្រសួងធនធានទឹកក៏លោកធ្វើដែរ យើងចាំមើលពេលទឹកឡើង តើវាមានបញ្ហាអ្វីទៀត ប៉ុន្តែ ឥលូវក្រុមហ៊ុនកំពុងតែបុកតាមបញ្ជារបស់អភិបាលខេត្ត បុកដោយមិនឱ្យស្រុតបន្តទៀតទេ»។
អភិបាលក្រុងរូបនេះ អះអាងថា ក្រុងកំពង់ចាម និងស្រុកទាំង៦ដែលប៉ះពាល់នោះរួមមាន ស្រុកស្រីសន្ធរ ស្រុកស្ទឹងត្រង់ ស្រុកកោះសូទិន ស្រុកព្រៃឈរ ស្រុកំពង់សៀម និងស្រុកកងមាស៕