មន្ត្រី​​UN​៖ ការ​​អនុវត្ត​​ច្បាប់​​ស្តីពី​ «យុត្តិធម៌​​អនីតិជន» មិន​​បាន​​ពេញ​​លេញ ​ធ្វើ​ឱ្យ​​ពន្ធនាគារ​​ចង្អៀត​​ណែន

មន្ត្រី​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ ពេល​ចុះ​ទៅ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ស្តារ​នីតិ​សម្បទា​យុវជន​ថ្មី​មួយ​ស្ថិត​នៅ​ក្នុង​ខេត្តកណ្តាល កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។ (រូប៖ OHCHR)

តំណាង​ស្តីទី​នៃ​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា ការ​អនុវត្ត​ច្បាប់​ស្តីពី «យុត្តិធម៌​អនីតិជន» មិន​បាន​ពេញ​លេញ ធ្វើ​ឱ្យ​កំណើន​អ្នក​ជាប់​ឃុំ​កាន់​តែកើន​ឡើង​នៅក្នុង​ពន្ធនាគារ។

ការលើកឡើងរបស់តំណាងស្តីទីនៃការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី ខ្លៅឌៀ ដឺឡាហ្វ័នតេ (Claudia De La Fuente) បានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរួមគ្នាមួយជាមួយអង្គការ UNICEF ដើម្បីទទួលបានការយល់ដឹងកាន់តែប្រសើរឡើងអំពីហេដ្ឋារចនាសម្ព័ន្ធ និងផែនការរបស់មជ្ឈមណ្ឌលស្តារនីតិសម្បទាយុវជនថ្មីស្ថិតនៅក្នុងខេត្តកណ្តាលកាលពីថ្ងៃទី២១ ខែមេសានេះ។

អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជាបានសរសេរលើហ្វេសប៊ុកនាថ្ងៃសុក្រម្សិលមិញនេះថា  អនីតិជនចំនួន ១ ៣៥៦ នាក់ ដែល​កំពុង​ស្ថិតក្នុងការឃុំឃាំង ដោយ​ភាគច្រើនស្ថិតក្នុងពន្ធនាគារដែលមានភាពចង្អៀតណែន។ ប្រភពដដែលបន្តថា ក្នុងចំណោមចំនួនអនីតិជនសរុប ដែលកំពុង​ជាប់ពន្ធនាគារនៅកម្ពុជានេះ មានចំនួនច្រើនជាងពាក់កណ្តាល កំពុងស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្ន ទាំងដែលពួកគេត្រូវបាន​សន្មត់ថា គ្មានទោសក៏​ដោយ។

ជាមួយគ្នានេះ ច្បាប់ស្តីពីយុត្តិធម៌អនីតិជនរបស់ប្រទេសកម្ពុជា បានអនុញ្ញាតឱ្យមានវិធានការបង្វែរចេញពីប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ និងជាពិសេសពន្ធនាគារ។ ក៏ប៉ុន្តែជាអកុសលច្បាប់នេះ មិនត្រូវបានប្រើប្រាស់ជាប្រចាំឡើយ រហូតមកដល់ពេលនេះ ដែលធ្វើឱ្យការដាក់បន្ទុកលើពន្ធនាគារកម្ពុជាកាន់តែកើនឡើង និងជះឥទ្ធិពលអវិជ្ជមានដល់ជីវិតរបស់កុមារដែលមានទំនាស់ជាមួយច្បាប់។

អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជាបានសរសេរថា៖ «កុមារមិនត្រូវស្ថិតនៅក្នុងពន្ធនាគារនោះទេ មូលហេតុនេះហើយបាន​ជារដ្ឋាភិបាលកម្ពុជាសម្ពោធមជ្ឈមណ្ឌលស្តារនីតិសម្បទាយុវជនថ្មីមួយនៅខេត្តកណ្តាលកាលពីចុងឆ្នាំ ២០២១ នេះ ដើម្បីធ្វើឱ្យឃើញលក្ខខណ្ឌមានភាព​ប្រសើរ​ឡើងដល់អនីតិជនចំនួន ១៣៥៦នាក់ ដែលកំពុងស្ថិតក្នុង ការឃុំឃាំង ដែលភាគច្រើនស្ថិតក្នុងពន្ធនាគារដែលមានភាពចង្អៀតណែន»

ប្រធាននាយកដ្ឋានស្តារនីតិសម្បទាយុវជននៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY) លោក ឌិន បូរី បានថ្លែងថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលបានទទួលក្មេងប្រុសស្នាក់នៅចំនួន ៣២នាក់ ដើម្បីសាកល្បង ប៉ុន្តែមជ្ឈមណ្ឌលនោះ មានសមត្ថភាពទទួលកុមារឲ្យស្នាក់នៅបានដល់ចំនួនក្រោម ១ ០០០នាក់ ឯណោះ។

កាលពីខែសីហា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ​បានបង្ហាញក្ដីកង្វល់ជាខ្លាំង​ចំពោះ​ភាព​ចង្អៀត​ណែនក្នុងពន្ធនាគារ ដែលមាន​អ្នក​ជាប់​ឃុំ​ទូទាំង​ប្រទេសប្រមាណ​៤​០ ០០០​នាក់​​។ លោក​អះអាងនៅពេលនោះថា​ ចំនួន​អ្នក​ជាប់​ឃុំ​កើន​យ៉ាង​គំហុក​ ភាគ​ច្រើន​បណ្ដាល​មក​ពី​ករណី​គ្រឿងញៀន​ ហើយកំណើនអ្នកជាប់ឃុំនោះមិន​សមស្រប​​តាម​ស្ដង់ដារ​មន្ទីរ​ឃុំឃាំង​ ឬមណ្ឌលអប់រំកែប្រែឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ