រដ្ឋាភិបាល​ប្រាប់​ឱ្យ​ពលរដ្ឋ​មិន​ត្រូវ​ជឿ​អបិយ​ជំនឿ​មិន​សម​ហេតុផល​

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ។ រូបភាព៖ ហ៊ី ឆាយ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងស្ថាន​ទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង អំពាវនាវឱ្យពលករ​ ពិសេសពលករដែលធ្វើការងារនៅ​កូរ៉េ មិនត្រូវជឿអបិយជំនឿដែលបំផុសបំផុលមិនសមហេតុផលនាំឱ្យខាតប្រយោជន៍ និងបាត់បង់ការងារ ក្រោយមាន​ការឃោសនារឿងទឹកលិចពិភពលោក។

នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីម្សិលមិញ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអំពាវនាវដល់ពលករ ដែលស្នាក់នៅនិងធ្វើការនៅប្រទេសកូរ៉េខាងត្បូង សូមកុំជឿតាមការឃោសនាបែបអបិយជំនឿរបស់បុគ្គលមួយរូប ដែលលោកទំនងសំដៅទៅប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា  ដោយថាការបោះបង់ចោលការងារ ហើយត្រលប់មកកម្ពុជាវិញភ្លាមៗបែបនេះ អាចប៉ះពាល់ដល់កេរិ៍្តឈ្មោះព្រមទាំងប្រាក់ចំណូលរបស់ពលករ ពិសេសនឹងបាត់បង់ឱកាសត្រលប់ទៅកូរ៉េវិញ។

លោកថា៖«ទាំងជនជាតិយើងក៏ដូចជាជនជាតិដទៃផ្សេងទៀត គេចង់បានឱកាសទៅធ្វើការនៅប្រទេសកូរ៉េ ឬ ជប៉ុន ប៉ុន្តែយើងបែរជាទៅដល់ ទីនោះហើយបែរជាត្រលប់មកវិញដោយ ឈរលើ អបិយជំនឿដែលមិនសមហេតុផលនេះគឺ វាជាការសោកស្ដាយ។ ដូច្នេះសូមអំពាវនាវ ដល់ពលរដ្ឋខ្មែរយកលក្ខណៈវិទ្យាសាស្ត្រ ធ្វើជាគោលហើយ សូមគិតពីផលប្រ យោជរបស់ខ្លួនជាគោល។ បើចេញមកទាំងបង្ខំ បែបនេះគឺ មិនមានច្បាប់ ដើម្បីវិលត្រឡប់ទៅប្រទេសកូរ៉េវិញទេដូច្នេះ វាធ្វើឱ្យបាត់បង់ឱកាសការងារដ៏ល្អនិងចំណូលសម្រាប់ទ្រទ្រង់គ្រួសារផងដែរ»។

អ្នកនាំពាក្យក្រសួងការងាររូបនេះ បានឱ្យដឹងថា ប្រសិនបើពិភពលោកនឹងជួបប្រទះគ្រោះមហន្តរាយទឹកជំនន់លិចលង់គ្រប់ប្រទេសដូចបុគ្គលម្នាក់លើកឡើងមែន នោះអ្នកវិទ្យាសាស្ត្រនឹងប្រកាសអាសន្នទូទាំងពិភពលោក។ ជាមួយគ្នានេះ លោកថា បើតាមទិន្នន័យព្យាករ​អាកាសធាតុដោយបណ្តាញព័ត៌មានកូរ៉េ និងបណ្តាញព័ត៌មានអន្តរជាតិធំៗ គឺមិនមានទិន្នន័យណាមួយបង្ហាញសញ្ញាថា នឹងមានគ្រោះធម្មជាតិនៅខែសីហា និងកញ្ញានោះឡើយ។

កាលពីថ្ងៃទី២៦ ខែសីហានេះដែរ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីប្រកាសមួយ ដោយប្រាប់ទៅពលរដ្ឋ ពិសេសអ្នកដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េ ឱ្យពិចារណាឱ្យបានម៉ត់ចត់ ជៀសវាងការជឿទៅលើសំដីបំផុសបំផុលទាំងនោះ ដែលនាំឱ្យបាត់បង់ផលប្រយោជន៍របស់ខ្លួន។

ស្ថានទូតខ្មែរ ហៅព័ត៌មានឃោសនារឿងអបិយជំនឿនោះថា ជាការឃោសនាភូតកុហក់ឬ ប្រជាភិថុដែលប្រាសចាកពីការពិត ប៉ុន្តែវាបានធ្វើឱ្យ​ពលរដ្ឋរស់នៅ និងកំពុងធ្វើការងារនៅប្រទេសកូរ៉េមួយចំនួនមានភាពភ័យខ្លាច និងបោះបង់ការងារ ទ្រព្យសម្បត្តិ ហើយត្រលប់មកកម្ពុជាវិញយ៉ាងតក់ក្រហល់។

សេចក្តីប្រកាសណែនាំ៖ «ស្នើបងប្អូនខ្មែរកុំជឿលើការញុះញង់តាមលក្ខណៈប្រជាភិថុរបស់ជនអគតិមួយចំនួន ឱ្យបោះបង់ការងារដែលជាប្រភពចំណូលដ៏ចម្បងសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ និងការកសាងអនាគតទៅថ្ងៃខាងមុខ»។

ការអំពាវនាវនេះ កើតឡើងក្រោយមានព័ត៌មានផ្សេងៗស្តីពីការសម្រុកត្រលប់មកកម្ពុជា វិញពីសំណាក់ពលករខ្មែរនៅប្រទេសកូរ៉េមួយចំនួន បន្ទាប់ពីប្រធានគណបក្ស LDP  ​លោក ខឹម វាសនា បានប្រាប់ម្តងហើយម្តងទៀត​ឱ្យពលរដ្ឋ ពិសេសអ្នកគាំទ្រខ្លួន ប្រយ័ត្ន​បាតុភូតគ្រោះទឹកជំនន់លិចលង់ពិភពលោកទាំងមូល និងប្រញាប់ទៅចម្ការរបស់ខ្លួនដែលនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយថា មានតែសៀមរាបមួយទេដែលអាចសុខសាន្ត​។

កាលពីថ្ងៃទី២៥ ខែសីហា ទំព័រហ្វេសប៊ុករបស់ លោក ខឹម វាសនា បានសរសេរប្រាប់ទៅពលរដ្ឋត្រូវទៅចម្ការសៀមរាបកុំបីខាន ដោយថា  ទឹកនឹងលិចពិភពលោកហើយ និងប្រាប់កុំជឿអ្នកវិទ្យាសាស្រ្តអី ព្រោះលោកថា អ្នកវិទ្យាសាស្ត្រជាអ្នកធ្វើឱ្យទឹកលិចពិភពលោក។

ហ្វេសប៊ុក លោក ខឹម វាសនា លើកឡើងថា៖ ដូច្នេះធម្មជាតិកម្មមិនអោយពួកវាដឹងខ្លួនកើតទេ ពូប្រាប់ក្មួយហើយថា កាលណាអ្នកមានអារម្មណ៍ថា កម្លាំងដែលបង្កើតវិញ្ញាណដែលកំពុងតែវិលខុសនោះត្រូវ គឺវិញ្ញាណនោះត្រូវតែមានអារម្មណ៍នូវសញ្ញាត្រូវទាំងអស់ថាខុស សញ្ញាត្រូវគឺសញ្ញាផ្ទុះផែនដីនៅប្រទេសនេះ ទឹកលិចលង់នៅប្រទេសនេះ នេះសញ្ញារបស់ធម្មជាតិប្រាប់ថា ផែនដីជិតមានបញ្ហាធំហើយ»។  ​​

​អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុន្នី កាលពីម្សិលមិញប្រាប់វីអូឌីថា ខាងក្រសួងមិនទាន់ដឹងថា ត្រូវឆ្លើយតបឬ មានវិធានការអ្វីលើបញ្ហានេះនៅឡើយទេ។

យ៉ាងណា មកទល់ពេលនេះស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលនៅមិនទាន់បង្ហាញវិធានច្បាប់ណាមួយនៅលើក្រុមដែលខ្លួនហៅថា ជាអ្នកញុះញង់ ឬជាជនអគតិនោះឡើយទេ ក្រៅតែពីប្រាប់ពលរដ្ឋកុំឱ្យជឿរឿងនេះតែប៉ុណ្ណោះ។  

អនុប្រធានអាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម លោក ម៉ៅ ហាក់ អះអាងប្រាប់សារព័ត៌មាន​ThmeyThmey​ ដែលចុះផ្សាយកាលពីម្សិលមិញថា គ្មានគ្រោះមហន្តរាយលិចលង់ពិភពលោកឡើយ ហើយការឃោសនាបែបនេះ គឺជា​រឿងមិនពិត និងមិនសមហេតុផល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ