មេធាវី​ការពារក្ដី​លោក កឹម សុខា ទាមទារ​ឱ្យ​តុលាការ​បង្ហាញ​បរទេស​ដែលថា​ពាក់ព័ន្ធ​ការគប់គិត​ផ្ដួលរំលំ​រដ្ឋាភិបាល

មេធាវី​ការពារ​ក្ដី​ឱ្យ​លោ​ក កឹម​ សុខា​ គឺលោកស្រី​មេធាវី​ ម៉េ​ង សុភារី​ ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់សវនាការរឿងក្ដី លោក កឹម សុខា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សហមេធាវីការ​ពារក្ដីឱ្យ​លោក កឹម សុខា ប្រធាន​គណបក្សសង្គ្រោះជាតិដែលត្រូវតុលាការ​រំលាយ​​ ​ស្នើ​តុលាការបង្ហាញ​អត្តសញ្ញាណបុគ្គលឬប្រទេស ​ដែល​ពាក់ព័ន្ធក្នុង​បទចោទ ​«​​សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ឬ «រួមគំនិតក្បត់​​ចង់ផ្ដួល​រំលំ​រដ្ឋាភិបាល» នៅក្នុងសំណុំរឿងកូនក្តីរបស់ខ្លួន​។

សវនាការលើសំណុំរឿង​លោក កឹម សុខា នៅ​ជុំទី៤០​ នាព្រឹក​ថ្ងៃពុធ​ម្សិលមិញនេះ ដល់​វេន​សហ​មេធាវី​ការ​ពារ​សិទ្ធិ​ឱ្យ​​លោក កឹម សុខា តាំង​សំណួរទៅជនជាប់​​ចោទ​​ដែលជាកូនក្ដីរបស់ខ្លួន​​​វិញ​​ម្ដង ដើម្បី​ដោះ​​បន្ទុក ក្រោយពីសវនាការនេះបានប្រើពេល​ជំនុំជម្រះ​​អស់ប្រមាណ​​២​​ឆ្នាំកន្លងមក។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន​នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ លោក ផែង ហេង សហ​មេធាវី​ការ​ពារ​សិទ្ធិឱ្យជនជាប់ចោទ បញ្ជាក់​ថា ការជំនុំជម្រះ​ពេញ​​មួ​​យព្រឹកថ្ងៃពុធម្សិលមិញនេះ គឺ​ភាគីចុង​ចោទព្យាយាម​ស្នើឱ្យតំណាងអយ្យការ និងមេធាវីដើមចោទដែល​តំណាងដោយ​រដ្ឋាភិបាល បង្ហាញ​ពី​អង្គ​ហេតុ​​ឱ្យ​ច្បាស់​ថា​តើ​ត្រូវរ៉ូ​វ​​​​ជាមួយ​​​​រដ្ឋ​​បរទេសនោះ​មាន​ប្រទេសណាខ្លះ។

លើស​ពីនេះទៅទៀត លោកមេធាវី ផែង ហេង បន្តថា បើការ​ចោទប្រកាន់​ទៅលើ​លោក កឹម សុខា ដោយ​​ផ្អែក​​តែ​​ទៅ​លើ​ឃ្លីប​​វី​​ដេអូ​ត្រឹម៣នាទីជាង ហើយយកមក​​ដាក់​បន្ទុក​ប្រឆាំង​កូន​ក្តី​របស់​ខ្លួន​នេះ គឺជា​រឿង​មិន​​ស​ម​​​​ហេតុផល និងអយុត្តិធម៌។

លោកបន្តថា៖ «ដោយសារតែសុន្ទរកថា ឬក៏ពិធីសំណេះសំណាលរបស់​គាត់​​ធ្វើរ​យៈ​ពេល​ជាង​១ម៉ោង​​​បកស្រាយសំណួររបស់អ្នកចូលរួមកាលណោះ ហើយត្រូវបានយក​​វីដេអូជាង១ម៉ោងនោះ​​​យក​​​មក​​កាត់​​​​ច្បិចចំណុច​ណា​​ឬខ្លឹមសា​​​រ​ដែលគេចង់បាន ហើយធ្វើ​​ការចោទប្រកាន់ ​​ដូចជា​​ពាក្យ​​ថា​​ផ្ដាច់​ការ​អី ​គេលុបចោល រួចហើយរំលងបួនប្រាំទំព័រ​​អ៊ីចឹង​ ហើយបានមក​​តមួយបន្ទាត់​​ពីរបន្ទាត់​​ទៀត​​​ទៅ»។

ត្រលប់ទៅកាន់បន្ទប់សវនាការឯណោះវិញ នៅថ្ងៃនេះ គឺជាភារៈរបស់សហមេធាវី​​ការពារសិទ្ធិ​​ឱ្យ​​ជន​​ជាប់ចោទជាអ្នកតាំងសំណួរវិញម្តង។

លោកស្រី ម៉េង សុភារី សហមេធាវីការពារសិទ្ធិឱ្យ​លោក កឹម សុខា បានតាំងសំណួរទៅកាន់​កូន​​ក្ដីរ​​ប​​ស់​​​​​​ខ្លួន ដោយ​ផ្ដើម​ថា ​តើ​ការ​ចូល​រួម​បោះ​ឆ្នោត​កន្លង​មក​របស់លោក​ធ្វើគ្រាន់​តែ​ជា​លេស​​ ឬ​​គ្រាន់​​តែ​​​​ជា​​ឈ្នាន់ ដើម្បី​​ធ្វើ​​ប​ដិ​​វត្តន៍ពណ៌ចង់ផ្ដួលរំលំរដ្ឋាភិបាលដូចការចោទប្រកាន់របស់​​តំណាង​​អយ្យ​​ការ និងមេធាវីដើម​​ចោទ​ពីខាងរដ្ឋាភិបាល​​មែន​​ដែរ ឬយ៉ាងណា?

មិនបង្អង់យូរ លោក កឹម សុខា ដែលកំពុងឈរនៅក្នុងរង្វង់ក្រចកសេះ បានតបទៅវិញថា ចាប់​​តាំង​ពីចូលធ្វើនយោបាយ​តាំងពីឆ្នាំ១៩៩៣ បើទោះជាបក្សនយោបាយដែល​​លោកចូលបម្រើនោះមិន​​បាន​​ទទួលអាសនៈនៅក្នុងរដ្ឋសភា រហូតដល់​លោក​បានបង្កើតគណបក្សសិទ្ធិមនុស្ស និង​​ក្រោយ​​​​មក​​​ទៀត គណបក្សមួយនេះបានរួមគ្នាជាមួយលោក សម រង្ស៊ី បង្កើតបាន​​ជាគណ​​បក្ស​​សង្រ្គោះ​​ជាតិ គឺគ្មានហេតុផលណាមួយដែលចង់ផ្ដួលរំលំរដ្ឋាភិបាលម្តងណាទេ។

ផ្ទុយទៅវិញ លោកថា មានតែបង្រៀន​ឱ្យពលរដ្ឋយល់ដឹងពីសិទ្ធិ និងចេះប្រើប្រាស់សិទ្ធិដែល​​មាន​ចែង​​នៅ​​ក្នុងច្បាប់ ផ្លាស់​ប្ដូរ​រដ្ឋាភិបាលតាមរយៈការបោះឆ្នោតប៉ុណ្ណោះ។

ស្រប​ពេលលោក កឹម សុខា កំ​​ពុង​​​បកស្រាយអំពីខ្លឹមសារ​ដោះបន្ទុក ជនជាប់ចោទរូបនេះក៏​បាន​ស្នើ​ឱ្យ​តុលាការចាក់​ខ្សែ​អាត់​​​សំ​​ឡេង និងឃ្លីប​វីដេអូ ដែល​លោក​បាន​និយាយ​កាលពីខែ​កក្កដា ឆ្នាំ​២០១២។ តាម​រយៈ​ខ្សែ​អាត់និង​​​ឃ្លីប​វីដេអូនេះ គឺលោកបញ្ជាក់ជំហរចង់ឱ្យមានការផ្លាស់ប្តូរតាម​រយៈ​ការ​បោះឆ្នោត។

នៅក្នុង​អង្គសវនាការ គេសង្កេតឃើញថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ បាន​​កាត់​​លោកស្រី ម៉េង សុភារី ភ្លាមៗ ក្នុងពេល​​ដែល​​លោកស្រី​ព្យាយាមតាំងសំណួរមួយថ្មីទៀតទៅកាន់​​លោ​​ក កឹម សុខា។

ប្រធានក្រុមប្រឹក្សាសម្អាងហេតុថា សំណួរដែលមេធាវីការពារសិទ្ធិ​​ឱ្យជន​​ជាប់​​ចោទ​​សួរ​នេះ គឺ​តុលាការ​បានសួរ​រួចហើយ ហេតុដូច្នេះ សហមេធាវីការពារសិទ្ធិ​ឱ្យចោទជាប់ចោទគួរបន្ត​​ទៅ​​​​អង្គ​​ហេតុ​ថ្មី​មួយ​ទៀត ដើម្បី​កុំឱ្យខាតពេលវេលា។ ប៉ុន្តែបញ្ហានេះត្រូវបានលោកស្រី ម៉េង សុភារី ជំ​​ទាស់ ដោយចាត់ទុកថា ការដែលខ្លួនតាំងសំណួរនេះឡើង គឺដើម្បីចង់ស្វែងរកការពិត ដើម្បីផ្តល់​​យុត្តិ​​ធម៌សម្រាប់កូនក្តីរបស់ខ្លួន។

មកដល់ដំណាក់កាលនេះ លោកស្រី ម៉េង សុភារី បានតាំងសំណួរទី២ ដោយលើកឡើងថា តើ​​វី​​ដេ​អូ​ឃ្លីបដែល​តុលាការយកមកចោទប្រកាន់លោក កឹម សុខា នេះ បាន​​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ដែរឬ​ទេ?។

ភ្លាមៗនោះ​ លោក ប្លង់ សុផល តំណាងអយ្យការ បានឡើងការពារ ដោយស្នើឱ្យលោកស្រីតាំង​សំណួរ​អំពី​អង្គហេតុ​ថ្មី គឺបទចោទប្រទូសរ៉ាយវិញ។

បើទោះជាបែបណា លោក កឹម សុខា នៅបន្តឆ្លើយសំណួររបស់លោកស្រី ម៉េង សុភារី ដោយ​​ប​​ញ្ជាក់​​​​ថា វីដេអូឃ្លីបដែល​ត្រូវបាន​តុលាការយកមកចោទប្រកាន់រូប​លោកនេះ គឺជាវីដេ​​អូឃ្លីប​ដែល​គេ​កាត់​ត ធ្វើ​ឱ្យបាត់​ទាំង​ខ្លឹមសារនិងទំហំ​វីដេអូទៀតផង។ ការចោទប្រកាន់នេះ លោក កឹម សុខា ហៅថាជាការយល់ខុស ព្រោះលោកមិនបានលើកឡើងថាចង់ប្ដូររបបតាម​រយៈ​​​បដិ​​វត្ត​​​​ន៍​ពណ៌​ទេ តែចង់ឱ្យមានការផ្លាស់ប្តូរមេដឹកនាំផ្ដាច់ការតាមរយៈការបោះឆ្នោត។

នៅក្នុងអង្គសវនាការ ទាំងលោក កឹម សុខា និងសហមេធាវីរបស់លោក ក៏បានលើកយកសារ​​ន​​យោ​​បាយ​​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា​មិន​បាន​ចោទ​អាមេរិកផង​ដែរ។ ថ្លែង​ដោយ​មាន​កាយ​វិការ​លើក​ក្រ​​​ដាស​បង្ហាញ​ផងនោះ លោក កឹម សុខា អះអាងថា ប្រទេសមួយចំនួន​ដែល​ស្ថិត​ក្នុង​បទ​ចោទ សុទ្ធ​​តែ​បាន​លើក​ឡើងថា គ្មាន​​ខ្លឹម​​​សារ​​​​ណាមួយ​នៃសារនយោបាយរបស់លោក ដែលថា​មានពួកគេនៅពីក្រោយ​ ចង់ផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា​ទេ។

មិនបង្អង់យូរ ទាំងលោកស្រី ម៉េង សុភារី និងលោក អាង ឧត្តម សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា បានស្នើឱ្យតំណាងអយ្យការ និងមេធាវីដើ​ម​ចោទ បង្ហាញ​អត្តសញ្ញាណបុគ្គលនិង​​​ប្រទេ​ស​​​​​​ដែល​​រួមគំនិត​​ក្បត់ឱ្យជាក់លាក់។ ពួកគេលើកឡើងថា តាំងពីដំណាក់កាលស៊ើបសួរ រហូត​​ដល់​​នីតិវិធីសួរដេញដោល មិនឃើញមានបរទេសមួយណាដែលរួមគំនិតក្បត់ចង់ផ្ដួល​​រំលំ​​រដ្ឋា​​ភិ​បា​​លដាក់ចូលក្នុងសំណុំរឿងនេះទេ។

ឆ្លើយតបករណីនេះ តំណាងអយ្យការ លោក ប្លង់ សុផល បានថ្លែងការពារថា ការចោទប្រកាន់នេះ គឺតុលាការមានភស្តុតាងគ្រប់គ្រាន់ ដូចមាននៅក្នុងសំណុំរឿង។ លោកបន្ថែម​ថា សម្ដីរបស់លោក កឹម សុខា បានឆ្លុះបញ្ចាំងច្បាស់ហើយ តាមរយៈសកម្មភាពរបស់ខ្លួន ទៅតាមដំណាក់កាលៗ ដូច​​ជា ​​​​បរទេសស្នើឱ្យផ្អាកសកម្មភាពពីអ្នកនយោបាយមកបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រហូត​​ដល់​នាទីចុងក្រោយ បរទេសស្នើឱ្យបង្កើតគណៈកម្មការស៊ើបអង្កេតនិងតវ៉ាលទ្ធផលបោះឆ្នោត​​នាពេល​កន្លង​​ទៅ​​​​។

​ក្នុងន័យនេះ លោក ប្លង់ សុផល អះអាងថា ទាំងនេះហើយគឺជាភស្តុតាងបង្ហាញ​​ដូច​មាន​​នៅ​​ក្នុង​​ដី​កាបញ្ជូនរឿងមកជំនុំជម្រះ។

ដោយឡែក លោក លី ច័ន្ទតុលា មេធាវីដើមចោទ តំណាងដោយរដ្ឋាភិបាល បានប្រៀបធៀប​​សម្ដី​​លោក កឹម សុខា ថាចិត្តជា​ទេវទត្ត តែមាត់ជាទេវតា។ លោកបន្តថា អ្វីដែលជនជាប់​​ចោទ​​ថ្លែង​​ការ​ពារ​​ថា​ គ្រប់សកម្មភាពមិនចង់ផ្តួលរំលំរដ្ឋាភិបាល តែតាមរយៈសកម្មភាពកន្លងទៅ គឺឆ្លុះបញ្ចាំង​​ឱ្យ​​ឃើញ​​ពីហិង្សាផ្នែកនយោបាយរួចទៅហើយ។

តែយ៉ាងណា លោក កឹម សុខា ឆ្លើយតបដោយ​ចាត់ទុកការ​​ចោទ​​​ប្រ​​កាន់​​នេះ ថា​ជាប្រមាថ​មួយ​ដ៏ធ្ងន់ទៅលើរូបលោក​​ ខណៈរូប​លោកក៏ជាអ្នកប្រតិបត្តិធម៌ម្នាក់​ផងដែរ។

បើទោះជា​ក្រុមមេធាវីការពារក្ដីឱ្យ​លោក កឹម សុខា ទទូចហើយទទូចទៀត ឱ្យតំណាង​អយ្យការ​បញ្ជាក់​​​ឱ្យ​បាន​ច្បាស់​​​​​ពី​បរ​ទេសដែលជាប់ពាក់ព័ន្ធក្នុងបទចោទនេះ ខណៈដែលលោកស្រី ម៉េង សុភារី បានអាន​​សារ​​របស់​​អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ និងប្រទេសមួយចំនួនទៀតពាក់​ព័ន្ធ​រឿងក្ដីនេះក៏ដោយ​​ ក៏តំណាង​អយ្យការ និងមេធាវីដើមចោទ មិនបានលម្អិតឈ្មោះប្រទេស បុគ្គល និង​អង្គការដែលមាន​​​ជាប់​​​ពាក់​ព័ន្ធនឹងបទចោទនេះទេ។

លោក លី ច័ន្ទតុលា សហមេធាវីដើមចោទ បានអះអាងថា មានប្រទេសខ្លះ ដូចជា ប្រទេសឥណ្ឌា និង​​​​ប្រទេសឥណ្ឌូនេស៊ី ជាដើម មិនមានការ​​ចោទ​ប្រកាន់​ក្នុងសំណុំរឿ​ងនេះ​​ទេ គ្រាន់​តែមាន​ពាក់ព័ន្ធខ្លះក្នុងសារនយោបាយ​របស់​លោក កឹម សុខា នាពេលកន្លងមក​​ប៉ុណ្ណោះ។

នាយកចាត់ការទូទៅ ​នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា រឿង​​ក្តី​នេះហាក់មានភាពស្មុគស្មាញ ហើយរកទីបញ្ចប់មិន​ឃើញ ដោយសារតែនីតិវិធី​នៃ​ការ​​សួរ​​ដេញ​​​​ដោល​​​ចេះ​​តែបន្តអូសបន្លាយពេលវេលា។ លោកបន្តថា មានតែវប្បធម៌​នៃការសន្ទនានិងសម្រប​​សម្រួល​​​ផ្នែកនយោបាយមួយទេ ប្រហែលជាច្រកចេញមួយ​ដ៏ល្អ​ក្នុងការផ្សះផ្សានូវវិបត្តិនយោបាយដែល​​​កំ​​ពុង​​​តែជាប់គាំងនេះ​​។

លោកបន្តថា​៖ «ទាក់ទងបញ្ហានេះ បើសិនជាយើងបន្តនូវវប្បធម៌នៃការចរ​​ចាអំពីដំណោះស្រាយ​​ន​​យោ​​​​បាយ នោះអាចករណីឯកឧត្តម កឹម សុខា នេះអាចបញ្ចប់បានទៅលឿន»។ 

ដោយឡែក នៅខាងមុខបរិវេណតុលាការឯណោះវិញ គេសង្កេឃើញថា អ្នកគាំទ្រលោក កឹម សុខា មានចំនួនច្រើន ខណៈកម្លាំងសមត្ថកិច្ចត្រូវបានគេដាក់ពង្រាយនិងការពារសន្តិសុខ​ដូចសព្វ​​មួយ​​ដង​។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ បានប្រកាសថា សវនាការបន្តនៅក្នុងរឿងក្តីនេះនឹង​​ចាប់​​​ផ្តើមជាថ្មីទៀតនៅថ្ងៃទី​២៥ ខែ​ឧសភា សប្តាហ៍ក្រោយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ