សាលាឧទ្ធរណ៍ កាលពីម្សិលមិញ បានសម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់តំណាងសហគមន៍ដីធ្លីម្នាក់នៅខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន។
តំណាងសហគមន៍បុស្សស្នោរ លោក ផុន ឈឿន និងតំណាងសហគមន៍ស្រែប្រាំង លោក សែម សាង ត្រូវបានសមត្ថកិច្ចខេត្តត្បូងឃ្មុំ ចាប់ខ្លួន និងដាក់ឃុំកាលពីពាក់កណ្ដាលខែតុលាឆ្នាំមុន ជុំវិញជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ ហាម៉ឹនី វីន អ៊ិនវេសមេន។
ប្រជាពលរដ្ឋប្រហែល ១០០នាក់មកពីសហគមន៍ទាំងពីរនេះ បាននាំគ្នាទៅតវ៉ានៅមុខសាលាដំបូងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២១ ខែតុលាឆ្នាំមុន ហើយទាមទារឱ្យទម្លាក់បទចោទប្រកាន់ និងដោះលែងតំណាងពួកគាត់ទាំងពីរ២នាក់ឱ្យមានសេរីភាពវិញ។
មេធាវីការពារក្ដីឱ្យលោក ផុន ឈឿន គឺលោក លី សុចិត្រា ប្រាប់វីអូឌីនៅថ្ងៃនេះថា ចៅក្រមសាលាឧទ្ធរណ៍ បានសម្រេចបដិសេធបណ្ដឹងសុំនៅក្រៅឃុំកូនក្ដីរបស់លោក ដោយសំអាងថា ដើម្បីរក្សាជនជាប់ចោទទុកជូនតុលាការសវនាការ។
ប្រជាពលរដ្ឋម្នាក់នៃសហគមន៍ស្រែប្រាំង លោក សែម ចំណាន ចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍ថា ជារឿងអយុត្តិធម៌ ដោយថា ពួកគាត់គ្រាន់តែធ្វើការតវ៉ាទាមទារដីសហគមន៍ដែលត្រូវបានក្រុមហ៊ុនរំលោភយក ប៉ុន្តែ បែរជាត្រូវសមត្ថកិច្ចចាប់ខ្លួន និងតុលាការចោទប្រកាន់តំណាងរបស់ពួកគាត់ទៅវិញ។
លោកបន្តថា ប្រសិនបើតុលាការនៅតែមិនទម្លាក់បទចោទប្រកាន់លើតំណាងសហគមន៍របស់ពួកគាត់នោះ លោកថា ពួកគាត់នឹងនាំគ្នាធ្វើការតវ៉ាបន្តទៀត។
លោក សែម ចំណាន និយាយថា៖ «ដើម្បីឱ្យតុលាការពិនិត្យមើលរឿងក្ដីពួកគាត់ឡើងវិញ ព្រោះពួកគាត់គ្មានកំហុសទេ។ នេះជាការចោទប្រកាន់របស់អាជ្ញាធរ និងក្រុមហ៊ុន។ សម្រាប់រូបខ្ញុំជាប្រជាពលរដ្ឋ គឺខ្ញុំនៅតែទាមទារ នៅតែដាក់ញ្ញតិ ដើម្បីរកយុត្តិធម៌ជូនតំណាងសហគមន៍ ដើម្បីឱ្យតុលាការក៏ដូចជាសាលាឧទ្ធរណ៍ពិនិត្យ ស្រាវជ្រាវរឿងក្ដីនេះឱ្យបានម៉ត់ចត់ឡើងវិញ»។
តំណាងសហគមន៍ដីធ្លី លោក ផុន ឈឿន ត្រូវបានតុលាការចោទប្រកាន់ពីបទហិង្សាដោយចេតនា ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ធ្វើឱ្យខូចខាតដោតចេតនា និងបទគំរាមកំហែងថានឹងសម្លាប់។
ចំណែកលោក សែម សាង ត្រូវតុលាការចោទប្រកាន់ពីបទកំហែងយកដោយមានស្ថានទម្ងន់ទោសដោយការប្រើប្រាស់អាវុធ។
វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធ បានទេទាក់ទិននឹងការបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់តំណាងសហគមន៍ទាំងពីររូបនេះ។
ការចាប់ខ្លួន និងចោទប្រកាន់លើតំណាងសហគមន៍ទាំងពីរនេះ ធ្វើឡើងស្របពេលដែលក្រសួងរៀបចំដែនដី បានប្រកាសកាលពីថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៩ ដោយឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់តំណាងពលរដ្ឋណា ដែលក្រសួងចោទថា បានញុះញង់ឱ្យពលរដ្ឋមួយក្រុមនៅស្រុកតំបែរ ឡើងមកតវ៉ាទាមទារដីព្រៃសហគមន៍នៅក្រសួង។
លោក សែម ចំណាន អះអាងថា សហគមន៍ស្រែប្រាំង និងសហគមន៍បុស្សស្នោ ដែលមានដីទំហំ ១២០០ហិកតា ស្ថិតក្នុងឃុំត្រពាំងព្រីង មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនតាំងពីឆ្នាំ២០១២ ដោយប៉ះពាល់ពលរដ្ឋ ១៨៣គ្រួសារ ប៉ុន្តែ រហូតមកដល់បច្ចុប្បន្ន ជម្លោះដីធ្លីនេះ មិនទាន់ត្រូវបានដោះស្រាយឡើយ។
នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បង្ហាញការសោកស្ដាយចំពោះសេចក្ដីសម្រេចបែបនេះរបស់តុលាការ ហើយលោកជំរុញឱ្យអាជ្ញាធរធ្វើការដោះស្រាយវិវាទដីធ្លីនេះជូនប្រជាពលរដ្ឋ ជាងចាប់ខ្លួនប្រជាពលរដ្ឋដាក់ពន្ធនាគារ។
លោក អំ សំអាត មានប្រសាសន៍ថា៖«បញ្ហាដីធ្លីនេះ គឺមានការរិះគន់ ហើយនៅក្នុង EBA [អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ] ក្នុងលក្ខខ័ណ្ឌអឺរ៉ុប ក៏មានកំណត់ពីបញ្ហាដីធ្លីនេះដែរ គឺសូម្បីឱ្យរដ្ឋាភិបាលធ្វើការដោះស្រាយឱ្យបានលឿន ឱ្យមានតម្លាភាព និងយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ។ បើសិនជាពលរដ្ឋជាប់ពន្ធនាគារដោយសាររឿងដីធ្លី នៅតែមានបន្តទៀត វាប៉ះពាល់មុខរដ្ឋាភិបាល ហើយបញ្ហារំលោភសិទ្ធិមនុស្សនៅតែបន្ត»៕