ប្រជាសហគមន៍មកពីបណ្តារាជធានី ខេត្តមួយចំនួន បានចោទអាជ្ញាធរមូលដ្ឋានខេត្តថាធ្វើការងារប្រកាន់បក្សពួកនិយម ដោយមិនសហការជួយប្រជាពលរដ្ឋទាក់ទងបញ្ហាដីធ្លី និងធនធានធម្មជាតិ ដែលពួកគេរាយការណ៍ឲ្យជួយអន្តរាគមន៍នោះទេ។
ក្នុងសន្និសីទថ្នាក់ជាតិលើកទី១២ ស្តីពីអភិបាលកិច្ចដីធ្លីនិងធនធានធម្មជាតិ នៅថ្ងៃទី២៥ ខែតុលានេះ តំណាងប្រជាសហគមន៍មកពីភូមិតានូន ឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង លោក សំ វុទ្ធី បាននិយាយថា អាជ្ញាធរមូលដ្ឋាន បានឃុបឃិតគ្នាជាមួយក្រុមហ៊ុន យូ.ឌី.ជី បានទន្ទ្រានយកដីរបស់ប្រជាពលរដ្ឋដែលបន្សល់ទុកពីដូនតា ដែលក្នុងនោះ ចំនួន២ស្រុក ចំនួន៥ឃុំ លើផ្ទៃដី ជាង១ពាន់ហិចតា។
លោកបន្តថា ជំម្លោះដីធ្លីនេះកើតឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរមិនបានរកដំណោះស្រាយឲ្យស្របតាមគោលនយោបាយរដ្ឋាភិបាល និងប្រសាសន៍លោកនាយករដ្ឋមន្ត្រីដែលធ្លាប់អះអាងថាមិនឲ្យប្រជាពលរដ្ឋរូបណារងគ្រោះដោយសារដីធ្លីនោះឡើយ។
លោកមានប្រសាសន៍៖ «ពាក្យសម្តេច [ហ៊ុន សែន] គាត់និយាយថា មិនឲ្យប្រជាពលរដ្ឋណាមួយរងគ្រោះដោយសារដីធ្លីនោះទេ ឬក៏ចាប់ដាក់ទោស ឬក៏អ្វីមួយច្បាស់នោះទេ អត់ឲ្យមានរឿងចឹងកើតឡើងសោះ។ ប៉ុន្តែអាជ្ញាធរ អាជ្ញាធរថ្នាក់ក្រោម ហើយខ្ញុំមកដល់ថ្នាក់ជាតិទៀត គាត់អត់ព្រមគិតគួពន្លឿនរឿងហ្នឹងទេ ពីរស្រុក ប្រាំឃុំ រងគ្រោះណាស់ បើមិនជឿទេអាចទាក់ទងតាមក្រសួងដែនដី ឬតាមដំណឹងសមន៍នីនយៗ»។
អ្នកស្រី ភោគ ហុង ដែលអះអាងថា ជាតំណាងហគមន៍នៅតំបន់ព្រៃឡង់ ស្ថិតនៅក្នុងខេត្តព្រះវិហារ បានលើកឡើងថា ពួកគេជួបបញ្ហាប្រឈមជាច្រើនជាមួយអាជ្ញាធរភូមិ ឃុំ ពិសេសជុំវិញការជំរុញឲ្យមានការបង្រ្កាបបទល្មើសព្រៃឈើ និងកាប់រានដីព្រៃសហគមន៍។ ករណីនេះ អ្នកស្រីអំពាវនាវទៅរដ្ឋាភិបាល ស្រាវជ្រាវចាត់វិធានការច្បាប់លើមន្ត្រីថ្នាក់ក្រោម ទើបទប់ស្កាត់បទល្មើសឲ្យមានប្រសិទ្ធិភាពខ្ពស់។
អ្នកស្រីមានប្រសាសន៍ថា៖ «ចង់ឲ្យរដ្ឋាភិបាលនៅថ្នាក់លើជួយធ្វើម៉េចចាត់វិធាន[ច្បាប់]ការលើអាជ្ញាធរភូមិឃុំ ដែលគាត់គាំទ្របទល្មើស ហើយជំរុញបទល្មើសឲ្យមានកាប់រានដីបន្ត គឺធ្វើការតាមផ្លូវច្បាប់ មិនសំខាន់ទៅលើយើងមានអំណាច មានអ្វីទេ។ អ្នកមានអំណាច អ្នកដែលគាំទ្រក៏គាត់ខុសច្បាប់ដែរ ពាក់ព័ន្ធទៅនឹងបញ្ហាដីធ្លី ព្រៃឈើ»។
លោក ជា សុផាត តំណាងសហគមន៍ដីធ្លីនៅរាជធានីភ្នំពេញ ដែលអះអាងថា ធ្លាប់ធ្វើជាទាហាន និងមានផ្កាយមួយ ទើបចូលនិវត្តន៍ បានលើកឡើងថា ពួកគាត់មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC នៅតំបន់ជ្រោយចង្វាររាជធានីភ្នំពេញ ដោយលោកចោទក្រុមហ៊ុននោះថាបានឈូសឆាយយកដីពួកគាត់រាប់សិបហិចតា ខណៈប្រជាពលរដ្ឋដែលមិនទាន់ទទួលយកសំណងនាពេលបច្ចុប្បន្ននេះ មានចំនួនជាង៧០គ្រួសារ។
លោក សុផាត អះអាងថា បើស្ថាប័នរដ្ឋមិនជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋជាមួយក្រុមហ៊ុន OCIC ទេ និងធ្វើឲ្យពួកគាត់ជួបញ្ហាប្រឈមច្រើនក្នុងជីវភាពគ្រួសារ។
លោកមានប្រសាសន៍ថា៖ «ពួកខ្ញុំនៅតស៊ូរាល់ថ្ងៃ ដោយសារអយុត្តិធម៌សំរាប់ខ្ញុំ ហើយខ្ញុំសង្ឃឹមថា ដីជ្រោយចង្វារអាចចែករំលែកដល់កូនចៅឲ្យរស់នៅបានស្រួល។ ប្រសិនជាអស់លោកអភិវឌ្ឍន៍គិតតែខ្លួនឯង តើឲ្យពួកខ្ញុំរស់នៅបែបម៉េច»។
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា លោក តឹក វណ្ណារ៉ា មានប្រសាសន៍ទទួលស្គាល់ថា អាជ្ញាធរមូលដ្ឋានមួយចំនួនមិនទាន់មានការសហការល្អជាមួយប្រជាសហគមន៍ និងអង្គការសង្គមស៊ីវិល ក្នុងការធ្វើកិច្ចការការពារដីធ្លី និងធនធានធម្មជាតិនៅឡើយ។
នាយកប្រតិបត្តិអង្គការនេះ អះអាងថាសន្និសីទថ្នាក់ជាតិលើកទី១២ នឹងយកចំនុចខ្វះខាត ដាក់ទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចំរើន។
លោកមានប្រសាសន៍ថា៖ «មានការខ្វះខាតអ្វី បញ្ហាប្រឈមអ្វីខ្វះ? ហើយមានផែនការសកម្មភាពធំៗអ្វីខ្លះ ដែលស្ថាប័នរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ ប្រជាសហគមន៍ខ្លួនឯងអាចចូលរួមចំណែកទាំងអស់គ្នា ?ហើយធ្វើការដាក់ជាសកម្មភាពរួម ហើយចូលរួមចំណែកក្នុងការដោះស្រាយ»។
វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និង អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ លោក សេង ឡូត បានទេនៅរសៀលថ្ងៃនេះ។
អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង មានប្រសាសន៍ថា លោកស្រីនឹងចាត់មន្ត្រីជំនាញ ដើម្បីធ្វើការចុះធ្វើការស្រាវជ្រាវលើមន្ត្រីថ្នាក់ក្រោម ដែលថាមិនសហការជាមួយប្រជាសហគមន៍។ លោកស្រីបន្តថា ប្រជាពលរដ្ឋ ឬប្រជាសហគមន៍ដែលចង់រាយការណ៍ពាក់ព័ន្ធរឿងដីធ្លី ព្រៃឈើ និងធនធានធម្មជាតិ ត្រូវផ្ញើសារទៅក្នុងហ្វេសប៊ុកសាលាខេត្ត ដើម្បីងាយស្រួលលោកស្រីចាត់មន្ត្រីជំនាញជួយដល់ពួកគេឲ្យបានទាន់ពេលវេលា។
លោកស្រីមានប្រសាសន៍ថា៖ «ហ្វេសប៊ុករបស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក ហើយនិងមានលេខទូរសព្ទថាជួយដោះស្រាយ និងបែងចែកទៅតាមថ្នាក់»៕