គ.ជ.ប ក្រើនរម្លឹក​បក្ស​នយោបាយ​កុំ​ឱ្យ​ឃោសនា​បោះឆ្នោត​មុន​ថ្ងៃ​កំណត់

អ្នកនាំពាក្យ គ.ជ.ប លោក ពង្ស ពុទ្ធា (កណ្ដាល) ថ្លែងក្នុងពិធីផ្សព្វផ្សាយអំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) ក្រើនរម្លឹក​ដល់គណបក្សនយោបាយដែល​​បាន​ចុះប​ញ្ជីបេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​​​ក្នុងការ​​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា​ឃុំសង្កាត់ ត្រូវចៀស​វាង​ធ្វើ​ការ​ឃោស​នា​បោះឆ្នោត​មុន​ការ​កំណត់ដែលមានចែងក្នុងច្បាប់។

សេចក្តីរម្លឹក​ដល់គណបក្សនយោបាយរបស់គ.ជ.ប ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បាន​លើកឡើង​ថា ការឃោស​នា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ត្រូវចាប់​ផ្តើម​ពីថ្ងៃទី២១ ខែឧសភា ដល់​ថ្ងៃទី៣ ខែ​មិថុនា ឆ្នាំ២០២២ ហើយការឃោសនានេះជាសកម្មភាពមួយចំនួនដែលត្រូវធ្វើឡើងជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូល​អ្នកបោះឆ្នោត​ឱ្យ​បោះឆ្នោត​គាំទ្រ​បេក្ខជនឬគណបក្សនយោបាយណាមួយ។

គ.ជ.ប បន្តថា អំឡុងពេលនេះនៅមិនទាន់​ដល់ថ្ងៃឃោសនា​បោះឆ្នោត​នៅឡើយ ដែល​ករណី​​នេះ ស្ថាប័នរៀបចំការបោះឆ្នោតមួយនេះស្នើដល់គណបក្ស​នយោបាយ​​ដែលកំ​ពុង​​ធ្វើ​សកម្ម​ភាព​ផ្ទុយ​ពីច្បា​ប់​​បោះឆ្នោត និង​ផ្ទុយពីបទបញ្ជានិងនីតិវិធីពាក់ព័ន្ធនឹងការ​ឃោសនា​បោះ​ឆ្នោត ត្រូវ​បញ្ឈប់សកម្មភាពរបស់ខ្លួន​ជាបន្ទាន់។

សេចក្តីរម្លឹករបស់ គ.ជ.ប បញ្ជាក់ថា៖ «គ.ជ.ប ចាត់ទុករាល់ការធ្វើសកម្មភាព​ឃោសនា​បោះឆ្នោត​ដែលផ្ទុយ​ពី​មាត្រា​៧០ ត្រូវទទួលទោស​តាមមាត្រា​១៨៤ នៃច្បាប់ស្តីពីការ​បោះ​ឆ្នោត​​ជ្រើសរើស​ក្រុម​ប្រឹក្សា​​ឃុំ​សង្កាត់»។

ជាមួយគ្នានេះដែរ គ.ជ.ប ក៏​បានលើកឡើងនូវខ្លឹមសារ​មាត្រា​៦៧ នៃ​ច្បាប់​ស្តីពីការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំសង្កាត់ ថាការឃោសនា​បោះឆ្នោតមានគោលបំណង​ឱ្យ​គណបក្ស​នយោ​បាយ​​ដែលបានអនុញ្ញាត​ឱ្យ​ចុះ​បញ្ជី​​បេក្ខ​ជននិង​បេក្ខជនធ្វើការ​ផ្សព្វផ្សាយពីគោល​នយោ​បាយនិងកម្មវិធីនយោបាយ​របស់ខ្លួនក្នុងការអភិវឌ្ឍឃុំសង្កាត់ ដល់អ្នកបោះឆ្នោត តាម​រយៈ​ការធ្វើសកម្មភាពជាសាធារណៈចំនួន​១១ចំណុច។

សកម្មភាពជាសាធារណៈក្នុងការឃោសនាបោះឆ្នោត​ទាំង១១ចំណុចនោះ មានដូចជា ការជួប​ប្រជុំ​ជាសាធារណៈរបស់​គណបក្សនយោបាយឬបេក្ខជន, ការរៀបចំក្បួនព្យុហយាត្រាឬ​ក្បួន​ដំណើរ​ដោយ​ក្រុមថ្មើរជើង​ឬដោយ​យានជំនិះគ្រប់ប្រភេទនៅឃុំសង្កាត់​យ៉ាងច្រើន​២ដង​ក្នុង​អំឡុង​ពេល​ឃោស​នា​បោះឆ្នោត,​ ការ​ជួបជុំឬការ​ឃោស​នា​តាមផ្ទះ ការ​ផ្សព្វផ្សាយ​តាមវិទ្យុ​ ឬ​ទូរទស្សន៍ ​ឬ​សារ​ព័ត៌​មាន និង​​ការផ្សព្វផ្សាយ​តាមរលក​ធាតុអាកាស​ឬការ​ឃោស​នា​តាម​ឧប​ករណ៍​​បំពង​សំឡេង ឬតាមកាសែតវីដេអូ ឬវីស៊ីឌី ឬឌីវីឌី ក្នុងរោង​វីដេអូសាធារណៈ​ឬ​ទីធ្លា​សាធារណៈ។ សកម្មភាពបិទ​ផ្សាយ​នូវ​បដាពាក្យស្លោក ឬកម្មវិធីនយោបាយ ឬរូបភាពឃោសនា​នានា សកម្ម​ភាពចែកចាយ​ខិតបណ្ណគណបក្ស​នយោបាយ​ សកម្មភាព​ចែកចាយ​ស្លាកសញ្ញា​គណបក្ស​នយោ​បាយ​ឬបេក្ខជនជូនអ្នកបោះឆ្នោត សកម្មភាព​លើក​បដា​នៅ​ទីសាធារណៈ​ណា​មួយ​ ឬ​ដំឡើង​បន្ទះ​ក្ដារ​បិទ​ក្រដាស​ផ្សាយ ​​​ការប្រ​គំ​តន្ត្រីនៅនឹ​ង​កន្លែងណាមួយ ​ឬការ​ច្រៀង​ចម្រៀង​​ឃោស​នា ឬការលេងភ្លេង​ឃោសនា​បោះឆ្នោត និង​ការ​រៀចំកម្មវិធីប្រកួតកីឡា។

ស្ថាប័ន គ.ជ.ប ថា៖ «ការធ្វើសកម្មភាពណាមួយ​ដូចបានបញ្ជាក់​ខាងលើរបស់​គណបក្ស​នយោ​បាយ​​ដែល​បាន​អនុ​ញ្ញាត​​ជា​ផ្លូវការ​​ឱ្យ​ចុះបញ្ជី​បេក្ខជន​នៃគណបក្ស​នយោបាយ​ចុះឈ្មោះបោះឆ្នោត​ ត្រូវចាត់ទុក​ជា​សកម្ម​ភាព​ឃោសនា​បោះ​ឆ្នោត»។

បើតាម គ.ជ.ប សកម្មភាពឃោស​នា​បោះឆ្នោត​មានរយៈពេល១៤ថ្ងៃ ហើយ​គ្រប់សកម្ម​ភាព​ឃោស​នា​ត្រូវបញ្ឈប់​ ២៤ម៉ោង​ មុនថ្ងៃបោះឆ្នោត។ ការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិទី៥នេះ នឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ