ពលរដ្ឋនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចោទថា អាជ្ញាធរបានដាក់គ្រឿងចក្រឈួសឆាយផលដំណាំ និងផ្ទះសម្បែងរបស់ពួកគេដោយមិនបានជូនដំណឹង និងប្រាប់ហេតុផលច្បាស់លាស់នោះឡើយ។
ពលរដ្ឋម្នាក់ លោក កុយ សុខា ប្រាប់វីអូឌីថា កាលពីម្សិលមិញនេះ សមត្ថកិច្ចចម្រុះបានដាក់គ្រឿងចក្រអមដោយកម្លាំងនគរបាល ប៉េអឹម និងអាជ្ញាធរស្រុកជិត ១០០នាក់ បានចុះឈូសឆាយផ្ទះពលរដ្ឋអស់ប្រហែល ៤០ខ្នង រួមទាំងផលដំណាំមានចេក ស្វាយ ខ្នុរ និងដំណាំផ្សេងៗទៀតអស់ជាច្រើនហិកតា។
លោក កុយ សុខា ឲ្យដឹងថា ករណីអាជ្ញាធរចុះដាក់គ្រឿងឈួសឆាយផ្ទះ និងផលដំណាំរបស់អ្នកភូមិនេះ គឺមិនបានជូនដំណឹងមុន និងប្រាប់ពីមូលហេតុច្បាស់លាស់នោះទេ ហើយថា ក្នុងហេតុការណ៍ចុះឈូសឆាយនោះ ក៏មានការបាញ់គំរាមកំហែង និងគំរាមចាប់ពលរដ្ឋគុកផងដែរ ប្រសិនបើពលរដ្ឋណាហ៊ានចេញតវ៉ា និងថតផ្តិតយករូបភាពអំពីសកម្មភាពឈូសឆាយ។
លោក កុយ សុខា ប្រាប់ថា៖ «ដំណាំហ្នឹង ខ្ញុំដាំបាន ២ឆ្នាំហើយ ស្វាយឆ្នាំក្រោយផ្លែ ចេកចេញផ្កាអស់ហើយ ប៉ុន្តែ គាត់ជាន់ឈួសឆាយរបស់ខ្ញុំអស់។ គិតទៅ ពួកគាត់ហ្នឹងដូចជាឃៅឃៅខ្លាំងពេកហើយ យកអាអ៊ិចទៅវាយដំណាំខ្ញុំចោលអស់។ ភស្តុតាងដំណាំខ្ញុំនៅទាំងអស់»។
ពលរដ្ឋម្នាក់ទៀត លោក សុខ ធា អះអាងថា គ្រួសារគាត់ និងអ្នកភូមិមួយចំនួនផ្សេងទៀត ធ្លាប់ចូលទៅរស់នៅលើដីកំពុងមានជម្លោះនោះកាលពីឆ្នាំ១៩៨៩រួចម្តងមកហើយ ប៉ុន្តែ ក្រោយមកឆ្នាំ២០០៤ តំបន់នោះត្រូវបានរដ្ឋកាត់ចូលជាតំបន់ឧទ្យានជាតិ ហើយប្រជាពលរដ្ឋក៏សម្រេចប្រគល់ដីនោះឱ្យរដ្ឋវិញ។
ពលរដ្ឋរូបនេះបន្តថា រហូតមកដល់ឆ្នាំ២០១៧ អ្នកភូមិឃើញក្រុមហ៊ុនចូលទៅឈូសឆាយដីតំបន់នោះដោយគ្មានមានបញ្ហា អ្នកភូមិនាំគ្នាចូលកាន់កាប់លើដីធ្លីរបស់ខ្លួនវិញ និងបានបង្កបង្កើនផលដោយដាំដំណាំផ្សេងៗរហូតមកដល់បច្ចុប្បន្ន ទើបអាជ្ញាធរយកគ្រឿងចក្រទៅឈូសឆាយ។
លោក សុខ ធា ប្រាប់ថា៖ «ហ្នឹងផលប៉ះពាល់ចំពោះប្រជាពលរដ្ឋនៅទីនេះ និងមានផលលំបាកយ៉ាងខ្លាំង ព្រោះខែនេះមានភ្លៀងខ្លាំង ដល់មានផ្ទះសម្បែងនៅ។ ដល់អ៊ីចឹង នាំគ្នារស់នៅក្នុងខ្ទម ហើយយើងមានកូនតូចៗពិបាករស់នៅ។ ហើយឥលូវហ្នឹង មិនដឹងជាមានដំណោះស្រាយបែបណា។ អីចឹងយើងមានតែវិលទៅជីវភាពក្រីក្រដូចដើម»។
អភិបាលស្រុកព្រៃនប់ លោក សរ កក្កដា បានចុចបិទទូរស័ព្ទនៅពេលវីអូឌីស្វែងរកការបកស្រាយពីលោកនៅថ្ងៃនេះ។
ចំណែកអ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឃាង ភារម្យ និងអភិបាលខេត្ត លោក គួច ចំរើន ទូរស័ព្ទចូលច្រើនដង ប៉ុន្តែ គ្មានអ្នកទទួល។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុ លោកស្រី ជាប សុធារី មានប្រសាសន៍ថា កាលពីម្សិលមិញនេះ មានករណីអាជ្ញាធរចម្រុះយកគ្រឿងចក្រចុះឈួសឆាយផ្ទះ និងផលដំណាំរបស់ពលរដ្ឋនៅតំបន់តាបិន្ត ស្ថិតក្នុងភូមិស្មាច់ដែង ស្រុកព្រៃនប់ពិតមែន ប៉ុន្តែ លោកស្រី សុំមិនបកស្រាយលើរឿងនេះទេ ដោយថា មិនទាន់បានចុះស៊ើបអង្កេតនៅឡើយ។
បើតាមមន្ត្រីការពារសិទ្ធិមនុស្សរូបនេះ ឲ្យដឹងថា មួយរយៈចុងក្រោយនេះជម្លោះដីធ្លីនៅខេត្តព្រះសីហនុមានការកើតឡើងស្ទើរគ្រប់កន្លែង ខណៈតម្លៃដីធ្លីនៅខេត្តជាប់មាត់សមុទ្រមួយនេះបានហក់ឡើងខ្ពស់។
បើតាមលោក សុខ ធា នៅតំបន់ដីកំពុងមានជម្លោះ គឺមានប្រជាពលរដ្ឋប្រហែលជាង២០០គ្រួសារទៀតកំពុងប្រឈមការឈូសឆាយផ្ទះ និងផលដំណាំ ដែលថា អ្នកភូមិទាំងនោះមានដីប្រហែល១ហិកតាប៉ុណ្ណោះ ១គ្រួសារសម្រាប់បង្ករបង្កើនផល និងដាំដំណាំផ្សេងៗ៕