លោក ហ៊ុន សែន បញ្ជាក់​ថា​រដ្ឋាភិបាល​មិន​បាន​ចោទ​អាមេរិក​មាន​ជាប់​ពាក់ព័ន្ធ​រឿង​ក្ដី កឹម សុខា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា កាលពីកន្លងទៅ

លោកនាយករដ្ឋមន្រ្តី បានថ្លែងការពារពីភាពឯករាជ្យនៃប្រព័ន្ធតុលាការក្នុងរឿងក្ដីលោក កឹម សុខា ដោយបញ្ជាក់ពីភាពស្អាតស្អំរបស់រដ្ឋាភិបាលថាមិនបានចោទសហរដ្ឋអាមេរិកមានជាប់ពាក់​​ព័ន្ធ​​ក្នុង​​សំណុំរឿងព្រហ្មទណ្ឌនេះទេ។

ការប្រកាសពីជំហររបស់រដ្ឋាភិបាលក្នុងរឿងក្ដីប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ លោក កឹម សុខា នេះ ធ្វើឡើងនៅពេល​​លោក​​បំ​​ពេញ​​ទស្សនកិច្ចនៅសហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។

តាមរយៈឃ្លីបវីដេ​​អូត្រូវបាន​បង្ហោះជាសាធារណៈ ដែលវីអូឌីទទួលបាននៅ​​ថ្ងៃ​​​ព្រហ​ស្បតិ៍នេះ លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលមិនបានចោទ សហរដ្ឋអាមេរិកជាអ្នក​​​សមគំ​​និត​​ក្បត់​ចង់​​ផ្ដួលរំលំរដ្ឋាភិបាល ក្នុងរឿងក្ដីរបស់លោក កឹម សុខា ទេ។

បើតាមលោកនាយករដ្ឋមន្រ្តី បញ្ហានេះកើតឡើងចេញពីមាត់ផ្ទាល់របស់ប្រធានគណបក្ស​​ជំទាស់ ចំណែករដ្ឋាភិបាលមិនបានរួមចំណែកណាមួយ ដែលចោទអាមេរិកថាមានជាប់ពាក់ព័ន្ធ​​នឹង​​រឿង​​ក្តី​​ដែល​តុលាការកំពុងតែបន្តនីតិវិធីនេះទេ។

លោកបន្តថា៖ «ខ្ញុំសូមជម្រាប យើងខ្ញុំ ទាំងតុលាការ ទាំងរដ្ឋាភិបាល អត់បានចោទអាមេរិកទេ! អ្វីដែល​​កើត​​មានគឺ កឹម សុខា និយាយពីអាមេរិកជួយអញ្ចេះៗៗនៅក្នុងហ្នឹងតើ! អ៊ីចឹងរឿងនេះ វាមិនមែន​​រឿង​​​កម្ពុជាជា​​មួយអាមេរិកឯណា! នេះជារឿង កឹម សុខា! អ៊ីចឹងអាមេរិកត្រូវធ្វើឥរិយាបថយ៉ាងម៉េច ម៉េចលោកឯងយកឈ្មោះខ្ញុំទៅនិយាយ រឿងតែប៉ុណ្ណឹងតើ! យើងអត់បានចោទអាមេរិកទៅជួយ កឹម សុខា ផ្ដួលរំលំទេ! កឹម​ សុខា និយាយខ្លួនឯងតើ»។

បើទោះជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជំហរពីភាពស្អាតស្អំក្នុងសំណុំ​​រឿង​​​ព្រហ្ម​​ទណ្ឌនេះក្ដី តែគេសង្កេតឃើញនីតិវិធីដែលកំពុងដំណើរការនៅក្នុងតុលាការឯណោះវិញ សហ​​មេ​​ធា​​វីការ​​ពារ​​​ឱ្យ​ដើមបណ្ដឹងរដ្ឋប្បវេណី បានដាក់លិខិតដោយភ្ជាប់ទៅជាមួយប្រទេស ឈ្មោះ​​​​​មេដឹក​​នាំ​​ប្រទេស រួមទាំងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ជាអ្នកសមគំនិតក្បត់ និត​​ផ្ដល់​​ជា​មធ្យោ​​បា​យ​​។

បញ្ហានេះ គេសង្កេតឃើញថា វា​ផ្ទុយពីអ្វីដែលលោកនាយរដ្ឋមន្រ្តីថ្លែងការពារនៅឯសហរដ្ឋអាមេរិក។ តាមរយៈលិខិតដែលមេធាវីដើមចោទ តំណាងដោយរដ្ឋាភិបាល ដាក់ចូលទៅតុលាការ ក្នុងដំ​​ណាក់​​កាលនៃនីតិវិធីសួរដេញដោល បង្ហាញថា មានប្រទេសចំនួន៩ ត្រូវជាប់ពាក់​​ព័ន្ធនឹង​​បទ​​​ចោទ​នេះ រួម​​​​មាន សហរដ្ឋអាមេរិក អូស្រ្តាលី កាណាដា តៃវ៉ាន់ សហភាពអឺរ៉ុប (EU) ឥណ្ឌា ឥណ្ឌូនេស៊ី ស៊ែប៊ី និង​​យូ​​ហ្គោ​​ស្លាវី។ ទន្ទឹមនឹងនេះ នៅមានមេដឹកនាំប្រទេសចំនួន៥ប្រទេសទៀត ដូចជា អតីតប្រធានាធិប​​តេយ្យ​អាមេរិក លោក ដូណាល់ ត្រាំ (Donal J.Trump) លោក ចែម រីកគីសាន់ (James Ricke​​t​​s​​​o​n​) ជាដើម។

បន្ថែមពីលើនេះ នៅក្នុងបទចោទនេះដែរ សហមេធាវីតំណាងដោយរដ្ឋាភិបាលដែលជាដើមចោទ បានភ្ជាប់ឈ្មោះអង្គការសង្គមស៊ីវិលអន្តរជាតិ ចំនួន៨ស្ថាប័ន រួមមាន យូអេសអេអាយ​​​ឌី ​​(​​U​​S​​​A​​​ID), អ៊ិន​ឌី​​អា​​យ ​​​​​​(N​​​D​​I​), ​អាយអអាយ (IRI), ភីសខប (Peace Corps), ឌី​​ស៊ី​​អេ (DCA), អាក់​​​ស៊ីល ​​​(A​C​​I​​​LS), ខន​​​​រ៉ាត់​​ (​​Konrad) ជាដើម ក៏ស្ថិតនៅក្នុងសំណុំរឿង «សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស» នេះដែរ។

គិតមកដល់ពេលនេះ សវនាការក្នុងសំណុំរឿងព្រហ្មទណ្ឌមួយនេះបានប្រើពេល​ជាង​​២​​ឆ្នាំមកហើយ គិតចាប់ពីដើមខែមករា ឆ្នាំ២០២០។ សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា ចាត់ទុកនីតិវិធីនៃការដេញដោលនៅពេលនេះថា មិនមានភាពជឿនលឿន​​ទៅមុខទេ​​។

នៅក្នុង​​អង្គ​​ស​វនាការ សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា បានស្នើឱ្យតុលាការ​​បន្តនីតិវិធី​​សួរដេញ​​ដោ​លឱ្យចំគោលដៅ ហើយកោះហៅរដ្ឋបរទេសដែលមាននៅក្នុងបទចោទមកសួរនាំ។ ប៉ុន្តែត្រូវ​​បាន​​​​តុ​​លា​ការបដិសេធ ហើយកត់សម្គាល់ថា អ្វីដែលតុលាការកំពុងបន្តនីតិវិធីនេះ វាមិនប្រាសចាក​​ពី​​សំ​​ណុំ​រឿង ដូចដែលចៅក្រមស៊ើបសួរបញ្ជូនមកជំនុំជម្រះទេ។

សហមេធាវីការពារក្ដីឱ្យដើមបណ្ដឹងរដ្ឋប្បវេណី លោក គី តិច បដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ជុំវិញសារនយោបាយរបស់លោក ហ៊ុន សែន ក្នុងនាមជាដើមបណ្ដឹង​​​នៅពេល​នេះ​​។ លោក​​ប្រាប់​​យ៉ាង​​ខ្លីថា លោកមិនមានទម្លាប់ផ្តល់ព័ត៌មានចំពោះប្រភពដែលចង់​​បានដំណឹង​​មិនច្បា​ស់ដូច្នេះ​​ទេ​។

ចំណែកលោក ផែង ហេង សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ កឹម សុខា កត់សម្គាល់ថា ​​វា​​ជា​​រឿង​​​ងាយ​​​​ស្រួលទេ ប្រសិនបើតុលាការពិតជាចង់បញ្ចប់សំណុំរឿងនេះមែន។ លោកមើលឃើញថា ការថ្លែង​​សារនយោបាយរបស់លោកនាយករដ្ឋមន្រ្តីនេះ គឺជាផ្នែកមួយដែលអាចឈានទៅ​បើកផ្លូវ​​ឱ្យមានដំណោះស្រាយនយោបាយបាន។

លោកបន្តថា ជានីតិវិធី ក្រសួងយុត្តិធម៌អាច​​មានសិទ្ធិអន្ត​​រាគ​​មន៍ទៅស្ថាប័នអយ្យការដែលស្ថិត​​នៅ​​ក្រោម​យុត្តាធិការនៃក្រសួង​ ក្នុងការ​​ធ្វើសេចក្ដីសន្និ​​ដ្ឋាន ដូចអ្វីដែលលោកនាយករដ្ឋមន្រ្តីធ្វើសេចក្ដីសន្និដ្ឋាន ដើម្បីបានជា​​មូល​ដ្ឋាន​​ឱ្យតុ​​​លា​ការ​​ពិ​​ចា​​រណាឈានទៅបញ្ចប់សំណុំរឿង។

លោកបន្តថា៖ «រឿងមេធាវី គាត់ធ្វើនីតិវិធីតាមតែកូនក្ដីទេ។ ដូច្នេះ បើរដ្ឋាភិបាលជាម្ចាស់អាណត្តិរបស់គាត់ រដ្ឋាភិបាលគាត់ថាគាត់មិនចោទទេ មិនអីទេ។ អ៊ីចឹងមេធាវីការពារគាត់ថ្លែងទៅ​​តាមកូនក្ដីដែល​​ចង់បានហ្នឹងទៅ ហើយនីតិវិធីតុលាការគេចាត់ចែងទៅតាមច្បាប់ដែលបានកំណត់ហ្នឹងទៅ។ ដូច​​ខ្ញុំ​​ថា​​​​មិញអ៊ី​​ចឹង ក្រសួងយុត្តិធម៌អាចអន្តរាគមន៍តាមរយៈតំណាងអយ្យការ ដើម្បីរំលត់បណ្ដឹងអាជ្ញា»។

ចំណែកនាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ បង្ហាញការភ្ញាក់ផ្អើលនៅពេលដែលឃើញសារនយោបាយរបស់ដើមបណ្ដឹងផ្សេង ហើយសំណុំរឿងដែលកំពុង​បន្តនីតិ​​​វិធី​​នៅ​​ក្នុង​តុលាការដាច់ដោយឡែកទៅវិញ។ តែលោកនៅតែមានជំនឿថា សំណុំរឿងព្រហ្មទណ្ឌ​​នេះ វាមិនដាច់ចេញពីគ្នាទេ ខណៈដែលតុលាការព្យាយាមរកភស្តុតាង​​ផ្សេងទៀត ដើម្បីដាក់បន្ទុក​​ប្រឆាំង​លោក កឹម សុខា។

លោកបន្តថា៖ «សម្រាប់ខ្ញុំយល់ថា បើសិនមានការបញ្ជាក់ថាបែបនេះមែន អ៊ីចឹងមាន​​ន័យថា អ្វី​​ដែល​​ជាការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហើយនិងពាក្យបណ្ដឹងដាក់ទៅតុលាការ គឺវាមិនស៊ីគ្នាទេ។ ដូច្នេះ អ្នករៀបឯកសារផ្សេង និងអ្នកប្ដឹងផ្សេង អ្វីដែលខ្ញុំជួបជាលើកទី១»។

ដោយឡែក នៅក្នុងបណ្ដាញសង្គម Twitter អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោកស្រី វីនឌី ហ្សឺមេន (Wendy R. Sherman) បានសរសេរអំពីកង្វល់របស់លោកស្រី ជុំវិញសវនាការប្រឆាំងលោ​​ក កឹម សុ​​ខា ក្រោយបញ្ចប់ជំនួបទ្វេភាគីជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការ​​បរទេស​​កម្ពុ​​ជា នៅឯ​​ស​​ហរដ្ឋអាមេរិក។

លោក កឹម សុខា ត្រូវរងការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស » ចង់ផ្តួលរំលំរដ្ឋា​​​ភិ​​បា​​ល​។ គិតចាប់ពីថ្ងៃ​​​ចាប់​ខ្លួន តាំងពីដើមខែកញ្ញា ឆ្នាំ២០១៧ រឿងក្តីមួយនេះបន្តអូសបន្លាយ​​​ប្រមា​ណ៤ឆ្នាំមកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ