យុវជនមួយក្រុមដាក់ញត្តិស្នើក្រសួងអប់រំបញ្ឈប់ការបង្កើតអាគារសិក្សាភាសាវៀតណាមនៅក្នុងគ្រឹះស្ថានរដ្ឋ

លោក ធែល ធីលែន ជាយុវជនម្នាក់ក្នុងចំណោមក្រុមយុវជនជាង១០នាក់ ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងពេលប្រមូលផ្ដុំគ្នាដាក់ញត្តិ​​​នៅ​​ក្រសួង​អប់រំ យុវជន និងកីឡា ដោយ​ស្នើ​​លុបចោល​​​ការ​​បង្កើត​អាគារ​សិក្សា​​ភាសា​​វៀត​​ណាម​​នៅ​​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ ដោយលើក​ហេតុផលថា កុំ​ឱ្យប៉ះពាល់​ដល់​ឧត្ដម​ប្រយោជន៍ក​ម្ពុជា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រុមយុវជនជាង១០នាក់ នៅថ្ងៃចន្ទនេះ បានប្រមូលផ្ដុំគ្នាដាក់ញត្តិ​​​នៅ​​ក្រសួង​អប់រំ យុវជន និងកីឡា ដោយ​ស្នើ​​រដ្ឋ​មន្ត្រី​ក្រសួង​មួយ​នេះលុបចោល​​​ការ​​បង្កើត​អាគារ​សិក្សា​​ភាសា​​វៀត​​ណាម​​នៅ​​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ ដោយពួកគេ​លើក​ហេតុផលថា កុំ​ឱ្យប៉ះពាល់​ដល់​ឧត្ដម​ប្រយោជន៍ក​ម្ពុជា។

តំណាង​យុវជន លោក អន រតនា ដែលអះ​អាង​ថាធ្វើដំណើរមកពីខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌​មាន​ក្រោយ​ដាក់ញត្តិ​​​ថា ដើមចមដែលនាំឱ្យពួកគេ​​ដាក់ញត្តិ​នៅក្រសួងអប់រំនេះ​ ដោយ​សារ​តែ​ពួកគេ​​កើតទុក្ខ​មិន​សុខ​ចិត្តលើគម្រោង​​​បង្កើត​អាគា​រ​​សិក្សាភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញរបស់ក្រសួង​អប់រំ​​។ យុវជន​រូបនោះបានស្នើដល់រដ្ឋមន្ត្រីក្រសួងអប់រំបញ្ឈប់គម្រោងនេះ​ ដោយ​លើក​ហេតុ​ផលថា ការ​បង្កើត​អាគារ​សិក្សា​ភាសាវៀតណាម​នៅកម្ពុជានឹ​ង​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​​​ឧត្ដម​ប្រយោជន៍​របស់ជាតិ ដោយសារ​តាមប្រវត្តិ​សាស្ត្រ​ វៀតណាមតែងតែមាន​មហិច្ឆតាឈ្លានពានកម្ពុជា។

លោកថា៖ «ព្រោះរឿងកន្លងមក ទឹកដីភ្នំពេញដែលយើងបែកធ្លាយព័ត៌មានជាច្រើននៅតាមបណ្ដាញ​សង្គម​​ផ្សព្វ​ផ្សាយ ក៏យើងឃើញថា ទាំងអភិបាលក្រុង ទាំងមន្ត្រីក្របខណ្ឌទាំងអស់ គាត់បានជួយសម្រប​សម្រួល​ទៅ​តាមការស្នើសុំរបស់ភាគីវៀតណាម ឱ្យជនជាតិវៀតណាម គឺជនអន្តោប្រវេសន៍ខុសច្បាប់ ឱ្យ​គាត់​​រស់​​នៅ​​ដោយស្របច្បាប់ នេះជាការស្នើសុំរបស់ភាគីវៀតណាម។ ដោយឡែកចំណុចនេះផងដែរ ខ្ញុំចង់និយាយ​ថាចំណុចនេះហើយដែលខ្ញុំមិនអាចទទួលយកភាសាវៀតណាមនៅកម្ពុជាបាន»។

យុវជនម្នាក់ទៀតមកពីខេត្តសៀមរាប លោក ថេល ធីលែន បានលើកឡើងដែរ​ថា ក្រុមយុវជនដែលនឹងមកជួបជុំគ្នាយកញត្តិដាក់នៅក្រសួងអប់រំ យុវជន និងកីឡា មកពីបណ្ដា២៥រាជធានី/ខេត្ត ប៉ុន្តែលោកមិនអាចកំណត់ចំនួនជាក់លាក់ថាមានអ្នកចូលរួមទាំង​អស់ប៉ុន្មាននាក់នោះទេ ព្រោះអ្នកដែលគាំទ្រចេះតែនាំគ្នាគាំទ្រនិងមក​ចូល​រួមដាក់ញត្តិជាហូរហែ។ ​លោកបន្តថា នៅព្រឹកមិញនេះ មន្ត្រីក្រសួងអប់រំបានទទួលយក​ញត្តិ​ពី​ពួក​គាត់​ ហើយ​សន្យា​ថានឹង​បញ្ជូន​ញត្តិនេះ​ទៅ​ថ្នាក់​ដឹក​នាំ ដើម្បី​​ពិនិត្យ​និង​​សម្រេច។

តែយ៉ាងណា​ ​យុវជន​រូប​នោះព្រមាន​ថា បើ​រដ្ឋ​មន្ត្រីក្រសួង​អប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន មិនធ្វើ​តាមសំណើរបស់ពួកគាត់ទេ នោះពួកគាត់នឹងបន្ត​ការតវ៉ាទ្រង់ទ្រាយធំ ដើម្បីទាមទារឱ្យមានដំណោះស្រាយ។

លោក​ថា៖ «បើសិនជាខាងក្រសួងបដិសេធ យើងនឹងដាក់សម្ពាធស្របតាមផ្លូវច្បាប់ អាចឈានទៅដល់​​ការប្រមូលផ្ដុំតវ៉ា ឬបង្កើតជាបាតុកម្មអហិង្សា ព្រោះចលនារបស់យើងអត់បានប្រឆាំងជាមួយរាជរដ្ឋាភិបាល ឬប្រកាន់និន្នាការនយោបាយណាទេ គឺធ្វើដើម្បីប្រយោជន៍របស់ជាតិ។ យើងកំពុងតែដោះស្រាយបញ្ហារបស់ជាតិ ដើម្បីកុំឱ្យមានការហូរចូលពីវប្បធម៌បរទេស ជាពិសេសជាតិសាសន៍ដែលមានគោលបំណង និងមហិច្ឆតាមក​លើ​កម្ពុជា តាំង​ពី​បុរាណកាលរហូតមកដល់ពេលបច្ចុប្បន្ននេះ»។

ក្នុងខ្លឹមសារញត្តិដែលដាក់ទៅក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ថា វៀតណាមជាប្រជាជាតិមួយដែលកម្ពុជាគួរតែមានការប្រុងប្រយ័ត្នចំពោះចំណងមិត្តភាព និងទំនាក់ទំនងផ្សេងៗ ដោយសារ​តាមប្រវត្តិសាស្ត្រ​តាំងពីបុរាណកាល​មក​ដល់​បច្ចុប្បន្ន​នេះ វៀត​ណាម​មិន​ដែល​បោះបង់មហិច្ឆតាឈ្លានពានកម្ពុជានោះឡើយ ជាក់ស្តែង​ការបាត់បង់ធនធាន និងទឹកដីទ្រព្យសម្បតិ្តជាតិជាច្រើន ដូច​ជា ទឹក​ដី​កម្ពុជា​ក្រោម និងកោះត្រល់ ជាដើម។

ខ្លឹមសារក្នុងញត្តិដដែលនោះ ឱ្យដឹងទៀតថា ភាសា​វៀតណាមមិន​មែនជាតម្រូវការ​ចាំបាច់​ និងផ្ដល់អត្ថប្រយោជន៍ខ្លាំង​នោះទេ បើធៀបនឹងអាគារសិក្សា​ភាសានានា។ ផ្ទុយទៅវិញ វាអាចផ្តល់​ជា​ហានិភ័យខ្ពស់ចំពោះការជ្រៀត​ចូល​របស់ភាសាវៀតណាម​នៅគ្រឹះស្ថានស្ថាប័ន ហើយការបង្កើតនេះគ្រាន់តែដើម្បីបំពេញតម្រូវការ​​របស់​ភាគីវៀតណាម​ប៉ុណ្ណោះ។ ញត្តិដដែលបន្ថែមថា ការបង្កើតថ្នាក់ភាសាវៀតណាមនៅកម្ពុជានេះ ក៏គ្មានតុល្យ​ភាព និងសមរម្យ​ចំពោះកិច្ចការងារ​ការ​ទូត​ ព្រោះភាគីវៀតណាមមិនបានផ្តល់សិទ្ធិពេញលេញដល់​ការសិក្សា​ភាសា​ខ្មែរ​នៅប្រទេស​វៀតណាម​ឡើយ ជាពិសេស​ប្រជាពលរដ្ឋខ្មែរដែលរស់នៅលើទឹកដីកម្ពុជាក្រោម​ គ្មានសិទ្ធិ​ទទួលបានការសិក្សាអក្សរ​ និងភាសាខ្មែរស្របច្បាប់។

ញត្តិនោះ​បន្តទៀត​​ថា ការបង្កើតអាគារ​សិក្សា​ភាសាវៀតណាម​នេះអាច​ជា​ហានិភ័យ​​នៃការឈានទៅរកការគ្រប់​គ្រងដោយមនោគមវិជ្ជា និង​ចិត្តសាស្ត្រដោយប្រយោលមកលើកម្ពុជា បន្ទាប់ពីក្រុមយុវជនទាំងនោះ​សង្កេត​​ឃើញ​​ទំនាក់​ទំនង​មិន​ប្រក្រតី​មួយ​​​ចំនួន ដូច​ជា ការផ្តល់ដី៤០ហិកតាដល់ជនជាតិវៀតណាមសង់លំនៅដ្ឋាន ស្របពេលដែលពលរដ្ឋកម្ពុជាជា​ម្ចាស់ស្រុកកំពុង​រង​វិបត្តិ​ជម្លោះ​ដីធ្លីច្រើនជាង៤០ ០០០ករណី  និង​​ការ​ផ្តល់​ដីតាម​បណ្តោយ​ព្រំដែនកម្ពុជា-វៀតណាម ក្រោមរូបភាពសម្បទាន និងបង្កើតជាតំបន់ត្រីកោណ​អភិវឌ្ឍន៍ (ឡាវ-កម្ពុជា-វៀតណាម) ដោយភាគីវៀតណាមជាអ្នកគ្រប់គ្រង និងទទួលបានផលប្រយោជន៍។

នៅម៉ោង២រសៀលថ្ងៃដដែលនេះ ក្រុមយុវជននឹង​បន្តយកញត្តិទៅដាក់នៅ​​​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញបន្ថែម​ទៀត​​ ដើម្បីស្នើដល់សាកលវិទ្យា​ធិការ បញ្ឈប់ការបង្កើតអាគារសិក្សាភាសាវៀតណាមនោះផងដែរ។

ប្រធានការិយាល័យរដ្ឋបាល​នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក សំ សំអុល បានចេញមកប្រាប់ក្រុមយុវជនទាំងនោះ​ថា៖ «ឥលូវក្រសួងគាត់ទទួលញត្តិហើយព្រឹកមិញ។ អ៊ីចឹង​ខ្ញុំចាំលិខិតចារពីក្រសួងមកវិញ ព្រោះ​​នៅ​​តាម​​​សាលាអត់ធ្វើនយោបាយប៉ះពាល់អ្វីទាំងអស់ ហើយសាលាអត់មានត្រូវការទទួកយកញត្តិអ្វីទេ […]​ ហើយសាលាជាទូទៅ អត់ដែលទទួលយកញត្តិអ្វីទាំងអស់។ បើដាក់ក្រសួងហើយ ក្រសួងជាអាណាព្យាបាល។ អ៊ីចឹង​បើដាក់ក្រសួងហើយ ក្រសួងចារទម្លាក់មកឱ្យខាង​​ខ្ញុំ ហើយខាង​ខ្ញុំដោះស្រាយតាមហ្នឹង»។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា សុំមិនធ្វើការបកស្រាយជុំវិញបញ្ហានេះទេ។

តែយ៉ាងណា កាលពី​ថ្ងៃទី១៧ ខែសីហានេះ​ លោក​ រស់ សុវាចា ធ្លាប់មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន​នៅទីស្តីការ​គណៈរដ្ឋមន្ត្រី​ ថាការ​បញ្ចូល​កម្មវិធី​សិក្សាភាសា​វៀតណាម​នៅ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ គឺ​គោល​បំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការអប់រំ​រវាង​ប្រទេស​ជា​មិត្ត តាម​រយៈ​ការ​លើក​កម្ពស់​ការ​រៀននិងបង្រៀន​នៅ​កម្រិត​ឧត្ដម​សិក្សា និងទិដ្ឋភាពពាក់ព័ន្ធនានា។ លោកបញ្ជាក់ទៀតថា កម្ពុជានិងវៀតណាមបានធ្វើកិច្ចសហប្រតិបត្តិការ​ពង្រឹងលើវិស័យអប់រំ​កម្រិតឧត្តមសិក្សា ក៏ដូចជាកិច្ចសហប្រតិបត្តិការដែលក្រសួងអប់រំ​បានធ្វើជាមួយបណ្ដាប្រទេសជាមិត្តផ្សេងទៀតផងដែរ។

លោកថា៖ «គោលបំណងនៃកិច្ចសហប្រតិបត្តិការនេះ គឺដូចខ្ញុំជម្រាបជូនអ៊ីចឹង គឺថាដើម្បីបន្តពង្រឹងប្រសិទ្ធភាព​នៃកិច្ចសហប្រតិបត្តិការវិស័យអប់រំឧត្ដមសិក្សានៅប្រទេសកម្ពុជា និងវៀតណាម ដែលទាក់ទងទៅនឹងកិច្ចព្រមព្រៀងមានតាំងពីឆ្នាំ២០០១ ដល់ឆ្នាំ២០២៥ គឺជាកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា-វៀតណាម វិស័យអប់រំឧត្តមសិក្សាដែលមានជាធរមាន»។

មេដឹកនាំសហជីព និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ជំរុញ​ទៅ​ក្រសួងអប់រំ យុវជន និង​កីឡា ត្រូវ​យក​សំណើរបស់​ក្រុមយុវជនទាំងនោះទៅពិនិត្យនិងដោះស្រាយ រួច​ផ្តល់​ព័ត៌​មានទៅកាន់យុវជនវិញ ដើម្បីកុំឱ្យពួកគាត់ព្រួយបារម្ភពីបញ្ហាប្រឈមទៅថ្ងៃអនាគតជុំវិញគម្រោងបង្កើតអាគារ​សម្រាប់​​​សិក្សា​ភាសាវៀតណាមនេះ។

លោក​ថា៖ «ក្រសួងអប់រំ និងសាកលវិទ្យាល័យ ត្រូវតែបំភ្លឺឱ្យបានច្បាស់លាស់ថាតើការបើក[អាគារសិក្សាភាសា​វៀត​ណាម] វាបែបម៉េច! ការមិន​បើក​វាបែបម៉េច! ត្រូវបំភ្លឺឱ្យគាត់យល់ ពីព្រោះយើង​ដឹង​ហើយ យួន​មិនមាន​អ្វី​ស្មោះត្រង់ជាមួយកម្ពុជាយើងទេ អ៊ីចឹង​ហើយបានធ្វើឱ្យយុវជនយើងសម្តែងការព្រួយបារម្ភ ហើយ​ការ​សម្តែង​ការព្រួយបារម្ភជាការត្រឹមត្រូវ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ