តុលាការខេត្តមណ្ឌលគិរី នៅព្រឹកនេះ បានសួរនាំកម្មកររបស់ឧកញ៉ា ស្រី ចន្ធូ មនុស្សចំនួន៨នាក់ ដោយសង្ស័យថា ពាក់ព័ន្ធនឹងសកម្មភាពដាំបង្គោលថ្មព័ទ្ធយកដីចំការរបស់រដ្ឋ។
ឧកញ៉ា ស្រី ចន្ធូ ជាអ្នកចាត់ការទូទៅក្រុមហ៊ុន 7NG។ កាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩ អ្នកជំនួញដីធ្លីរូបនេះ ក៏ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា ចោទប្រកាន់ពីបទ «ឆបោក» ពាក់ព័ន្ធសំណុំរឿងលក់ដីខ្យល់ទំហំ ១ម៉ឺនម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិព្រែកចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលផងដែរ។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា អះអាងថា លោក បានសហការជាមួយនាយខណ្ឌរដ្ឋបាលព្រៃឈើឃាត់ខ្លួនកម្មកររបស់ឧកញ៉ា ស្រី ចន្ធូ ចំនួន៨នាក់ កាលពីវេលាម៉ោង ៣រសៀលម្សិលមិញ ពាក់ព័ន្ធការធ្វើសកម្មភាពដាំបង្គោលថ្ម និងដាំដើមឈើព័ទ្ធយកដីចំការស្រល់របស់រដ្ឋបាលព្រៃឈើ ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្ដមណ្ឌលគិរី។
លោកមានប្រសាសន៍ថា៖ « យើងកំពុងធ្វើការផ្ទៀងផ្ទាត់ថាតើ ក្នុងចំណោមមនុស្ស៨នាក់នេះ ខ្ញុំមិនបានថា អ្នកណាជាអ្នកបង្កជាអីទេ យើងគ្រាន់តែយកមកសួរមើលសិន។ ហើយវាពាក់ព័ន្ធប៉ុណ្ណា ហើយបើគាត់មិនពាក់ព័ន្ធទេ គ្រាន់តែត្រូវបានគេជួលមក គាត់មានប្រយោជន៍ជាសាក្សី ដើម្បីឲ្យយើងបានព័ត៌មានបន្ថែម ឬក៏លម្អិតនៅក្នុងករណីហ្នឹង »។
នាយខណ្ឌរដ្ឋបាលព្រៃឈើប្រចាំខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណសុភៈ បានឱ្យដឹងថា ក្នុងចំណោមមនុស្សដែលឃាត់ខ្លួនទាំង៨នាក់នោះមានម្នាក់ឈ្មោះ ជួង សុភារុណ ជាមនុស្សជំនិតរបស់ឧកញ៉ា ស្រី ចន្ធូ។
លោក វណ្ណសុភៈ បន្តថា មនុស្សទាំង ៨នាក់នោះ ត្រូវបានបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមច្បាប់កាលពីម្សិលមិញនេះ។ លោកថា ដើមចមដែលឈានដល់ការឃាត់ខ្លួនពួកគេទាំង៨នាក់នោះ ដោយសារកម្មកររបស់ឧកញ៉ា ស្រី ចន្ធូ ទន្ទ្រានយកដីរដ្ឋខុសច្បាប់។
លោកមានប្រសាសន៍ថា៖ « ប៉ុន្មានថ្ងៃក្រោយនេះ គាត់ហ៊ុមព័ទ្ធបន្ថែម ហើយគាត់យកកូនឈើទៅដាំក្នុងចំការស្រល់របស់រដ្ឋ។ ឥឡូវយើងបញ្ជូនទៅតុលាការ ឥឡូវហ្នឹងតុលាការគេដេញដោលនីតិវិធីម៉េចទៀត ជារឿងរបស់តុលាការ ព្រោះអីផុតដៃខ្ញុំហើយ »។
វីអូឌី មិនអាចសុំការបំភ្លឺពីឧកញ៉ាស្រី ចន្ធូ បានទេនៅថ្ងៃនេះ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក លោក អ៊ាង ម៉េងលី ដែលអះអាងថា តាមដានករណីនេះ ជំរុញទៅមន្ត្រីតុលាការធ្វើការស៊ើបអង្កេតលើកម្មករទាំង៨នាក់ និងឧកញ៉ាស្រី ចន្ធូ រួមទាំងមន្ត្រីរបស់រដ្ឋមួយចំនួនទៀត ដែលចេញលិខិតផ្ទេរកម្មសិទ្ធិដីធ្លីឲ្យឧកញ៉ារូបនោះកាលពីឆ្នាំ២០១៨។ លោកថា បើតុលាការឯករាជ្យ ត្រូវធ្វើការឈរលើគោលការអព្យាក្រឹត ដើម្បីផ្តល់យុត្តិធម៌ដល់ភាគីដែលពាក់ព័ន្ធ។
លោកជំរុញដូចនេះថា៖ « បើសិនជាគេរកឃើញថាលក់ដីធ្លីរបស់រដ្ឋពិតប្រាកដមែន អ្នកដែលពាក់ព័ន្ធត្រូវតែតុលាការស្វែងរកមកផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់ឲ្យបានត្រឹមត្រូវជៀសវៀងគេថាអនុវត្តន៍ច្បាប់មានស្តង់ដារពីរ អនុវត្តតែចំពោះអ្នកក្រីក្រ អ្នកស្លូតត្រង់ អ្នកមានអំណាច អ្នកមានបុណ្យស័ក្តអត់អនុវត្ត »។
កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ អភិបាលស្រុកស្រុកអូររាំង លោក នង នណ្ណាវី បានចេញលិខិតផ្ទេរកម្មសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ចំការស្រល់របស់រដ្ឋ នៅខាងមុខទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអូររាំង ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្ដមណ្ឌលគិរីទៅឲ្យឧកញ៉ា ស្រី ចន្ធូ ហើយថែមទាំងមានប្រធានសាខាពន្ធដារខេត្តមណ្ឌលគិរី លោក ហេង ស៊ីប៉ា បោះត្រាបង់ពន្ធចូលរដ្ឋកាលពីថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០១៨ផងដែរ៕