បង​ប្រុស​បង្កើត​នាយក​រដ្ឋ​មន្ត្រី​​ទទួល​មរណ​ភាព​ដោយ​ជំងឺ​គាំង​បេះ​ដូង

លោក ហ៊ុន ណេង ដែល​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ ថ្លែងក្នុងសម័យប្រជុំរដ្ឋសភា​ លេីកទី៤​ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍​ ទី៤​ ខែមិថុនា​ ឆ្នាំ២០២០។ (National Assembly Of Cambodia)

បងប្រុសបង្កើតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា  លោក​ ហ៊ុន ណេង ​បានទទួលមរណភាព ដោយជំងឺគាំងបេះដូង នៅរសៀលថ្ងៃទី​៥ ខែឧសភា ឆ្នាំ២០២២​ ក្នុងជន្មាយុ៧២ឆ្នាំ។

ក្នុងសាររំលែកមរណទុក្ខរបស់ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ ​ លោក ស ខេង បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់លោក ហ៊ុន ណេង ​ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦ ៖២៥នាទីល្ងាច ថ្ងៃទី​៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

ក្នុងសារលិខិតនោះ លោក ស ខេង បានលើកឡើងថា លោក និងភរិយា ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មានសេចក្តីរន្ធត់តក់ស្លុត និងសោកស្ដាយឥតឧបមា ចំពោះដំណឹងដ៏ក្រៀមក្រំចំពោះមរណភាពរបស់លោក ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ចាម និងជាប្រធានគណៈកម្មកា ទី៤ នៃរដ្ឋសភា ដែល​បានទទួលមរណភាព នាថ្ងៃព្រហស្បតិ៍នេះ  ​ដោយជំងឺគាំងបេះដូង។

សាររំលែកទុក្ខរបស់លោក ស ខេង បន្តថា៖ «ឯកឧត្តម ហ៊ុន ណេង គឺជាកុលបុត្រខ្មែរដ៏ឆ្នើម និងជាវីរជន ប្រកបដោយស្មារតី និងឆន្ទៈស្នេហាជាតិដ៏មោះមុតមួយរូប ដែលធ្លាប់បានបូជាកម្លាំងកាយ និងប្រាជ្ញាស្មារតី ពុះពារមិនខ្លាចនឿយហត់ ចូលរួមក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន»។

ដោយឡែក ក្នុងសាររំលែកមរណទុក្ខរបស់ប្រធានកាកបាទក្រហមកម្ពុជាលោកស្រី  ប៊ុន រ៉ានី ហ៊ុនសែន ក៏បាន​ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្ដាយជាទីបំផុតចំពោះមរណភាពរបស់លោក ហ៊ុន ណេង នៅថ្ងៃទី៥ ខែឧសភានេះ។

ជាមួយគ្នានេះ បណ្តាញសារព័ត៌មានស្និតរដ្ឋាភិបាល Fresh News នៅថ្ងៃព្រហស្បតិ៍នេះ ក៏បានចុះផ្សាយនូវសារលិខិតសម្តែងមរណទុក្ខរបស់គណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ លោក កឹម សុខា ​ នៅយប់ថ្ងៃទី​៥ ខែឧសភា ឆ្នាំ២០២២នេះ ដែលបានផ្ញើសារជូនទៅលោកនាយករដ្ឋមន្រ្តី ​ ​ដោយសម្តែងនូវការចូលរួមរំលែកទុក្ខចំពោះមរណភាព លោក ហ៊ុន ណេង ​។

ជាការឆ្លើយតបភ្លាមៗ បណ្តាញសារព័ត៌មានដដែល ក៏បានឱ្យដឹងថា លោក ហ៊ុន សែន ​ នៅយប់ថ្ងៃទី​៥ ខែឧសភា ឆ្នាំ២០២២នេះ បានផ្ញើសារថ្លែងអំណរគុណដល់លោក កឹម សុខា និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលបានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់​ ហ៊ុន ណេង ដែលបងប្រុសបង្កើតរបស់លោក។ ​

​បើតាមលិខិតមួយដែលរៀបរាប់ពីជីវប្រវត្តិរបស់លោក ហ៊ុន ណេង ឱ្យដឹងថា បងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រីរូបនេះ មានឈ្មោះដើមថា ហ៊ុន ឡុងសេង កើតថ្ងៃតី២៥ ខែវិច្ឆិកា ឆ្នាំ១៩៥០ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារជាកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្តាយឈ្មោះ ឌី ប៉ុក។ ប្រភពដដែលបន្តថា លោក ជាកូនប្រុសទី២ ក្នុងចំណោមបងប្អូន ៦នាក់ ក្នុងនោះស្រី ៣នាក់។

លើសពីនេះ លោកធ្លាប់ធ្វើជាប្រធានមន្ទីរខេត្តកំពង់ចាម ឆ្នាំ១៩៧៩ និងក្លាយជាប្រធានមន្ទីរផែនការឆ្នាំ១៩៨១ ក្រោយមកលោកក្លាយជាចៅហ្វាយស្រុកក្រូចឆ្មា ឆ្នាំ១៩៨២ ហើយនៅឆ្នាំ១៩៨៤ លោកក្លាយជាចៅហ្វាយខេត្តកំពង់ចាម និងនៅឆ្នាំ១៩៩៩ លោកបានក្លាយជាចៅហ្វាយខេត្តស្វាយរៀង ព្រមទាំងបានត្រឡប់មកធ្វើជាចៅហ្វាយខេត្តកំពង់ចាមវិញនៅឆ្នាំ២០០៥។

លិខិតដដែលឱ្យដឹងថា នៅឆ្នាំ២០១៣ លោក ហ៊ុន ណេង បានចូលនិវត្តន៍ ហើយបានឈរឈ្មោះ និងជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម។ ជាមួយគ្នានេះ លោក ត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈរដ្ឋសភារហូតដល់បច្ចុប្បន្ន៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ