រដ្ឋាភិបាល​គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ​ក្នុង​ខែកក្កដា

ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ ស្ថិតក្នុងដំណើរការសាងសង់នៅឡើយ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងសាធារណការ និងដឹងកជញ្ជូន)

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ផ្លូវ​ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ​ត្រៀម​ដាក់ឱ្យប្រើប្រាស់សាកល្បងនៅខែកក្កដា ឆ្នាំ២០២២ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលវេលាសមស្របណាមួយនៅពេលបន្ទាប់។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញ ​រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា ​គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺសម្រេចលទ្ធផលការងារបាន ៩០,៩៥% ហើយ គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។

ផ្លូវល្បឿនលឿននេះបានតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានប្រវែង១៨៧,០៥គីឡូម៉ែត្រ ហើយឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមាន ខេត្តកណ្ដាល ​កំពង់ស្ពឺ ​កោះកុង និងខេត្តព្រះសីហនុ។

លោក ស៊ុន ចាន់ថុល លើកឡើងទៀតថា ​ផ្លូវល្បឿនលឿននេះ​នឹងអាចកាត់បន្ថយការចំណាយនិងពេលវេលា ព្រមទាំងអាចកាត់បន្ថយចរាចរណ៍លើផ្លូវជាតិលេខ៤ ថែមទៀតផង។

លោក ស៊ុន ចាន់ថុល បានប្រៀបធៀបផ្លូវ​ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ទៅនឹងការសាងសង់ផ្លូវល្បឿនលឿនរបស់ប្រទេសកូរ៉េខាងត្បូង សេអ៊ូល-ប៊ូសាន ដោយថា ក្រោយពីកូរ៉េបានសាងសង់​ផ្លូវល្បឿនលឿននោះហើយ គឺមានការរីកចម្រើនកាន់តែខ្លាំង។ ​

លោក​បន្ថែមទៀតថា៖ «សង្ឃឹមថាក្រុងព្រះសីហនុមានការរីកចម្រើនកាន់តែរហ័សថែមទៀត»។

​ចំពោះតម្លៃក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿននេះវិញ រដ្ឋមន្ត្រីក្រសួងសាធារណការដដែល ​ថាមិនទាន់សម្រេចច្បាស់លាស់នោះទេ។

​លោកមានប្រសាសន៍ថា៖ «បើថ្លៃពេកក៏គេមិនជិះដែរ គេទៅជិះផ្លូវដែលមិនយកលុយ បើយកថោកពេក មិនអាចប្រមូលដើមទុនបានទេ»។

យ៉ាងណាមិញ លោកក៏បានលើកឡើងនូវតម្លៃស្តង់ដារអន្តរជាតិ ដោយគេគិតក្នុងតម្លៃ​១០សេន ឬស្មើប្រមាណ៤០០រៀលក្នុងមួយគីឡូម៉ែត្រ ប៉ុន្តែលោក​ថា សម្រាប់កម្ពុជា​នឹងគិតតម្លៃក្រោម​១០សេន។

លើសពីនេះទៅទៀត លោកបញ្ជាក់ថា រដ្ឋាភិបាលនឹងបើកឱ្យប្រើប្រាស់ដោយមិនគិតថ្លៃមួយរយៈពេលខ្លីសិន រួចនឹងឡើងថ្លៃបន្តិចម្ដងៗ ដោយប្រើប្រព័ន្ធផ្សព្វផ្សាយ ដើម្បីប្រាប់របៀបប្រើប្រាស់ផ្លូវល្បឿនលឿននេះ។ លោកនិយាយដែរថា ផ្លូវនេះអាចបើកល្បឿនប្រហែល១២០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែកម៉ូតូធុនតូច ឬរ៉ឺម៉កកង់បី ​នឹងមិនអាចប្រើប្រាស់ផ្លូវនេះបានទេ ដោយសារ​ខុសស្តង់ដារ។

តាមរបាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ចាប់ផ្ដើមការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ​ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ដោយប្រើរយៈពេលសាងសង់៤៨ខែ ដែល​ចំណាយថវិកាប្រមាណ២ ០១៩លានដុល្លារសហរដ្ឋអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ