ព្រះរាជអាជ្ញារង​តុលាការ​ជាន់ទាប ព្រមាន​មេធាវី​ការពារសិទ្ធិ​លោក កឹម សុខា ឱ្យ​ប្រយ័ត្ន​សម្ដី

លោក ចាន់ ចេន ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងសវនាការករណីលោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ លោក កឹម សុខា រងការព្រមានពីព្រះរាជអាជ្ញារង​​​សាលា​​ដំបូង​រាជ​ធានីភ្នំពេញ ឱ្យ​ប្រយ័ត្នសម្ដី ស្រប​ពេល​ដែលតុលាការបានបន្តនីតិវិធី​នៃការ​​ដេ​ញ​​​​​​​​ដោល​ជា​ថ្មី​ទៀតលើ​អង្គហេតុ​ប្រទូស​រ៉ាយ នៅក្នុងសំណុំរឿង «សន្ទិដ្ឋិភាព ឬត្រូវរ៉ូវជាមួយ​​រដ្ឋបរ​​ទេ​​ស​​​ដោយ​សម្ងាត់ ​ចង់ផ្ដួលរំលំរដ្ឋាភិបាល»។

ការព្រមានរបស់​លោក ប្លង់ សុផល ដែលជាព្រះរាជអាជ្ញារង​នៃអយ្យការអម​តុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃពុធ​នេះ ធ្វើឡើងក្នុង​ពេ​ល​​​​ដែលតុលាការ​បានបន្តនីតិវិធីនៃការ​សួរដេញដោលទៅលើ​ជន​​​ជាប់​ចោទ លោ​​ក កឹម សុខា ជាថ្មីទៀត។

លោក ប្លង់ សុផល បានព្រមានថា សូមឱ្យមេធាវី ​លោក ចាន់ ចេន ត្រូវប្រយ័ត្នសម្ដី ដែលចោទ​​ប្រ​​កាន់​​​ថា “អាង​តែព្រះរាជអាជ្ញាមានសិទ្ធិអំណាច ចេះតែចោទប្រកាន់និងធ្វើបាបប្រជាពលរដ្ឋ​​”។

ថ្លែង​​នៅចំពោះមុខអង្គសវនាការ តំណាងអយ្យការរូបនេះបន្តថា តុលាការមិនមែន​ចេះតែ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូល​ដ្ឋាន​ទេ ហើយ​កិច្ចការដែលតុលាការអនុវត្ត គឺផ្អែកតាមនីតិវិធី និង​បទ​ដ្ឋាន​គតិ​យុត្ត ដោយមិនលម្អៀងឡើយ។

ប្រតិកម្ម​របស់​តំណាងអយ្យការរូបនេះ នៅ​​បន្ទា​​​​​​ប់​​ពីសហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទលោក កឹម សុខា គឺលោក ចាន់ ចេន កត់​សម្គាល់​​​នៅ​​​​​នា​ទីចុងក្រោយ​នៃសវនាការថា “អាងតែព្រះរាជអាជ្ញាមាន​សិទ្ធិ​អំណាច និង​ពាក់​អាវ​ពណ៌ក្រហម​ ចេះតែ​​ចោ​​​​ទ​​​​​​ប្រកាន់​​កូនក្ដីរបស់​​ខ្លួ​ន​ដែលជាពលរដ្ឋស្លូតត្រង់”។

ម្យ៉ាងវិញទៀត លោកមេធាវី ចាន់ ចេន បញ្ជាក់បន្ថែមថា ប្រហែល​ជាតំណាងអយ្យការ លោក ប្លង់ សុផល ស្តាប់​​អ្វីដែលលោកកត់សម្គាល់មិនច្បាស់ ទើបចេញមកប្រតិកម្មខុសន័យនិងខ្លឹមសារដើម​​ដែល​​លោកលើកឡើងបែបនេះ។

ចំណែកព្រះរាជអាជ្ញារង លោក ប្លង់ សុផល ប្រតិកម្មដោយ​​សម្ដី​​ធ្ងន់ៗថា “ហេតុអីបានលោកមេធាវីត្រូវ​លើកឡើងពីរឿងពាក់អាវពណ៌ខ្មៅ ពណ៌ក្រហម​បែប​​នេះ?”​​។ ​​​លោ​​​ក​បន្តថា អាវពណ៌ក្រហមនេះ គឺ​ជា​តំណាង​ឱ្យ​យុត្តិធម៌ មិនមែនចេះតែពាក់​​នោះទេ ហើយ​​អាវនេះគឺត្រូវមានបញ្ញត្តិនៅ​ក្នុង​ច្បាប់ និង​មាន​ព្រះរាជក្រឹត្យផង។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះពីលោកមេធាវី ចាន់ ចេន បានទេ នៅថ្ងៃ​​ពុធ​​នេះ។

យ៉ាងនេះក្តី សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា ម្នាក់ទៀត​ គឺលោកមេធាវី ផែង ហេង មាន​​ប្រ​​សា​សន៍​ថា បើគិតពីការបារម្ភ គឺមេធាវីមិនអា​ច​ការពារ​សិទ្ធិសម្រាប់កូនក្តីបានទេ ព្រោះ​នីតិ​​បុគ្គ​​​ល​​​​​​​​ដែល​​​បម្រើការនៅក្នុងស្ថាប័នតុលាការ មិនមែនមានសិទ្ធិអំណាចត្រឹមតែអាចកសាង​​សំ​​ណុំ​​រឿង​​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីធំជាងនេះបន្ថែមទៀតក៏មានដែរ។

លោកបន្តថា៖ «សព្វថ្ងៃនេះ​ បើយើងនិយាយពីខ្លាចនិងញញើត យើងអត់ទៅការពារក្តីបានទេ ព្រោះ​​​​យើង​​​​ដឹងថា ភាគីម្ខាងទៀតមិនមែនត្រឹមតែព្រះរាជអាជ្ញាទេ។ អ៊ីចឹងហើយ ក្នុ​​ងស្មារតី​​យើង​​ចង់វែក​ញែករកយុត្តិធម៌ដឹងខុសត្រូវតែប៉ុណ្ណឹងទេ បានយើងខំប្រឹងតតាំង។ បើនិយាយពីភ័យពី​ខ្លាច​នោះ​ បើគ្រាន់​តែឮសម្ដី​របស់​ព្រះរាជ​អាជ្ញា​នោះ ក៏យើង​ភ័យ​ដែរ។ មាន​មេធាវី​ខ្លះអត់​ទាំង​ហ៊ាន​មក​ផង»។

សម្រាប់​សវនាការលើកទី​៤៩ នៅថ្ងៃពុធនេះ តុលាការបានព្យាយាមលើកយកសកម្មភាព​របស់​​លោក កឹម សុខា តាមរយៈការ​​ចាក់ឃ្លីប​វីដេអូកាលពីចុងខែ​ធ្នូ ឆ្នាំ២០១៣ មកសួរនាំជន​​ជាប់​​ចោទ​​​បន្ត​​​ទៀត។ គេសង្កេតឃើញថា នៅក្នុងអង្គសវនាការ​លើក​នេះ ក្នុងពេលចាប់ផ្តើមដំបូងទី មិន​​​សូវ​​មាន​​ភាព​តាន​តឹងកើតឡើងទេ ក្នុងពេលដែលសហមេធាវីការពារសិទ្ធិឱ្យដើមបណ្តឹង​របស់​​រដ្ឋា​​ភិបាល ​​លោក លី ចន្ទតុលា តាំងសំណួរ។ ក្នុងនាមជាប្រធានគណៈមេធាវី និងជាមេធាវី​​របស់​​រដ្ឋា​ភិ​​បាល​​ផង លោក លី ចន្ទតុលា បានសួរសំណួរជាច្រើនអំពីសកម្មភាព​នៃការធ្វើមហា​​បាតុ​​កម្មកាលពីចុងឆ្នាំ២០១៣។

ជាបន្តបន្ទាប់ លោក កឹម សុខា បានព្យាយាមឆ្លើយរាល់ការតាំងសំណួរ ហើយជនជាប់ចោទរូបនេះបានជម្រាបអង្គជំនុំជម្រះថា មហាបាតុកម្មកាលណោះ គឺធ្វើឡើងក្នុងគោលបំណង​ដើម្បីទាម​​​ទារ​​ឱ្យ​​​​​បង្កើត​គណៈកម្មការឯករាជ្យ ដើម្បីស៊ើបអង្កេត​ទៅលើលទ្ធផលឆ្នោត។

បើ​​ទោះ​​​​​​​ជា​​សំណួរខ្លះ​ស្តាប់ទៅហាក់ច្រំដែល និងសាចុះសាឡើង ប៉ុន្តែនៅក្នុងបន្ទប់ជំនុំជម្រះហាក់​​​មិន​​​​​មានភាពតានតឹងទេ ផ្ទុយទៅវិញ ហាក់ផ្តល់ឱកាសច្រើនសម្រាប់លោក កឹម សុខា បាន​​​ដោះ​​​បន្ទុក។ មាន​សំណួរ​ខ្លះត្រូវបានអ្នកសង្កេតការណ៍​នៅក្នុងអង្គសវនាការយល់ឃើញថា ហាក់​​ដូច​​មិន​​ទៅ​​មុខ ដោយសហមេធាវីរូបនេះព្យាយាមសួរនាំថា​ ហេតុអីបាន​​ត្រូវហែបាតុកម្ម​​ទៅទីតាំ​ង​​ផ្សេង? ​​ហេ​​​តុអីបានត្រឹមលើកឡើងពីប្រាក់ខែកម្មករ? បើការ​ធ្វើបាតុកម្មនោះ​ធ្វើឡើង​​ដើម្បីទាម​ទារ​​ឱ្យបង្កើត​​គណៈ​​កម្ម​​​កា​រឯក​​​​រាជ្យជាដើមនោះ។

ជាការឆ្លើយតបចំពោះបញ្ហានេះ លោក កឹម សុខា បញ្ជាក់ថា ជាធម្មតា មេដឹកនាំនយោបាយ មិន​​​ដែ​​ល​​​និ​​យា​យ​​តែ​​ចំ​​ពោះ​​​​បាតុកម្មមួយមុខនោះទេ មិនថាតែលោកទេ មានមេដឹកនាំផ្សេងទៀត បើ​​​សម្ពោធ​​ស្ពា​​នឬ​​សា​លា​​រៀនហើយ​​​ គេកម្រ​​ផ្តោតទៅលើប្រធានបទតែមួយណាស់​ ព្រោះ​នេះគឺ​ជា​វោហារ​​សាស្រ្ត​​​​រប​ស់​​​​​​​​​អ្នក​ន​យោ​​បាយ​​​​។ លោកបន្តថា អ្វីដែលលោកលើក​ឡើងអំពីប្រាក់ខែនេះ ព្រោះ​វា​មាន​​នៅ​​​​ក្នុង​​​​កម្មវិធី​​ន​​យោ​​​​បាយ​របស់គណបក្សសង្រ្គោះជាតិ ហើយមួយវិញទៀត ក្នុងនាម​តំណាង​​​​រាស្រ្ត លោកមានសិទ្ធិគ្រប់គ្រាន់ក្នុងការជួបពលរដ្ឋ ដូចមា​ន​បញ្ញត្តិនៅក្នុងច្បាប់។

បើទោះជាយ៉ាងណា គេកត់សម្គាល់ឃើញថា លើកនេះ ​ភាពតាន​តឹងនៅក្នុងបន្ទប់ជំនុំជម្រះ បាន​​ផ្ទុះ​​ឡើង​​​​ជិត​​​នឹង​​បញ្ចប់​​សវនា​​ការ​​ទៅ​​ហើយ​​។ ដល់វេនព្រះរាជអាជ្ញារង លោក ប្លង់ សុផល តាំងសំ​​ណួ​រ​​​ដើម្បី​​បញ្ជាក់ឱ្យលោក កឹម សុខា ឆ្លើយ ប៉ុន្តែអ្នកនយោបាយចាស់វស្សារូបនេះបាន​​​ត្រឹម​​ឆ្លើយ​​តបទៅវិញថា លោកបានឆ្លើយរួចហើយ និងពេល​ខ្លះលោក​​មិន​​បាន​​​ដឹងជា​​ដើម។​

​ការព្យា​​យាម​​​​សួរបញ្ជាក់នេះ ត្រូវបានសហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា ឡើង​​ប្រតិកម្ម​ជា​​បន្ត​​បន្ទាប់ ដោយពួកគេចាត់ទុកថា ការតាំងសំណួរនេះ គឺជាការដាក់បន្ទុក ហើយប្រាសចាកពីអង្គហេតុ​ឆ្ងាយពេក។

សម្រាប់នាយកចាត់ការទូទៅ​ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បង្ហាញ​ការភ្ញាក់​ផ្អើល​នៅពេលដឹងថា សហមេធាវីការពារសិទ្ធិឱ្យជនជាប់​ចោទ លោក កឹម សុខា ត្រូវរងការព្រមានក្នុងដំណាក់កាលនៃការសួរដេញដោលលើអង្គសេចក្តី។ លោកបន្តថា ការអនុវត្តដូច្នេះមើល​ទៅ​ហាក់ដូចជាមានភាពឆ្គាំឆ្គង ដែល​នាំឱ្យមានការរិះគន់ពីការបំពេញនីតិវិធី​មិនមានតម្លាភាព។

លោកបន្តថា៖ «ខ្ញុំមើលទៅ រឿងហ្នឹង វាគឺជារឿងមួយប្រហែលសាធារណជ​ន​ដែលគេស្តាប់នៅក្នុង​ហ្នឹង វាជារឿងមួយដែលមិនសូវជាល្អ ពីព្រោះសវនាការជាកន្លែងមួយដែលមេធាវី បើមិនចូលរួម​ជជែក​ដេញដោល និងលើកអំណះអំណាងនៅក្នុងសវនាការហ្នឹងទេ តើគាត់មានពេលឯណានឹងទៅលើកទៀត »។

ជុំវិញ​បញ្ហានេះ​ កាលពីដើមខែ​កក្កដា​កន្លង​ទៅ សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ គឺលោកមេធាវី ផែង ហេង បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដោយរៀបរាប់​ពីទុក្ខ​លំបាក និងការប្រឈមនានា អំពីការចូលខ្លួនការពារក្តី សម្រាប់សំណុំរឿងព្រហ្មទណ្ឌមួយនេះ។

បើតាម​មេធាវីរូបនេះ ពួកគេបានប្រើបច្ចេកទេសការពារក្តីក្នុងសវនាការ ដែលអ្នកខ្លះមិនហ៊ា​ន​​​​ការ​ពារ​ផង។ លោកបន្ថែមថា ប្រសិនបើអ្នកដែល​ចូលរួម​ស្តាប់​នៅក្នុងបន្ទប់សវនាការ ប្រ​ហែល​​ជាអាចព្រឺក្បាលជំនួស​សហមេធាវី ដែលតតាំង​ក្តីជាមួយភាគីអយ្យការ និង​មេធាវីដើមបណ្តឹងរដ្ឋប្បវេណី ដែល​សុទ្ធតែជា​អ្នក​មាន​ឋានៈនិង​វិជ្ជាជីវៈ។ សម្រាប់នីតិវិធីនៃការដេញដោលអំពីបទចោទនេះ តុលាការ​នឹងបន្តសវនាការនៅថ្ងៃពុធ ទី​២៧ ខែ​កក្កដា ជាថ្មីទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ