រដ្ឋាភិបាល​ឱ្យ​ក្រសួង​ពិចារណា​ដក​កាតព្វកិច្ច​ពាក់ម៉ាស​នៅ​ទី​សាធារណៈ

ពលរដ្ឋធ្វើចរាចរណ៍តាមដងវិថីមួយកន្លែងក្នុងក្រុងភ្នំពេញ អំឡុងខែមករា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

​​លោកនា​យករដ្ឋ​មន្ត្រី ហ៊ុន សែន ​​ស្នើឱ្យក្រ​សួង​​​ពាក់ព័ន្ធ​ពិ​ចារណាដ​កកាតព្វកិច្ច​ពាក់ម៉ា​ស​នៅទី​សាធា​រ​ណៈ​ ដើម្បី​កា​ត់បន្ថយការចំណា​យរប​ស់ប្រជាពលរដ្ឋ ​ដោយលោកសម្អា​ងថា ក្រោយសាកល្បងបើកឱ្យប្រារព្ធពិធីបុ​​ណ្យចូ​​​លឆ្នាំរួចមក​​ ការរកឃើញអត្រា​ឆ្លងជំងឺកូវីដ-១៩ មិនមានការកើនឡើង។

ការ​​ថ្លែងរបស់លោក ហ៊ុន​ សែ​​ន នេះ​ ធ្វើឡើងក្នុ​ងពិធីទទួលជំនួយវ៉ា​ក់​សាំង​​​ជាង​​ «១លាន​ដូស» ពីប្រ​ទេសអ៊ីតា​លី នាថ្ងៃទី​២៥ ខែ​​មេសា ឆ្នាំ២០២២នេះ នៅ​រាជ​ធានី​ភ្នំពេ​ញ។

មេ​ដឹកនាំរូបនេះបា​នគូសបញ្ជាក់ថា​ លោ​កបាន​ប្រាប់ទៅ​រដ្ឋម​ន្ត្រីក្រ​សួង​​សេដ្ឋ​កិច្ច និង​​ហិរ​​ញ្ញវត្ថុ និង​ជាប្រធាន​គណៈ​ប្រចាំ​ការ​នៃ​គណ:​កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ លោ​ក អូ​ន ​ព័ន្ធ​មុនី​រ័​ត្ន ​និង​​រ​ដ្ឋម​ន្ត្រីក្រ​សួ​ង​សុខាភិ​បាល លោក​ ​ម៉ម​ ​ប៊ុន​​ហេ​ង រួចហើយ ​​ឱ្យពិ​ភា​ក្សាគ្នាលើការដកកាតព្វកិច្ចពាក់ម៉ាសនៅទីសាធារណៈ លើកលែងតែ​​នៅកន្លែងបិទជិត ដូចជា កន្លែងធ្វើការដែលមានម៉ាស៊ីនត្រជាក់ ជាដើម។

លោកថា៖ «យើងមិនត្រូវមើលឃើញតែបញ្ហាសុខភាពមួយមុខនោះទេ ត្រូវមើលឱ្យឃើញផងដែរនូវប​ញ្ហា​​​​​​​សេដ្ឋ​កិច្ច​សង្គម ការពាក់ម៉ាសជាការតម្រូវឱ្យប្រជាពលរដ្ឋរបស់យើង​ចំណាយយ៉ាងធំ ជួនកាលមិនហ៊ា​​​​​ន​ទិញ​​ខោអាវ​ឱ្យកូ​ន​ចៅពាក់​ទេ ប៉ុន្តែត្រូវទិញម៉ាសដើម្បីយកមករក្សាទុក ដើម្បីពាក់ម៉ាសជាកា​តព្វកិ​ច្ច»។

លោកបន្ថែមថា បើគិតពីការចំណាយទិញម៉ាសពាក់​របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុង១ថ្ងៃអស់ប្រមាណជា១០ម៉ឺនដុល្លារ ឬប្រមាណ៣លានដុល្លារក្នុង១ខែ។ 

លោកសម្អាង​ថា ការរកឃើញអត្រា​ឆ្លងក្រោយពិធីបុណ្យចូលឆ្នាំ មិនបង្កហានិភ័យក្នុងសហគមន៍ទេ គឺអត្រាឆ្លងដែលបានរកឃើញមានក្រោម២០នាក់ក្នុង១ថ្ងៃ ហើយនៅថ្ងៃចន្ទ​​នេះ មានអ្ន​​កឆ្លងតែ១២ក​រណី​ប៉ុណ្ណោះ។

យ៉ាងណា លោកនៅតែ​បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋដែល​មិនទាន់បានចាក់វ៉ាក់សាំងដូស​ទី​៣ ទៅទទួល​វ៉ាក់សាំង​ដូស​ជំរុញ​បន្ថែម​ទៀត ដើម្បីបញ្ចៀសការឆ្លងរាលដាលក្នុងសហគមន៍ ក្រោយពីយុទ្ធការចាក់វ៉ាក់សាំងបាន​ជាង​៩០ភាគរយ​រួច​មក​នោះ។

អ្នករត់ម៉ូតូ​កង់​៣ នៅរាជធានីភ្នំពេញ លោក ប៊ុន ប៉ិច បានបង្ហាញ​​ក្ដីបារម្ភ​ បើរដ្ឋាភិបាលដកកាតព្វកិច្ចពាក់ម៉ាស​នៅទីសាធារណៈ ដោយ​លោក​ថា ក្រសួងនៅបន្តរកឃើញអ្នកឆ្លងនៅឡើយ។

លោកថា៖ «ប្រទេសយើងមិនទាន់មានសុវត្ថិភាពទប់ស្កាត់​ជំងឺកូវីដ-១៩ហ្នឹងផង ដល់គាត់ប្រកាសអ៊ីចឹង ខ្ញុំអត់ទទួលយកបានទេ»។

អ្នករត់ម៉ូតូឌុបម្នាក់ទៀត លោក វ៉ា ចាន់ថុល បារម្ភដែរ​ថា ការដកកាតព្វកិច្ចពាក់ម៉ាសអាចនឹងមានការឆ្ល​ង​រា​លដា​លទ្រង់​ទ្រាយ​ធំ​ឡើង​វិញ ខណៈ​លោកនៅប្រទះឃើញមានអ្នកឆ្លង​ជំងឺនេះនៅឡើយ។

លោកថា៖ «ធម្មតា មេរោគហ្នឹងវាឆ្លង យើងចេះតែបារម្ភហើយ តែយើងនៅតែការពារអ៊ីចឹង ព្រោះអីជំងឺវាមិនទាន់សាបរលាប ដល់អ៊ីចឹងយើងនៅតែបារម្ភអ៊ីចឹង»។

ដោយឡែក ប្រធា​នមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សាទរ​​ចំណាត់​ការរបស់​រដ្ឋាភិបាលដែលបានបង្ហាញឆន្ទៈដកកាតព្វកិច្ចពាក់ម៉ាស បើរដ្ឋាភិបាលពិតជាគ្រប់គ្រងរលកចម្លង​បាន​មែន​នោះ ព្រោះថា ចំណាត់ការនេះក៏បានកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋមួយផ្នែកផង​ដែរ។

ក៏ប៉ុន្តែលោក​បារម្ភថា កម្ពុ​​​ជាអាចគ្រោះថ្នាក់ជាងប្រទេសជិតខាង បើការសម្រេចចិត្តរបស់រដ្ឋាភិបាលនេះធ្វើឡើងទាំងប្រថុយប្រថាន ខ្វះការសិក្សាច្បាស់លាស់ពីក្រសួងជំនាញ។

លោកថា៖ «ព្រោះសូម្បីតែប្រទេសដែលគេផលិតវ៉ាក់សាំងហ្នឹងក៏មានបញ្ហាដែរ ហើយបើសិនជាវារើឡើងវិញ បញ្ហាគឺទី១ អាចធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់សេដ្ឋកិច្ចដែលកំពុងតែរើបឡើងតិចៗនេះ និងបញ្ហាទី២ទៀត ធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ ហើយការចំណាយរបស់រដ្ឋកាន់តែច្រើនថែមទៀត»។ 

កន្លង​ទៅ រដ្ឋាភិបាលបានសាកល្បង​ដកកាតព្វកិច្ចពាក់ម៉ាសលើខេត្តចំនួន៤រួចហើយ រួមមាន ខេត្ត​​រតនគិរី ម​ណ្ឌ​លគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ