បេក្ខជនម្នាក់ដែលប្រឡងចូលរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការមិនបានជោគជ័យនោះ ត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺ បន្ទាប់ពីយុវជនរូបនោះ បានបង្ហោះវីដេអូនៅលើបណ្ដាញសង្គម ដែលរូបគេបានអានសារ ដែលបង្ហាញពីភាពមិនប្រក្រតីនៃការប្រឡងជ្រើសរើសសិស្សចៅក្រម។
ក្នុងដីកាកោះហៅរបស់តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែមករាកន្លងមកនេះ លោក គង់ ប៊ុនរិទ្ធិ អាយុ ២៩ឆ្នាំ ត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺជុំវិញបណ្ដឹង ៣ផ្សេងគ្នា។
បើតាមដីកាដដដែលនោះ លោក គង់ ប៊ុនរិទ្ធិ ត្រូវបានកោះហៅឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ទៅតាមបណ្ដឹងចោទពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ និងបរិហារបង្កាច់កេរ្តិ៍» និងបណ្ដឹង«បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង» បន្ទាប់ពីលោកបានបង្ហោះវីដេអូ និងចែកចាយមួយកាលពីថ្ងៃទី២៦ ខែមករាកន្លងមក។
លោក គង់ ប៊ុនរិទ្ធិ បានប្រាប់ថា លោកបានចូលរួមប្រឡងចូលសាលាចៅក្រមពីរឆ្នាំជាប់គ្នានៅឆ្នាំ២០១៨ និង២០១៩កន្លងមក សម្រាប់ជំនាន់ទី៩ និងជំនាន់ទី១០ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ហើយលោកប្រាប់ថា លោកបានប្រឡងជាប់វិញ្ញាសារសំណេរ ប៉ុន្តែ ធ្លាក់វគ្គសម្ភាសផ្ទាល់មាត់។
លោក ប៊ុនរិទ្ធិ បានប្រាប់ថា លោកបានតវ៉ាចំពោះលទ្ធផលជ្រើសរើសសិស្សចៅក្រមលើកនេះ បន្ទាប់ពីលោកទទួលបានតម្រុយបង្ហាញពីភាពមិនប្រក្រតីនៃដំណើរការប្រឡងជ្រើសរើសសិស្សចៅក្រម។
កាលពីថ្ងៃទី២៦ ខែមករា លោក គង់ ប៊ុនរិទ្ធ អានសារមួយដើម្បីផ្សាយក្នុងគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Bunrith Kong។
តាមរយៈវីដេអូអានសារជាង ៧នាទីនោះ លោក គង់ ប៊ុនរិទ្ធ បានរៀបរាប់ថា លោកទទួលបានសារមួយពីប្រភពដែលផ្តល់ឱ្យក្រុមលោក ហើយសូមអានចែករំលែកដើម្បីឱ្យសាធារណជនជួយពិចារណា និងសុំចម្លើយឆ្លើយតប។
លោកអានសារនោះដែលសរសេរថា៖ «រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ [អង្គ វង្សវឌ្ឍនា] បានដាក់ផែនការក្នុងការប្រឡងជ្រើសរើសចៅក្រមជំនាន់ទី១០ ត្រូវប្រមូលប្រាក់ពីការប្រឡងនេះឱ្យបាន ៣លានដុល្លារ ហាងឆេងមធ្យម ៦ម៉ឺនដុល្លារក្នុងម្នាក់ សរុប៥០នាក់បាន ៣លានដុល្លារ។ បេសកកម្មនេះ ឯកឧត្តមបានប្រគល់សិទ្ធិឱ្យឯកឧត្តម ផូវ សំភី អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការតុលាការ និងឯកឧត្តម ប៊ុន យ៉ៃណារិន [នាយខុទ្ទកាល័យរដ្ឋមន្ត្រី] ជាអ្នកអនុម័ត (ទំនងជាអនុវត្ដ)»។
វីដេអូនោះ ក៏បានលើកឡើងលម្អិតពីវិធីប្រមូលប្រាក់ពីបេក្ខជនប្រលង និងរបៀបទទួលសំណូក និងឈ្មោះបេក្ខភាពដែលសូកលុយ ដើម្បីប្រឡងជាប់បានឱកាសចូលរៀនជាសិស្សចៅក្រមផងដែរ។
លោក គង់ ប៊ុនរិទ្ធិ បានថ្លែងប្រាប់វីអូឌីកាលពីថ្ងៃម្សិលមិញថា លោកផ្សាយវីឌីអូតាមហ្វេសប៊ុក គឺចង់បង្ហាញពីតម្រុយមួយដែលសុំឱ្យសាធារណជនពិចារណា ព្រមទាំងស្នើឱ្យមន្ត្រីជំនាញស៊ើបអង្កេត និងបកស្រាយប៉ុណ្ណោះ។
លោក ប៊ុនរិទ្ធិ ប្រាប់ថា៖ «ប្រាប់យ៉ាងច្បាស់នៅពេលដែលខ្ញុំអានចប់ហ្នឹងណា! ខ្ញុំបានប្រាប់យ៉ាងច្បាស់ថា សារនេះ ខ្ញុំមិនបានដឹងថា វាជាការពិត ឬប្រឌិតនោះទេ ខ្ញុំសុំឱ្យសាធារណជនពិចារណាតែប៉ុណ្ណឹង។ ខ្ញុំមិនបានអះអាងថា រឿងនេះជារឿងពិត ជារឿងដែលត្រូវតែជឿ ដើម្បីឱ្យខូចឈ្មោះអ្នកទាំងប៉ុន្មាននាក់ដែលខ្ញុំអានឈ្មោះហ្នឹងទេ?»។
វីអូឌីបានព្យាយាមស្វែងរកការបកស្រាយពីអង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយលោក ឱម យិនទៀង ផងដែរ ប៉ុន្តែ មិនទាន់អាចទាក់ទងបានទេនៅថ្ងៃនេះ។
លោក គង់ ប៊ុនរិទ្ធ បន្ថែមថា លោកមិនបានដឹងថា អ្នកណាជាដើមបណ្ដឹងក្នុងសំណុំរឿងនេះទេ ហើយរូបលោកក៏បារម្ភពីបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន និងដំណើរការតវ៉ារឿងក្តីនេះដែរ។
លោក ប៊ុនរិទ្ធ៖ «ខ្ញុំបារម្ភនៅត្រង់ថា ការអនុវត្តច្បាប់ទៅតាមស្តង់ដារ និងគោលគំនិតច្បាប់។ បើអនុវត្តទៅតាមខ្លឹមសារ និងតាមទស្សនៈនៃច្បាប់ ខ្ញុំមិនមានការបារម្ភពីការចាប់ខ្លួន ឬអ្វីឡើយ»។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក គុច គឹមឡុង ថ្លែងប្រាប់វីអូឌីកាលពីថ្ងៃម្សិលមិញថា លោកមិនទាន់បានទទួលព័ត៌មានពីដើមបណ្ដឹងក្នុងសំណុំរឿងនេះទេ ហើយក៏មិនអាចប្រាប់ព័ត៌មានលម្អិតពីបញ្ហានេះដែរ ដោយសារព្រះរាជអាជ្ញាកាន់សំណុំរឿងនេះមានធុរៈសំខាន់ក្នុងគ្រួសារ។
វីអូឌីមិនទាន់អាចទាក់ទងសុំការបំភ្លឺរដ្ឋមន្ត្រី លោក អង្គ វង្សវឌ្ឍនា បានទេកាលពីថ្ងៃម្សិលមិញនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ករណីបណ្ដឹងនេះជាដំណើរការនីតិវិធីច្បាប់ប៉ុណ្ណោះ។
លោក ជិន ម៉ាលីន៖ «ជាដំណើរការនីតិវិធីធម្មតារបស់តុលាការទេ ព្រោះមានតម្រុយនៃការប្រព្រឹត្តិបទល្មើសពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍អ្នករាជការសាធារណៈ។ ព្រះរាជអាជ្ញាគាត់ហៅដើម្បីសាកសួរព័ត៌មានបន្ថែម ឈានទៅអនុវត្តនីតិវិធីបន្តទៀត»។
ទោះជាយ៉ាងណា ក្រសួងយុត្តិធម៌បានអះអាងក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី២២ ខែមករា ថា ដំណើរការប្រឡងជ្រើសរើសសិស្សចៅក្រមនេះ ប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងប្រកបដោយជំនឿទុកចិត្ត បន្ទាប់ពីមានការចូលរួមសង្កេតការណ៍«ពេញលេញ»ពីអង្គភាពប្រឆាំងអំពើពុករលួយ។
ក្រសួងនេះបានរៀបរាប់ថា៖ «បេក្ខជនដែលបានប្រទ្បងធ្លាក់ឈ្មោះ គង់ ប៊ុនរិទ្ធ បានជ្រើសរើសវិធីដើរចេញពីជំនួបជាមួយគណៈកម្មការចំពោះកិច្ច ដើម្បីដោះស្រាយលើពាក្យសុំតវ៉ារបស់ខ្លួន ដែលខុសគេពីបេក្ខជនដទៃទៀត ហើយជ្រើសរើសវិធីផ្សេង តាមរយៈការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សារព័ត៌មាន និងយន្តការនយោបាយទៅវិញ»។
ជាការឆ្លើយតបទៅនឹងក្រសួងនោះ លោក គង់ ប៊ុនរិទ្ធិ បានប្រាប់ថា លោកទាមទារទៅក្រសួងឱ្យបង្ហាញពិន្ទុប្រឡងបិទផ្សាយជាសាធារណៈ ដើម្បីបញ្ជាក់ពីតម្លាភាពនៃការប្រឡងនោះ។
ប៉ុន្តែ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានប្រាប់ថា ក្រសួងមិនអាចឆ្លើយតបទៅនឹងការទាមទារឱ្យបង្ហាញពិន្ទុនៃវិញ្ញាសារសំណេររបស់គ្រប់បេក្ខជនប្រឡងបាននោះឡើយ ដោយលោកថា ក្រសួងចង់លើកទឹកចិត្តគ្រប់បេក្ខជនទាំងអស់។
លោក ជិន ម៉ាលីន ប្រាប់ថា៖ «ជានីតិវិធី គឺពិន្ទុ [វិញ្ញាសារសរសេរ] គ្រប់បេក្ខជនទាំងអស់ មិនត្រូវបានបិទផ្សាយទេ ពីព្រោះមូលហេតុរបស់យើង គឺមិនឱ្យបេក្ខជនបាក់ទឹកចិត្ត ដើម្បីបេក្ខជនឈានទៅការប្រឡងវគ្គផ្ទាល់មាត់ទៀត»។
នាយករងអង្គការលីកាដូ លោកអំ សំអាត មានប្រសាសន៍ថា ករណីដីកាកោះចោទប្រកាន់យុវជន គង់ ប៊ុនរិទ្ធនេះ ជាករណីដែលមហាជនចាប់អារម្មណ៍។ លោកបន្តថា អាជ្ញាធរមានសមត្ថកិច្ចគួរណាស់តែស៊ើបអង្កេត និងបង្ហាញលទ្ធផលស៊ើបអង្កេតឱ្យបានច្បាស់ជាមុនសិន មុននឹងមានចំណាត់ការផ្លូវច្បាប់ ដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធតុលាការនៅកម្ពុជា។
លោក អំ សំអាត មានប្រសាសន៍ថា៖ «អ្វីដែលគាត់លើកឡើងហ្នឹង ចង់ឱ្យមានការកែលម្អ ឬធ្វើម៉េចឱ្យមានតម្លាភាព ឬយុត្តិធម៌ក្នុងការប្រឡងអីហ្នឹង [មន្ត្រីជំនាញ] គួរតែត្រិះរិះពិចារណអ៊ីចឹងទៅ កុំគិតថា បទល្មើសៗ ហើយធ្វើការប្ដឹង ហើយចាប់ទោសគាត់នោះ។ យើងក៏គួរលើកទឹកចិត្តដែរ អ្នកដែលស្វែងរកយុត្តិធម៌ក្នុងសង្គមនោះ»។
លោក សំអាត បន្ថែមថា យុវជនរូបនោះចាំបាច់ត្រូវស្វែងរកមេធាវីការពារក្ដីរបស់ខ្លួន ដើម្បីតតាំងនៅតុលាការតាមច្បាប់ជាធរមាន។
ទាក់ទងនឹងការតតាំងតាមផ្លូវតុលាការនេះ យុវជន គង់ ប៊ុនរិទ្ធ ប្រាប់វីអូឌីថា ខ្លួនមិនទាន់មានមេធាវីការពារក្តីនៅឡើយទេ។
លោក គង់ ប៊ុនរិទ្ធ ប្រាប់ថា៖ «ខ្ញុំសូមអំពាវនាវឱ្យស្ថាប័នណាមួយអាចជួយផ្តល់មេធាវីឱ្យខ្ញុំផង។ ខ្ញុំស្វាគមន៍ចំពោះការជួយពីស្ថាប័នពាក់ព័ន្ធចំពោះរឿងនេះ»៕