លោក​កឹម សុខា៖ ការពង្រឹងផ្ទៃក្នុងជាតិអាចបញ្ចៀសគ្រោះថ្នាក់​ប្រទេស​ពី​ជម្លោះសកលនិងក្នុងតំបន់

លោក កឹម សុខា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅផ្ទះលោក មុនទៅចូលរួមសវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)

មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក កឹម សុខា បានផ្ញើសារថា ការ​ពង្រឹង​ផ្ទៃក្នុង​ជាតិ នឹង​អាច​បញ្ចៀសកម្ពុជា​ពីគ្រោះថ្នាក់នៃជម្លោះពិភពលោក ក្នុង​តំបន់ ខណៈ​លោក​កំពុង​ជាប់​បម្រាម​ធ្វើនយោបាយ​ក្នុង​សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាស​ដែល​បាន​អូសបន្លាយ​ជាង​៤ឆ្នាំ​មក​នេះ។

ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឈានចូលមកដល់នៅថ្ងៃស្អែកនេះ​ លោក​ កឹម សុខា បានសរសេរនៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកនៅ​ថ្ងៃ​ទី១៣ ខែមេសា ឆ្នាំ២០២២នេះ​​ ដោយ​បួងសួងសុំឱ្យ​កម្ពុជា ជារបស់ខ្មែរគ្រប់គ្នា ដោយ​ធានា​បាននូវឯករាជ្យ​ភាព អធិបតេយ្យ​ភាព វឌ្ឍន​​ភាព និង​កិត្យា​នុភាពជាតិ ព្រមទាំងសុំឱ្យពលរដ្ឋខ្មែរ មានឱកាស​រស់​នៅ​ដោយ​សុខដុមរមនា មាន​សិទ្ធិសេរីភាព និងទទួលបាន​នូវប្រយោជន៍សេដ្ឋកិច្ច សង្គម វប្បធម៌ និងនយោបាយ ប្រកប​ដោយ​សមធម៌ និងយុត្តិធម៌។

លោកបន្ត​​ថា​៖ «សូមឱ្យឆ្នាំថ្មីនេះ ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ចាកផុតពីគ្រោះធម្មជាតិ ជំងឺរាតត្បាតទាំងឡាយ ជាពិសេសសូមឱ្យចៀសផុតពីគ្រោះថ្នាក់នៃជម្លោះ ក្នុងពិភពលោក ក្នុងតំបន់ ក៏ដូចជាក្នុងប្រទេសកម្ពុជាផងដែរ។ក៏ប៉ុន្តែសូមឱ្យឆ្នាំថ្មីនេះ នាំមកនូវស្មារតីពង្រីកមិត្ត បន្ថយសត្រូវ ជាពិសេស ស្មារតីពង្រឹង និងពង្រីកសាមគ្គីភាពជាតិខ្មែរ ដែលជាកត្តាជួយទប់ស្កាត់នូវគ្រោះថ្នាក់ទាំងនោះ»

ការផ្ញើសារជូនពររបស់មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយនេះ បានធ្វើឡើងស្របពេលតុលាការកំពុងដំណើរការ​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង«ក្បត់ជាតិ » ឬ «ត្រូវរ៉ូវ​​ជា​​មួយរដ្ឋបរទេស ចង់ផ្ដួលរំលំរដ្ឋាភិបាល»។

លោក កឹម សុខា ដែលត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧​ ហើយ​ចោទ​ប្រកាន់​ថា បាន​ឃុប​ឃិត​ជាមួយ​រដ្ឋ​បរទេស​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​លោក កឹម សុខា បដិសេធ​ចោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ