ប្រជាពលរដ្ឋនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ អះអាងថា ពួកគេបានឃាត់ទុកគ្រឿងចក្រចំនួន ១៣គ្រឿងរបស់ក្រុមហ៊ុនចិនមួយ ដោយចោទថា បានឈូសឆាយបំផ្លាញដំណាំរបស់ពួកគេអស់ ៧ហិកតាលើដីសហគមន៍។
លោក ថា លីដា ដែលអះអាងថាជាប្រជាពលរដ្ឋម្នាក់រស់នៅភូមិស្រែប្រាំង ស្ថិតនៅក្នុងឃុំត្រពាំងព្រីង ប្រាប់វីអូឌីថា ក្រុមហ៊ុនចិន Harmony Investment បានយកគ្រឿងចក្រចំនួន ១៣គ្រឿងមកចូលឈូសបំផ្លាញដំឡូងមីរបស់ពួកគេអស់ទំហំ ៧ហិកតា។
ប្រជាសហគមន៍រូបនេះ បន្ថែមថា ក្រោយពីមានការឈូសបំផ្លាញនេះ អ្នកភូមិបាននាំគ្នាឃាត់គ្រឿងចក្របានចំនួន ១១គ្រឿង និងរថយន្តមួយគ្រឿងផងដែរ។
លោក ថា លីដា ប្រាប់ថា៖ «ប្រជាពលរដ្ឋបានសំណូមពរឱ្យគាត់កាយផ្លូវឱ្យវិញ ផ្ដល់សំណងការខូចខាតរបស់ប្រជាពលរដ្ឋ និងចុះកិច្ចសន្យាមិនឱ្យខាងក្រុមហ៊ុនចិន យកគ្រឿងចក្រមកឈូសឆាយលើកក្រោយទៀត ប៉ុន្តែ ក្រុមហ៊ុនចិនមិនព្រម យើងក៏បានឃាត់គ្រឿងចក្រ ១១គ្រឿង»។
លោក ឆេង ឆូយ ប្រជាពលរដ្ឋម្នាក់ទៀតនៅភូមិស្រែប្រាំងផងដែរ បានឱ្យដឹងថា ពួកគាត់ទាំងអស់គ្នា នឹងមិនប្រគល់គ្រឿង ១១គ្រឿងទៅឱ្យក្រុមហ៊ុន និងអាជ្ញាធរវិញទេ ប្រសិនបើក្រុមហ៊ុន និងអាជ្ញាធរមិនសងសំណង និងធ្វើផ្លូវឱ្យប្រជាសហគមន៍វិញនោះ។
លោកបន្តថា ដីដែលក្រុមហ៊ុនចិនបានយកគ្រឿងចក្រទៅឈូសឆាយនៅថ្ងៃនេះ ជាដីសហគមន៍ដែលពួកគាត់បានអាស្រ័យផលតាំងពីឆ្នាំ២០០៨មកម្លេះ។
លោក ឆេង ឆូយ ប្រាប់ថា៖ «ដីហ្នឹងជាដីប្រជាពលរដ្ឋតាំងដូនតាមក ហើយបានដាក់ទៅជាសហគមន៍។ ដល់ពេលមេឃុំលក់ដីប្រជាពលរដ្ឋអ៊ីចឹង ប្រជាពលរដ្ឋម៉េចសុខចិត្ត ហើយមកឈូសឆាយអត់មានច្បាប់ អត់មានទម្លាប់ត្រឹមត្រូវអ៊ីចឹង។ ហើយយើងដាំដំឡូងអីហ្នឹង សុទ្ធតែទិញគេ មួយបាច់ ៣ពាន់រៀល ហើយម្នាក់ៗមិនមែនដាំមួយបាច់ណា។ ក្នុងម្នាក់ៗដាំ ៤០០ ទៅ ៥០០បាច់ ហើយខ្មែរដូចគ្នាយើងមិនឈឺចាប់ ព្រោះប្រជាពលរដ្ឋអាស្រ័យផលនឹងកសិកម្មហ្នឹងហើយ។ បើសិនជាអស់ដំឡូង អស់ស្រូវអីហ្នឹង ប្រជាពលរដ្ឋបានអីបរិភោគ»។
បើតាមលោក ថា លីដា អះអាងថា ពួកគាត់មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនតាំងពីឆ្នាំ២០១២ មកម៉្លេះ ដែលមានទំហំដីជាង ១ហិកតា ដែលគ្រប់គ្រងដោយសហគមន៍ពីរ គឺសហគមន៍ស្រែប្រាំង និងបុស្សស្នោរ ដែលមានប្រជាពលរដ្ឋចំនួនជាង ២០០គ្រួសារដែលបានស្រ័យផលលើដីសហគមន៍នោះ៕