តុលាការ​បន្ត​សួរ​ដេញដោល​លោក កឹម សុខា អំពី​អង្គហេតុ​ដំណើរការ​បោះឆ្នោត​ឆ្នាំ២០១៣

លោក កឹម សុខា ធ្វើដំណើរចាកចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ (ជន ចាន់រ៉ែន)

តុលាការរាជធានីភ្នំពេញ បាន​បន្តសវនាការជាថ្មីទៀតនៅថ្ងៃពុធនេះ ដោយ​មាន​វត្តមាន​ជន​ជាប់​ចោទ លោក កឹម សុខា ​ស្ថិត​​នៅ​​ក្នុង​​រង្វង់​​ក្រចកសេះ ដូចសព្វមួយដង ខណៈ​ដែល​សវនា​ការ​ជុំទី៣៦​នេះ តុលាការ​បាន​បន្ត​ដំណើរការ​​​សួរ​​​ដេញដោល​ឈានដល់អង្គហេតុ​ដំណើរការបោះឆ្នោត​២០១៣។

នៅក្នុងអង្គសវនាការ តំណាងអយ្យការ លោក ប្លង់ សុផល បាន​ស្នើសុំ​តុលាការ​ដើម្បី​អង្កន់​សំណួរ​ឱ្យ​បាន​ល្អិត ទាំង​​​​​​ក្នុងដំណាក់កាលមុនបោះឆ្នោត ដំណាក់​កាល​បោះ​ឆ្នោត និង​ក្រោយ​ពេល​បោះ​ឆ្នោត។

​​ឆ្លើយ​​​តប​​​​​​​រឿង​នេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ​ លោក កូយ សៅ ដែល​ដឹក​នាំ​អង្គ​សវនាការនេះ បាន​ឯក​​​ភាព ដោយថ្លែងថា នេះជាអ្វីដែលតុលាការបានដាក់ឱ្យដំណើរការតាំងពីដំណាក់កាល​ជំនុំ​​ជម្រះ​​មក​​ម៉្លេះ​​។

ក្រោយពីប្រធានក្រុមប្រឹក្សាជំនុំជម្រះបើកផ្លូវឱ្យមានការសួរដេញដោល តំណាងអយ្យការម្នាក់​​ទៀ​​ត គឺលោក ឆាយ ហុង បានតាំងសំណួរភ្លាមដែរ ដែលសំណួរនេះគឺផ្ដោតទៅលើ «តើគណបក្សសម​​រង្ស៊ី និងងគណបក្សសិទ្ធិមនុស្ស បានដាក់អ្នកសង្កេតការណ៍ ដើម្បីចូលរួមអង្កេតការណ៍នៅថ្ងៃបោះ​​ឆ្នោត​​​​​​​ដែរ​ទេ?»

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ​​ដែល​ត្រូវ​​បាន​​តុលាការកំពូលរំលាយ បានងើបឈរហើយ​ឆ្លើយ​ថា លោកមិន​បាន​​ចាំទេ មិនដឹងថាតើគណបក្ស​​មាន​ដាក់អ្នក​​ស​ង្កេត​​​​​ការ​​ណ៍ដែរឬទេនៅ​ពេល​នោះ។

បើទោះជាបែបណា សវនា​ការ​ដែល​ប្រើពេល​ពេញ​មួយ​ព្រឹក​នៅថ្ងៃពុធ​នេះ មាន​​សំណួរ​​ជា​ច្រើនដែល​​តំណាង​​អយ្យការ​ទាំង​លោក ប្លង់ សុផល និងលោក ឆាយ ហុង បា​នតាំងសំណួរ​ឱ្យជន​​ជាប់​​ចោ​​ទ គឺលោក កឹម សុខា ឆ្លើយ។ សំណួរ​ភាគច្រើនផ្ដោតលើ​ការដាក់អ្នកសង្កេតការណ៍ ការរៀបចំ​​យុទ្ធ​​សាស្រ្តនិងគោលនយោបាយ ហេតុអីបាន​នៅ​តែប្រើប្រាស់រូបភាពគណបក្សសម​រង្ស៊ី និង​​គ​ណ​​​បក្សសិទ្ធិមនុស្ស បើបក្សទាំងពីរនេះបានរួមបញ្ចូលគ្នារួចទៅហើយនោះ។

អំឡុងពេល​​​សវនាការនោះ គេ​សង្កេតឃើញ​​​មានភាពតានតឹង​កាន់តែក្ដៅៗទៅរវាង​ភាគី​នៅ​ក្នុង​រឿង​ក្ដីនេះ ខណៈ​លោក កឹម សុខា ព្យាយាមឆ្លើយតបទៅតំណាងអយ្យការថា រាល់​សំណួរ​ដែល​តាំង​​​ឡើង​​​នេះ គឺ​​លោកបានឆ្លើយអស់ហើយ។ ប៉ុន្តែ​តំណាងអយ្យការនៅតែ​ទទូច​សួរ​ហើយ​សួរ​ទៀត រហូត​​​​​ធ្វើ​​ឱ្យ​លោក កឹម សុខា ស្នើឱ្យតុលាការ​ដាក់លិខិតទៅ​ស្ថាប័នជាតិរៀបចំការបោះឆ្នោត ព្រោះ​សំណួរ​​​ទាំង​​នោះភាគច្រើនទាក់ទិននឹង​បច្ចេកទេស។

យ៉ាងណា ដើម្បីសម្រួលភាពប្រឈមមុខដាក់គ្នានៅក្នុងបន្ទប់ជំនុំជម្រះនេះ ប្រធានក្រុមប្រឹក្សា​​ លោក កូយ សៅ សន្យាថានឹងដាក់លិខិតទៅ គ.ជ.ប ដើម្បីស្នើសុំថាតើគណបក្សទាំងពីរបានដាក់​​​អ្នក​​សង្កេតការណ៍នៅអំឡុងឆ្នាំ២០១២​ដែរ​ឬទេ។ នៅមានសំណួរផ្សេងទៀតដែល​ផ្ដោត​​លើ​​ភាព​មិន​ប្រក្រតីនៃដំណើរការបោះឆ្នោត​ក្នុងឆ្នាំ២០១៣ ដែលចំណុចខ្លះ តុលាការបានភ្ជាប់​​សំ​​ណួ​រ​​ទៅនឹង​របាយ​​កា​​រណ៍​របស់អង្គការ​ខុមហ្រ្វែលជាមួយផង។

សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ បានថ្លែង​ថា ការដែលគណបក្សលើកឡើង​ពីភាពមិន​​ប្រ​​ក្រ​​​តី​នៃដំណើរការបោះឆ្នោតនេះ មិនមែនគណបក្សយោងតែទៅលើរបាយការណ៍​របស់ «ខុម​​ហ្រ្វែ​​ល» ទេ គឺនៅមានរបាយការណ៍អង្កេតពីអង្គការដៃគូផ្សេងទៀតដែរ។ មួយវិញទៀត គណបក្ស​​បាន​​​រក​ឃើញ​ពីភាព​មិន​ប្រក្រតី​នៃការបោះឆ្នោតនេះ នៅមុនរបាយការណ៍​របស់​អង្គ​ការ​ខុម​​​ហ្រ្វែ​​លរក​ឃើញ​ទៅទៀត។

អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ​ នៃអង្គការ​ខុម​ហ្រ្វែល លោក កន សាវាង្ស ឱ្យដឹង​ថា ​របាយ​ការណ៍​ដែល​បាន​ចេញ​ផ្សាយ​រួច​ហើយ​នេះ ពិតជាបានរួមចំណែកពីសកម្មភាពនៃ​​ដំណើ​រ​​កា​​រ​បោះឆ្នោត។ ជាងនេះទៀត លោកហាក់មិនទាន់បានដឹងថាតើ​ចំណុចណាខ្លះនៃរបាយការណ៍ដែលត្រូវបានតុលាការភ្ជាប់ទៅជាមួយ ដើម្បីដាក់ឱ្យមានការដេញដោល​លើអង្គហេតុនេះឡើយ​​។​​

តែ​​យ៉ាង​​ណា លោក កន សាវាង្ស ថារបាយការណ៍ដែលអង្គការ​ខុមហ្រ្វែលចេញនៅ​​មុនការ​​បោះ​​ឆ្នោត​ឆ្នាំ២០១២ គឺ​​ផ្អែកលើ​​ប្រ​​ភ​ព​​ច្បាស់លាស់។

លោកបន្តថា៖ «រាល់របាយការណ៍​របស់​យើង​ពឹង​ផ្អែក​ទៅ​លើ​ភាព​ត្រឹម​ត្រូវ។ យើង​ពឹង​ផ្អែក​ទៅ​លើ​អ្វី​ដែល​​​យើង​បាន​សង្កេត និង​ការមើលឃើញតាមរយៈអ្នកសង្កេតការណ៍របស់ ខុមហ្រ្វែល និងតាម​​រយៈ​​​អង្គការដៃគូ​នៃការស្រាវជ្រាវ»។

ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន​​នៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្រោយចេញពីបន្ទប់​​ជំនុំ​​​ជម្រះ​​​​​ លោក ផែង ហេង សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា​ បញ្ជាក់​ថា តាម​ពិត​ទៅ ​អង្គ​ហេតុ​ដែល​​​តំណាង​អយ្យការតាំង​សំណួរ​​ឡើងនៅក្នុងអង្គសវនាការ​នេះ មិនឆ្លុះបញ្ចាំង​​ពីបទ​ចោទ​​ប្រ​​ឆាំង​​​​​លោ​ក កឹម សុខា ទាល់តែសោះ។ លោក​ថា សំណួរទាំងនោះគួរសួរទៅ គ.ជ.ប វិញ។

បើតាមលោក ផែង ហេង យោងលើ​បទចោទ គឺកូនក្ដីរបស់ខ្លួនរងការចោទប្រកាន់ពីបទ «សន្និដ្ឋិភាព» ឬ «ត្រូវរ៉ូវ​​ជា​​មួយរដ្ឋបរទេស ចង់ផ្ដួលរំលំរដ្ឋាភិបាល»។ ប៉ុន្តែសំណួរលើសលុបផ្ដោទៅលើ​បទបញ្ជា នីតិ​វិធី និងបច្ចេកទេស​នៃដំណើរការបោះឆ្នោតទៅវិញ ដែល​នេះអាច​ជាមូល​ហេតុ​ដែល​នាំ​ឱ្យ​សវនាការ​ចេះ​តែបន្តអូសបន្លាយ។

លោកបន្តថា៖ «មុននឹងរៀបបិទបញ្ចប់មុននេះ ខ្ញុំក៏បានធ្វើកត់សម្គាល់ថា ដីកាដំណោះស្រាយ ឬ​ដី​​​​កាបញ្ជូនមកជំនុំជម្រះ គឺចោទពីបទ សន្និដ្ឋិភាពភាពជាមួយរដ្ឋបរទេស ហើយសំណួរ​​ហាក់ដូចជា​​សួ​រទៅតែរឿងបោះឆ្នោត ហើយដែលសំណួរបែបនេះ គួរតែហៅអ្នកបច្ចេកទេសមកបំភ្លឺ»។

ដោយឡែក អ្នកសម្របសម្រួល​គម្រោងបង្កើតការគោរពសិទ្ធិមនុស្ស​នៅកម្ពុជា លោក រស់ សារ៉ាត់ មាន​ជំ​នឿ​​ថា​ របាយការណ៍ដែលចេញដោយ​អង្គការខុមហ្រ្វែល ពិតជាមានភាពរឹងមាំ ហើយ​​​មាន​​អំ​​​ណះ​​​​អំ​​ណាង​​​​ត្រឹមត្រូវ។

លោកបន្តថា៖ «ខ្ញុំយល់ថា អង្គការ ដូចជាអង្គការ​ខុមហ្រ្វែលជាដើម គាត់​មាន​វិជ្ជា​ជីវៈ​របស់​គាត់​ត្រឹម​​​ត្រូវ។ ហើយ​ការឃ្លាំមើលពីនីតិវិធីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតហ្នឹង គឺមុន​​នឹង​ចេញ​របាយ​​​ការ​​ណ៍ ​​ខ្ញុំជឿថា ពិតជាមានការសិក្សាស្រាវជ្រាវច្បាស់លាស់របស់គាត់»។

តុលាការ​បានកំណត់សវនាការនៅថ្ងៃបន្ទាប់ នឹងប្រព្រឹត្តទៅ​នៅថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២២ ខាង​មុខ​នេះ។ សម្រាប់សង្គមស៊ីវិល​ដែលឃ្លាំមើលពីសវនាការ លោក រស់ សារ៉ាត់ យល់ឃើញថា ការបន្ត​អូស​បន្លាយ​ពេល​វេលា​ដ៏យូរបែបនេះ នឹងធ្វើឱ្យប៉ះពាល់សិទ្ធិជនជាប់ចោទ​កាន់តែ​​​ខ្លាំង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ