លោក កឹម សុខា​៖ ​សន្តិភាព​ពិត​ប្រាកដ​អាច​កើត​ឡើង​​ដរាប​ណា​សង្គម​មួយ​មិន​ចាត់​ទុក​អ្នក​មាន​ទស្សនៈ​ខុស​គ្នា​ជា​​សត្រូវ

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ​លើកឡើងថា ដើម្បីឱ្យប្រទេសជាតិមួយទទួលបានសន្តិភាពពិតប្រាកដ និងយូរអង្វែង គឺទាល់តែសង្គមនោះ​អាចទទួលយកបាននូវទស្សនៈខុសគ្នា ដោយមិនចាត់ទុកគ្នាជាសត្រូវ ព្រមទាំងគោរពសិទ្ធិមូលដ្ឋានរបស់មនុស្សគ្រប់រូប និងគ្រប់និន្នាការនយោបាយ។ ​

ក្នុងឱកាសខួបទី៤៧ឆ្នាំ(១៧ មេសា ១៩៧៥-១៧ មេសា ២០២២) ដែលរបបខ្មែរក្រហម ​ ដឹកនាំដោយ ប៉ុល ពត និងក្រុមអ្នកនយោបាយនៃគណបក្សកុម្មុយនិស្តនិយមឡើងកាន់អំណាចនៅកម្ពុជា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ​ បានផ្ញើសារនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃ១៧ ខែមេសា ឆ្នាំ២០២២នេះថា រូបលោក និងក្រុមគ្រួសារធ្លាប់រស់នៅ និងជាអ្នករងគ្រោះយ៉ាងឈឺចាប់ដូចពលរដ្ឋខ្មែររាប់លាននាក់ ដោយសារការដឹកនាំនៃរបបកុម្មុយនីស្ត​នោះ។

លោកបន្តថា ​ក្នុងរបបខ្មែរក្រហមគ្រប់គ្រងនោះ កងកម្លាំងប្រដាប់អាវុធ បានចូលមកក្នុងផ្ទះចាប់ចងឪពុកនៅចំពោះមុខទាំងកណ្តាលអធ្រាត្រ ហើយយកទៅវាយសម្លាប់ យ៉ាងអយុត្តិធម៌ ដោយសារពួកគេដឹងថា ឪពុកលោកធ្លាប់ធ្វើជាមន្ត្រីរាជការពីជំនាន់មុន។

លោកបន្ថែមថា ​ ការ​ចាត់ទុក អ្នកដែលមានទស្សនៈផ្សេង ឬ មាននិន្នាការនយោបាយផ្សេងជាសត្រូវ បាននាំអោយរបបខ្មែរក្រហម រំលោភសិទ្ធិមូលដ្ឋាន សិទ្ធិពលរដ្ធ និងសិទ្ធិនយោបាយយ៉ាងធ្ងន់ធ្ងរ រហូតឈានទៅដល់ការប្រល័យពូជសាសន៍។

​លោក កឹម សុខា បញ្ជាក់ថា៖« ដូច្នេះហើយបានជាខ្ញុំយល់ច្បាស់ណាស់ថា សន្តិភាពពិតប្រាកដកើតមានឡើងតែពេលណាដែលសង្គមមួយ អាចទទួលយកបាននូវទស្សនៈខុសគ្នា មិនចាត់ទុកគ្នាជាសត្រូវ និងគោរពសិទ្ធិមូលដ្ឋានរបស់មនុស្សគ្រប់រូប និង គ្រប់និន្នាការ»។ ​

ផ្ទុយទៅវិញ ប្រភពដដែលអះអាងថា បើថ្នាក់ដឹកនាំ កំចាត់ និងបំបាត់អ្នកដែលមានទស្សនៈផ្សេង អាចត្រឹមតែបង្កើតបានភាពស្ងប់ស្ងាត់បណ្តោះអាសន្នប៉ុណ្ណោះ  ព្រោះក្នុងសង្គមនីមួយៗមនុស្សតែងតែមានទស្សនៈផ្សេងៗគ្នា។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មិនចាប់អារម្មណ៍នឹងការលើកឡើងរបស់លោក កឹម សុខា នោះទេ  ដោយថាជាការបញ្ចេញទស្សនៈផ្ទាល់ និងគ្រាន់តែជាសិទ្ធិរបស់គាត់តែប៉ុណ្ណោះ ។ លោកបន្តថា បច្ចុប្បន្ននេះ កម្ពុជាមានស្ថិរភាព សុខសន្តិភាពយ៉ាងពេញលេញ ស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ។

លោកមានប្រសាសន៍ថា«កម្ពុជាកំពុងគ្រប់ដណ្តបដោយសន្តិភាព ស្ថិរភាពនយោបាយ ហើយប្រជាជនកំពុងរស់នៅប្រកបដោយសុខសន្តិភាព សុខុដុមរមនា នៅក្នុងសង្គមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល ដោយសារយើងគោរពតាមគោលការណ៍ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ដែលកើតចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ពលរដ្ឋមានសិទ្ធិពេញលេញបន្ទាប់ពីយើងបានផ្តួលរំលំរបបប្រល័យពូជសាសន៍ឆ្នាំ១៩៧៩»

​នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មានប្រសាសន៍ថា ជាទូទៅថ្នាក់ដឹកនាំ ឬអ្នកនយោបាយមិនដែលលើកឡើងពីផលអវិជ្ជមានរបស់ខ្លួនបង្ហាញប្រជាពលរដ្ឋម្ចាស់ឆ្នោតនោះទេ  គឺតែងតែលើកតម្កើងពី​ស្នាដៃដែលខ្លួនកសាងកន្លងមក។ លោកថា ជាក់ស្តែង ​គណបក្សកាន់អំណាចតែងតែលើកឡើងថា កម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយល្អ ជាដើម  ប៉ុន្តែលោកថា អ្នកដែលជឿលើការលើកឡើងនោះ អាស្រ័យលើភាពជាក់ស្តែងក្នុងសង្គម។

លោក សេក សុជាតិ មានប្រសាសន៍បន្តថា ប្រទេសដែលប្រកាន់លទ្ធិប្រជា​ធិបតេយ្យត្រូវមានការគោរពសិទ្ធិពលរដ្ឋជាមូលដ្ឋានស្របតាមច្បាប់ ទើបជៀសផុតពីកលយុគ្គ ឬសង្គ្រាមជាដើម។

លោកមានប្រសាសន៍ថា«មានតែផ្តល់សិទ្ធិ និងសេរីភាពបរិបូរណ៍ទៅឱ្យប្រជាពលរដ្ឋតាមរដ្ឋធម្មនុញ្ញ ឬតាមច្បាប់ដែលបានចែងនៅក្នុងប្រទេសទេ ទើបធ្វើឱ្យសង្គមរបស់យើង ជាសង្គមមួយជៀសផុតពីអសន្តិសុខ ឬជៀសផុតពីកលយុគ្គផ្សេងៗនៅក្នុងសង្គមហ្នឹងបាន»

របបខ្មែរក្រហម ដែលមានឈ្មោះជាផ្លូវការថា របបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានគេកំណត់ក្នុងការទទួលបានជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ឬ លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដោយគ្រប់គ្រងបានរាជធានីភ្នំពេញ និងចាប់ផ្តើមជម្លៀសពលរដ្ឋចេញពីភ្នំពេ​ញនៅថ្ងៃនោះតែម្តង។

ក្រោយឡើងកាន់អំណាចបានរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលត្រូវបានគេមើលឃើញថាជោគជាំដោយការរំលោភសិទ្ធិមនុស្ស ការសម្លាប់ពលរដ្ឋខ្លួននិងជនបរទេស​ ការហូបចុកមិនគ្រប់គ្រាន់ និងគ្មានសេរីភាពស្ទើរទាំងស្រុងផងនោះ របបកុម្មុយនីស្ត ប៉ុល ពត ក៏ត្រូវបានដួលរលំទៅវិញ បន្ទាប់ពីវៀតណាមលើកទ័ពជាច្រើនម៉ឺននាក់ចូលកម្ពុជា និងមានការចូលរួមពីសំណាក់ខ្មែរមួយក្រុមផងដែរ។

របបខ្មែរក្រហមក៏ត្រូវបានដួលរលំទៅវិញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោយវៀតណាមវាយយកបានរាជធានីភ្នំពេញ និងលើកបន្តុបខ្មែរមួយក្រុមជាអ្នកដឹកនាំរដ្ឋាភិបាលបន្ត ក្រោមឈ្មោះផ្លូវការថា«របបសាធារណរដ្ឋប្រជាមានិតកម្ពុជា» ដែលមានលោក ប៉ែន សុវណ្ណ ជានាយករដ្ឋមន្ត្រី ឬជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី។

ក្រោយលោក ប៉ែន សុវណ្ណ ត្រូវបានចាប់ខ្លួននៅចុងឆ្នាំ១៩៨១ យកទៅឃុំខ្លួននៅវៀតណាម​រួចមក វៀតណាមក៏បានលើកបន្តុប លោក ចាន់ ស៊ី ​​​ជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី ឬជានាយករដ្ឋមន្ត្រី​នៃ​របប​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា ប៉ុន្តែលោកបាន​ស្លាប់​​នៅ​ចុង​ឆ្នាំ​១៩៨៤ ហើយតំណែងនាយករដ្ឋមន្ត្រីក្នុងរបបមួយនេះក៏បានធ្លាក់ទៅលើដៃរបស់  ​លោក ហ៊ុន សែន ពេលនោះ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ