បក្ស​ភ្លើង​ទៀន​ស្នើ​ព្រឹទ្ធសភា​ឱ្យ​បដិសេធ​សំណើ​​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្ម​នុញ្ញ​លើក​ទី​១០​ ​

គណបក្សភ្លើងទៀន ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណបក្សភ្លើងទៀនបានទទូចទៅស្ថាប័នព្រឹទ្ធសភា ឱ្យបដិសេធនូវសំណើធ្វើវិសោធនកម្មមាត្រាមួយចំនួននៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ក្រោយស្ថាប័នរដ្ឋសភាបានអនុម័តជាផ្លូវការលើសំណើធ្វើវិសោធនកម្មនោះកាលពីពេលថ្មីៗនេះ​ ដោយពួកគេយល់ថា ការធ្វើវិសោធនកម្មនេះ ​ផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស និងការពារអំណាចមនុស្សមួយក្រុមប៉ុណ្ណោះ។

ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ក្នុងសប្តាហ៍នេះបានឱ្យដឹងថា ការវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ និងច្បាប់ធម្មនុញ្ញបន្ថែម ដែលរដ្ឋសភាយល់ព្រមអនុម័តកាលពីថ្ងៃទី២៨ ខែកក្កដា មានចំនួន៨មាត្រានោះ មិនគួរធ្វើវិសោធនកម្ម​​​យ៉ាងតក់ក្រហល់បែបនេះឡើយ។ បក្សក្រៅរដ្ឋាភិបាលនេះបន្តថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះ នឹងនាំឱ្យផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការពារអំណាចមនុស្សមួយក្រុមតែប៉ុណ្ណោះ។ ករណីនេះ គណបក្សភ្លើងទៀន ទទូចទៅព្រឹទ្ធសភាមិនត្រូវទទួលយកសំណើនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនោះឡើយ។

លិខិតមានខ្លឹមសារថា ៖ «គណបក្សភ្លើងទៀន អំពាវនាវយ៉ាងទទូចដល់ព្រឹទ្ធសភា កុំទទួលយកសេចក្តីព្រាងច្បាប់ ស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា ដែលរដ្ឋសភាបានអនុម័ត នាព្រឹកថ្ងៃទី២៨ កក្កដា ឆ្នាំ២០២២ នេះ ទៅពិនិត្យនិងពិភាក្សាជាដាច់ខាត»។ 

លិខិតដដែលមានខ្លឹមសារថា ៖ «[សេចក្តីព្រាងច្បាប់ស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ]ពុំបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរឡើយ។ ផ្ទុយទៅវិញ គឺដើម្បីតែការពារអំណាច ឱ្យមនុស្សមួយក្រុមនិងបក្ខពួករបស់គេតែប៉ុណ្ណោះ»។ 

វីអូឌីពុំអាចទាក់ទងអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដើម្បីសុំការបញ្ជាក់បន្ថែមបានទេនៅថ្ងៃនេះ។

អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង មានប្រសាសន៍កាលពីម្សិលមិញថា ព្រឹទ្ធសភាមិនទាន់ទទួលបានសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមពីរដ្ឋសភានៅឡើយទេ។ ប៉ុន្តែលោកថា សេចក្តីព្រាងច្បាប់នោះទំនងជាបញ្ជូនមកដល់ព្រឹទ្ធសភានៅដើមសប្តាហ៍ក្រោយនេះ។

ករណីនេះ លោកថា នៅពេលព្រឹទ្ធសភាទទួលបានសេចក្តីព្រាងវិសោធនកម្មនោះ  ក្រុមការងារជំនាញនឹងយកទៅប្រជុំនៅគណៈកម្មាធិការអចិន្ត្រៃយិ៍ព្រឹទ្ធសភា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីពិនិត្យនិងសម្រេច។

លោកមានប្រសាសន៍ថា៖ «នៅថ្ងៃ៤ ខែសីហា បានប្រជុំគណៈកម្មាធិការអចិន្ត្រៃយិ៍នៃព្រឹទ្ធសភា ហើយនឹងសម្រេចដាក់ច្បាប់ហ្នឹងចូលទៅក្នុងរបៀបវារៈពេញអង្គ។ អីចឹងពេលនោះចាំខ្ញុំជម្រាបថ្ងៃ៤ ពេលល្ងាច»។

នា​យកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក​ សេក សុជាតិ មានប្រសាសន៍ថា ការស្នើសុំរបស់បក្សប្រឆាំងទៅកាន់ព្រឹទ្ធសភាមិនទទួលបានផលវិជ្ជមាននោះទេ ពីព្រោះរាល់ការស្នើសុំវិសោធនកម្ម និងកែមាត្រាច្បាប់មួយចំនួនកន្លងមក ស្ថាប័នព្រឹទ្ធសភាតែងតែទទួលយកតាមការស្នើសុំរបស់រដ្ឋាភិបាលនិងស្ថាប័នរដ្ឋសភាជានិច្ច។

នាយកអង្គការរូបនេះបញ្ជាក់ថា ក្រោយពេលធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនេះ នឹងមានគុណសម្បត្តិ និងគុណវិបត្តិ ចំពោះគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង។

លោកមានប្រសាសន៍ថា៖ «គណបក្សកាន់អំណាចធ្វើវិសោធនកម្មនេះវាមានផលប្រយោជន៍ពីរ។ ទី១ អាចរក្សាលំនឹងនៅក្នុងគណបក្សកាន់អំណាច ដើម្បីឆ្ពោះទៅកាន់គោលដៅដែលគេបានរៀបចំទុក ហើយទី ២បង្ហាញឱ្យឃើញនូវភាពអសកម្ម ឬអសមត្ថភាពរបស់មន្ត្រីគណបក្សនយោបាយក្រៅរដ្ឋាភិបាល ដែលមិនមានសមត្ថភាពក្នុងការតស៊ូមតិ ជាពិសេសប៉ះពាល់ដល់អ្នកប្រជាធិបតេយ្យ ប៉ះពាល់ដល់គណបក្សនយោបាយដទៃ»។

កាលពីថ្ងៃ២៨ ខែកក្កដា  រដ្ឋសភា​  បាន​អនុម័តទាំងស្រុងលើ​​​​​​សេចក្តី​ព្រា​ង​ច្បាប់វិសោធនកម្មរដ្ឋ​ធម្មនុញ្ញ ស្តីពីការកែប្រែ​មាត្រា ១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ មាត្រា១០២ថ្មី មាត្រា​១១៩ថ្មី(មួយ) និងមាត្រា​១២៥ថ្មី នៃរដ្ឋធម្ម​នុញ្ញ និងមាត្រា៣ថ្មី និងមាត្រា​៤ថ្មី នៃ​ច្បាប់ធម្ម​នុញ្ញ​​បន្ថែម ដោយ​សំឡេង​១០៥ លើ១០៦សំឡេង។

អ្វីដែលគួរឱ្យកត់សំគាល់ទៀតនៅពេលនេះ  ស្ថាប័នរដ្ឋមួយចំនួន រួមទាំងស្ថាប័នកងទ័ព តុលាការផង បានចេញញត្តិយ៉ាងព្រោងព្រាត ដោយប្រកាសគាំទ្រពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ។

យ៉ាងណា មុនពេលស្ថាប័នរដ្ឋសភា ​​​អ​នុ​ម័​ត​លើ​​សេច​​ក្ដីព្រា​​ង​​ច្បាប់​​វិ​សោធ​ន​កម្ម​​រដ្ឋធ​ម្មនុ​ញ្ញ​​​​​​លើ​ក​​​ទី​​១​០នោះ ​គណបក្ស​ភ្លើ​ងទៀ​ន ​គណ​ប​ក្សប្រជាធិ​ប​តេ​យ្យមូ​ល​ដ្ឋា​ន ​គណប​ក្សឆន្ទៈ​​​ខ្មែរ​ និងគណ​បក្ស​កែទ​ម្រង់​កម្ពុជា ​ព្រមទាំង​​​​ក្រុ​មអ​​​ង្គការស​ង្គមស៊ី​វិល​ចំនួ​ន១០​​​៤​​​​ស្ថាប័ន​ បា​ន​​ស្នើ​រដ្ឋសភា​​កុំឱ្យអ​​នុម័​ត​លើសំណើរបស់រដ្ឋាភិបាលនេះ ​ដោ​​​យពួកគេ​បា​រម្ភ​ថា​ ការស្នើ​កែប្រែមាត្រានៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមទាំងនោះ នឹ​​ង​​​​​កាត់​​ប​ន្ថយ​អំ​ណាច​​​ស​ភា ហើយប៉ះ​​​ពា​ល់ធ្ងន់ធ្ងរដ​ល់​ប្រ​ព័ន្ធ​​សភានិ​​យម​អា​​​ស្រ័​យ​រដ្ឋធម្មនុ​ញ្ញ​​នៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ