លោក​ ហ៊ុន​ សែន​ ​ប្រកាស​មិន​ត្រឡប់​ក្រោយ​រឿង​បើក​សេដ្ឋកិច្ច​សង្គម​ឡើង​វិញ

ទិដ្ឋភាព​ភ្ញៀវទេសចរ​ជាតិ ​និង​បរទេស​ផ្ទៃក្នុង​បាន​ដើរ​លេង​កម្សាន្ត​នៅ​មុខ​ព្រះបរមរាជវាំង​ នៅ​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដែល​ត្រូវ​នឹង​ថ្ងៃទីពីរ​នៃ​ព្រះរាជពិធីបុណ្យ​អុំទូក។ (រូបភាព៖​ ក្រសួង​ទេសចរណ៍)​

នាយករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលមិនត្រឡប់ក្រោយរឿងបើកសេដ្ឋកិច្ចសង្គមឡើងវិញនោះទេ ដោយសារក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងទៅនេះ កម្ពុជាមានអត្រាឆ្លងជំងឺកូវីដ-១៩ តិចតួចបំផុត ដែលបណ្តាលមកពីភាពស៊ាំក្នុងសហគមន៍។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារជាសំឡេងនៅលើបណ្តាញសង្គមនៅថ្ងៃអាទិត្យនេះថា ក្រោយពីពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅនេះ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានការថមថយច្រើន ដោយមានអ្នកស្លាប់តិចតួចបំផុត និងអ្នកឆ្លងក៏មានកម្រិតទាបផងដែរ។ លោកថា បច្ចុប្បន្ននេះ ពលរដ្ឋ​ជាង ៦លាននាក់ទៀត  មិនទាន់បានទៅចាក់វ៉ាក់សាំងដូសទី៣នៅឡើយ ។

ករណីនេះ លោកបានណែនាំឱ្យគណៈកម្មការជំនាញ បង្កើនសកម្មភាពចាក់វ៉ាក់សាំងដូសទី៣ ឱ្យពលរដ្ឋឱ្យបានគ្រប់ៗគ្នា ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ និងងាយស្រួលបើក​ទាំងស្រុងនូវសេដ្ឋកិច្ចសង្គម ពោលគឺការបើកប្រទេសទាំងស្រុងឡើងវិញ។

លោកថ្លែងថា៖ «ខ្ញុំបានណែនាំឱ្យលោកជំទាវ ឱ វណ្ណឌីន អំពីអនុវត្តវិធានការចាក់វ៉ាក់សាំងជូនបងប្អូន ទោះបីថាពេលវេលាមិនទាន់គ្រប់ ក៏យើងអាចចាក់បាន ដើម្បីយើងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវអ្វីដែលយើងមាននៅក្នុងដៃ ដើម្បីពង្រឹងភាពស៊ាំសហគមន៍  និងដើម្បីងាយស្រួលបើកទាំងស្រុង ហើយដែលគ្មានការត្រឡប់ក្រោយនូវសភាពការណ៍ នូវសេដ្ឋកិច្ចសង្គមក្នុងពេលវេលាដែលយើងរៀនរស់នៅជាមួយកូវីដ-១៩។ យើងមិនមានអ្នកស្លាប់ និងមានអ្នកឆ្លងច្រើនទេ ដូចយើងអាចរុញ[សេដ្ឋកិច្ច]ដំណើរការយើងទៅមុខទៀតបាន»។

បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៀតថា ក្រោយពីពិធីបុណ្យចូលឆ្នាំខ្មែរមានអត្រាឆ្លងជំងឺកូវីដ-១៩ តិចតួចបំផុត រដ្ឋាភិបាលកំពុងពិចារណា ដាក់ខេត្ត ឬតំបន់មួយចំនួនទៀត ឱ្យរួចផុតពីកាតព្វកិច្ចពាក់ម៉ាស់ ខណៈខេត្តចំនួន៤ ត្រូវបានរដ្ឋាភិបាលមិនតម្រូវឱ្យពាក់ម៉ាស់ នាដើមខែមេសានេះផងដែរ។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ  មានប្រសាសន៍ថា ដើម្បីឱ្យ សេដ្ឋកិច្ចដំណើរការល្អឡើងវិញ លុះត្រាតែប្រជាពលរដ្ឋ  និងរដ្ឋាភិបាលចូលរួមគ្នាអនុវត្តវិធានសុខាភិបាល ទើបទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានប្រសិទ្ធភាពខ្ពស់ ។

លោកបន្តថា បើសិនជារដ្ឋាភិបាលនិងប្រជាពលរដ្ឋធ្វេសប្រហែស មិនអនុវត្តវិធានការសុខាភិបាលឱ្យបានតឹងរ៉ឹងទេ នោះបញ្ហាឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តកើតមាន ឈានដល់បិទខ្ទប់រាជធានី ខេត្ត ដូចពេលកន្លងមក ដែលនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិជាដើម។

លោកមានប្រសាសន៍ថា«បើសិនជាប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ កាន់តែច្រើន នោះសង្គមរបស់យើងវិលទៅរកភាពមិនប្រក្រតីឡើងវិញ ហើយអាចធ្វើការបិទប្រទេសឡើងវិញ។ ដូច្នេះ បើសិនជាភាគីណាមួយធ្វេសប្រហែសសុទ្ធតែនាំបញ្ហាដល់សង្គម ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅក្នុងសង្គមតែម្តង»

​កាលពីថ្ងៃទី១០ ខែមេសា  លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកំណត់យកខេត្ត៤ រួមមានខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ ដែលជាខេត្តមិនតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់ទៀតនោះឡើយ។

លោកហ៊ុន សែន បន្តថា យ៉ាងណាក៏ដោយ ​ ក៏រាជរដ្ឋាភិបាល ផ្តល់ជម្រើសដល់ប្រជាពលរដ្ឋដើម្បីសម្រេចចិត្តខ្លួនឯងក្នុងការពាក់ ឬមិនពាក់ម៉ាស់នោះ។ លោកបញ្ជាក់ពេលនោះថា សម្រាប់ពលរដ្ឋដែលធ្វើដំណើរចូលទៅទឹកដីខេត្តទាំង៤នេះ មិនចាំបាច់ម៉ាស់នោះទេ ប៉ុន្តែនៅពេលពួកគេធ្វើដំណើរចេញពីទឹកដីខេត្តទាំង៤ នេះវិញ ដាច់ខាតគឺត្រូវតែពាក់ម៉ាស់។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះថា ក្រសួងរកឃើញអ្នកឆ្លងកូវីដ-១៩ ប្រភេទអូមីក្រុង មានចំនួន១៦នាក់ ខណៈអ្នកជំងឺជាសះស្បើយមានចំនួន២៥នាក់ និងគ្មានអ្នកស្លាប់ទេ។

សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩  សរុបចំនួន ១៣៦ ២១៦នាក់  ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១៣២ ៩២១នាក់ និងអ្នកស្លាប់មានចំនួនសរុបចំនួន ៣ ០៥៦នាក់ ។ ចំណែកករណីឆ្លងអូមីក្រុងក្នុងស​ហគមន៍វិញ ក្រសួង​ថាគិត​មកដល់​ពេលនេះបានកើនដល់១៤ ៤១៣នាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ