បក្សភ្លើងទៀនចោទអាជ្ញាធរសង្កាត់ទួលសង្កែទី១ថាផ្ដួលរំលំផ្លាកគណបក្សនៅទីតាំងសាធារណៈ

លោក ស ឡុងដេត ប្រធានក្រុមការងាររាជធានី រួមនឹងក្រុមការងារនៃគណបក្សភ្លើងទៀន បើកកិច្ចប្រជុំអំពីការជ្រើសរើសភ្នាក់ងារ និងការលើកស្លាកគណបក្ស ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ គណបក្សភ្លើងទៀន រាជធានីភ្នំពេញ)

គណបក្សភ្លើងទៀន ចោទប្រកាន់អាជ្ញាធរសង្កាត់ទួលសង្កែទី១ ថាបាន​កាប់​បំផ្លាញ និង​ផ្ដួល​រំលំ​ផ្លាក​​​គណ​​បក្ស​​​ក្រៅរដ្ឋាភិបាល​មួយ​នេះ ខណៈអាជ្ញាធរ​បាន​ចេញ​គោល​ការណ៍​បិទ​ផ្លូវ​មិន​​​ឱ្យគណ​​បក្ស​​ភ្លើង​​​ទៀនបន្តលើកផ្លាកនៅតាមទីតាំងសាធារណៈ បើទោះជាគណបក្សបានជូនដំណឹងរួច​ហើយ​​​ក្ដី។

ប្រធានក្រុមការងារ​នៃ​គណបក្ស​ភ្លើង​ទៀន​​រាជធានីភ្នំពេញ លោក ស ឡុងដេត បានប្រាប់​វីអូឌី​នៅ​​ថ្ងៃ​​ចន្ទ​នេះ​ថា តំណាងគណបក្សភ្លើងទៀន​នៅសង្កាត់ទួលសង្កែទី១ ក្នុងខណ្ឌឫស្សីកែវ បាន​ស្នើ​​​សុំ​​គោល​ការណ៍​ពីអាជ្ញាធរសង្កាត់ ដើម្បីលើកផ្លាកគណបក្ស​ កាលពីថ្ងៃទី៦ ខែឧសភា កន្លង​ទៅ​​នេះ។

​​លោក​បន្ត​ថា ការ​ស្នើសុំលើក​ផ្លាក​នេះធ្វើឡើងនៅលើទីតាំង​សាធារណៈ ហើយតំណាង​គណបក្ស​អនុវត្ត​តាម​គោល​ការណ៍ បទ​បញ្ជា និង​នីតិវិធី ដូច​មាន​កំណត់​​​​ស្តីពីការ​​​បោះ​​ឆ្នោ​​​​​​ត​​​​​​​ជ្រើសរើស​​ក្រុម​​​ប្រឹក្សា​ឃុំ​សង្កាត់។

បើតាមលោក ស ឡុងដេត នេះជាការរើសអើងផ្នែកនយោបាយ និងជាការគំរាមកំហែង ហើយការ​​អនុវត្ត​​ដូច្នេះមិនបានឆ្លុះបញ្ចាំងទៅនឹងគោលការណ៍សេរី ត្រឹមត្រូវ និងតម្លាភាពទេ។

លោកបន្តថា៖ «ឥរិយាបថ​ចៅសង្កាត់នេះ​ជា​ការ​ខុស​​ទៅ​នឹង​ច្បាប់ ​ទី១! ហើយ​ទី២​ទៀត គាត់​គិត​ថា​នេះ​វា​ពាក់​ព័ន្ធនឹ​ង​ផល​ប្រយោជន៍​នៃអំណាចនៃការគ្រប់គ្រង​​​ហ្នឹង ក្នុងនាមគាត់​​​ជាចៅ​​សង្កាត់។ ក្នុង​​​នា​ម​​​ជាចៅសង្កាត់ គាត់មិនដើរតួជាអ្នកបម្រើសេវាសាធារណៈ មិនដើរតួជាអ្នកសម្រប​​សម្រួលឱ្យគ​​ណ​​​បក្សន​​យោបាយធ្វើកិច្ចការតាមបែបលទ្ធិប្រជាធិបតេយ្យអីទេ»។

លិខិត​មួយ​ច្បាប់​ដែលចេញដោយគណបក្សភ្លើងទៀន កាលពីថ្ងៃទី៦ ខែឧសភា បង្ហាញថា​ គណ​បក្ស​​ក្រៅ​​រដ្ឋាភិបាលមួយនេះបានជូនដំណឹងទៅ​​​អាជ្ញាធរ​​សង្កា​​​ត់​​ទួលសង្កែទី១ ស្តីពីការ​លើក​ផ្លាក​គណបក្ស ដែល​មានអ្នកចូលរួមប្រមាណ ១៥នាក់។ លិខិត​​បន្តថា សកម្មភាពនេះធ្វើតែ​មួយ​ព្រឹក​ប៉ុណ្ណោះ ដែល​មាន​ទីតាំង២​ផ្សេង​គ្នា ក្នុងនោះទីតាំង​ទី១ នៅចំណុច​​មាត់​​ប្រ​​ឡាយ​បាក់ទូក ជិតស្ថានីយប្រេង​តូតាល់ (Total) និងទីតាំងទី២ នៅ​មាត់ប្រឡាញបាក់ទូក ក្បែរ​​​អ​​​តី​​ត​ផ្លូវរថភ្លើង។

ពាក់ព័ន្ធនឹងលិខិតជូនដំណឹងនេះ ចៅសង្កាត់ទួលសង្កែទី១ លោកស្រី រាជ ផា​​វឿ​​​ន បាន​ចេញ​គោល​ការណ៍​​បដិសេធ​ក្នុងថ្ងៃតែមួយ ដោយចារនៅលើលិខិតនោះ​​ថា អាជ្ញាធរសង្កាត់មិនអនុញ្ញាតឱ្យគណ​បក្ស​លើកផ្លាក​​ទៅតាមការ​​ស្នើ​​សុំ​​នេះ​​​ទេ​។

បន្ថែម​លើការ​បដិសេធ​នេះ ចៅសង្កាត់ទួលសង្កែទី១ លោកស្រី រាជ ផាវឿន ឱ្យដឹង​ថា មូល​​​ហេតុ​​ដែល​​អាជ្ញា​​ធរ​​មិនឱ្យគណបក្សភ្លើងទៀន​លើក​ផ្លាក​គណបក្ស​នៅលើទីតាំង​​​សាធារណៈ​​​នេះ ដោយ​​​​សា​រទីតាំងស្នើសុំនេះនៅលើមាត់ប្រឡាយ។ លោកស្រីបន្តថា បើអាជ្ញាធរ​បើក​ផ្លូវ​ឱ្យ​លើក​ផ្លាក​នៅ​ទីតាំង​នោះ​ នឹងធ្វើ​ឱ្យ​មាន​​​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ នៅពេល​អាជ្ញាធរកែសម្រួលផ្លូវទឹក ឬសម្អាត​បរិស្ថាន​ឱ្យ​​បាន​​ល្អ។

លោកស្រីបន្តថា៖ «យើងបានចារ​ក្រដាសទៅ​ឱ្យ​គាត់​វិញ​ហើយ​ ថាមិន​ឱ្យគាត់​ដាក់​លើ​ផ្លូវ​សាធារណៈ​​ទេ។ នេះជាប្រឡាយរបស់រដ្ឋហ្នឹង ហើយគាត់យក​ទៅដាក់​នៅនឹង​មាត់​ប្រឡាយ អ៊ីចឹង​ពេល​ពួកខ្ញុំ​កាយ​ប្រឡាយ ឬ​​ពួកខ្ញុំ​ធ្វើប្រឡាយ​យ៉ាង​ម៉េច​នឹង​កើត​ថ្ងៃក្រោយ។ ពេល​យើង​ចារ​ទៅ​គាត់​មិនព្រម​យក​ចេញ​ទេ អ៊ី​​ចឹង​​ក្នុងនាមជាអាជ្ញាធរ ខ្ញុំត្រូវតែមានសិទ្ធិយកចេញ ព្រោះអីគាត់ដាក់​អត់​ត្រូវ​តាម​ច្បាប់»។

បើតាមលោកស្រី រាជ ផាវឿន នៅចំពោះមុខនេះមានតែផ្លាកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មួយទេ ដែលដាក់នៅក្បែរប្រឡាយនេះ ប៉ុន្តែផ្លាកនេះបានលើកជាយូរឆ្នាំមកហើយ។

សម្រាប់លោក ស ឡុង​ដេត ជា​ប្រធានក្រុមការងារ​គណបក្សភ្លើងទៀនរាជធានីភ្នំពេញ ឱ្យដឹង​ថា ការ​ផ្ដួល​រំលំ និងកាប់បំផ្លាញផ្លាកគណបក្សភ្លើងទៀននេះ ជាលើកទី២ហើយ នៅបន្ទាប់ពីផ្លា​​ក​​គ​ណ​​​​បក្ស​មួយ​នេះនៅក្នុងសង្កាត់ស្ទឹងមានជ័យ ក៏ត្រូវបានជនមិនស្គាល់មុខ កាប់បំផ្លាញ និងផ្ដួល​​រំ​​លំ​​​​​ដែរ កាលពីពេលកន្លងទៅ​។

នាយកប្រតិបត្តិ​អង្គការនិចហ្វិក លោក សំ គន្ធាមី យល់ឃើញថា នេះជាការអនុវត្តរំ​​លោភ​​​​​លើ​​​គោ​ល​ការ​​ណ៍​ច្បាប់ ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏​ជាការ​ឆ្លុះបញ្ចាំង​​ទៅនឹងសារនយោបាយ​របស់​មេដឹកនាំ​កំពូលៗកន្លងទៅ ថា​គ្មាន​​ប្រសិទ្ធភាពដែរ។ លោកចាត់ទុក​ករណី​នេះ ថាជាការ​រើសអើងផ្នែកនយោបាយមួយ ដែលអាច​មាន​ន័យ​​​ថា​​​មាន​​ស្ថាន​ភាពធ្ងន់ធ្ងរ ហើយបរិយាកាសបែបនេះនឹង​ធ្វើឱ្យមានផលប៉ះពាល់ទៅ​​​ដល់​​ដំណើ​​រ​​​ការបោះ​​​ឆ្នោ​​តនា​​​ពេលខាង​មុខ។

លោកបន្តថា៖ «សេចក្ដីណែនាំរបស់ថ្នាក់ដឹកនាំបានតែមាត់ គាត់អត់​មាន​ចាត់​វិធានការ​ផ្លូវច្បាប់​​ឱ្យ​វា​​​ឃើ​​ញ​​​ជាក់ស្ដែងដើម្បីឱ្យវាមានការរាងចាល ដល់អ៊ីចឹងវាប៉ះពាល់ដល់ដំណើរការ Free and Fair election [ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​]។ បើគ្រាន់​តែ​គណបក្សន​យោបាយ​មិន​អាច​ធ្វើ​សកម្មភាព​បាន​ផង គ្រាន់តែត្រឹម​​ផ្លាក​​គណ​បក្ស​​​ក៏គេទម្លាក់ចោល គេបំផ្លាញចោល ហើយ​ទម្រាំ​ដល់​ថ្ងៃ​​​ឃោសនា​ខាងមុខ​​ទៀត វានឹង​​អាច​​មាន​​ឧប​សគ្គ មានការរាំងស្ទះ និង​មាន​ការរំ​ខាន​ដោយ​របៀប​ណា​មួយ​ទៀត»។

អ្នកជំនាញកិច្ចការបោះឆ្នោតរូប​នេះ បញ្ជាក់ថា បច្ចុប្បន្ន​ ​ផ្លាក​ផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ ត្រូវ​​​​​បាន​គេ​​ដាក់​​​តាំង​បង្ហាញ​នៅលើផ្លូវសាធារណៈ​ជាហូរហែ ហាក់មិនមាន​ការ​​ខុសឆ្គងនោះទេ ប៉ុន្តែ​​បើ​​​គ្រា​​ន់​​​​​​តែសុំលើ​ក​ផ្លាក​គណបក្ស ដែល​មានចែងនៅក្នុងបទបញ្ជា និងនីតិវិធី ស្ដីពីការបោះឆ្នោត ហើយ​​បែរ​​ជា​​រងការ​​​ចោ​​ទ​​​ថា​​​រំ​​លោភគោលការណ៍ច្បាប់នោះ មាន​ន័យ​ថា អាជ្ញាធរនៅ​​ថ្នាក់​​​ក្រោម​ជាតិ កំ​​ពុ​​ង​​អនុ​​វត្ត​​​​ផ្ទុយទៅនឹងច្បាប់​។

បើទោះជា​បែប​ណា លិខិតផ្ញើទៅអភិបាលរាជធានី-ខេត្ត​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចេញកាលពីថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ២០២២ បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ខេត្ត និង​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​នៅ​ថ្នាក់​ក្រោម​ជាតិ ត្រូវ​​បង្ក​​លក្ខណៈងាយស្រួលឱ្យ​​គ្រប់​គណបក្ស​នយោបាយ​ដែល​បាន​ចុះ​បញ្ជី​រួច​ហើយនៅក្រសួង​​មហា​​​ផ្ទៃ ហើយអាចធ្វើសកម្មភាពស្របតាមច្បាប់បាន។ លិខិត​បន្ថែម​ថា ការអនុវត្តដូច្នេះ ដើម្បីប្រាកដថា ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ​២០២២ និងការបោះឆ្នោត​​ជ្រើសតាំង​​តំណាង​​​រាស្រ្ត​ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ក្រៅពីនេះ ប្រសិនបើគណបក្សនយោបាយត្រូវការលើកផ្លាកគណបក្ស​នៅតាម​​​ទី​សា​​​ធារណៈ ទីប្រជុំជន ឬតាមដងផ្លូវនានា សាម៉ីគណបក្សគ្រាន់​​តែធ្វើលិខិតជូន​​ដំណឹង​ជា​​​លាយ​​ល​​ក្ខ​​​​ណ៍​អក្សរទៅអាជ្ញាធរឃុំសង្កាត់ អំពីការលើកផ្លាកគណបក្សនយោបាយ ជាការស្រេច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ